ការប្រគុំតន្ត្រី Solo ដំបូងរបស់ក្រុមចម្រៀងបុរសដ៏ល្បីលំដាប់ប្រទេស La Cima Cartel បានបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ។ ទស្សនិកជនបានទិញសំបុត្រចូលទស្សនារាប់ពាន់នាក់ ដើម្បីបានឃើញ Idol ល្បីៗជាច្រើនសម្ដែងនៅលើឆាកតែមួយ ជាពិសេសវត្តមានរបស់តារារ៉េបទាំង ៧នាក់ប្រចាំក្រុម La Cima Cartel បានធ្វើឱ្យការប្រគំតន្ត្រីដ៏អស្ចារ្យមួយនេះកក្រើកខ្លាំងទ្វេដង។
ការប្រគុំតន្ត្រី «La Cima Cartel x Grab: Next Level» ដែលបានធ្វើឡើងនៅក្នុង Hall ផ្សារទំនើបអ៊ីអនសែនសុខ ពិតជាកក្រើកមិនធម្មតាឡើយ ដោយមានការចូលរួមពីទស្សនិកជនប្រមាណជិត ៣០០០នាក់។ សម្រែកហ៊ោកញ្ជៀវលាន់កងរំពង ពេលដែលវត្តមានតារាល្បីៗជាច្រើនបានបង្ហាញខ្លួន។ ក្នុងនោះមានការចូលរួមពីតារាជាតិ និងអន្តរជាតិជាច្រើនរួមមាន៖ MONETREY EK, JADY, SOPHIA KAO , TEP PISETH & NPN និងជាពិសេសតារារ៉េបស្រីដ៏ល្បីប្រចាំអាស៊ានគឺកញ្ញា Milli។ ពួកគេបានលើកយកនូវល្បីៗមកសម្ដែងជាមួយ Show ពិសេសៗធ្វើឱ្យទស្សនិកជន រំភើបរីករាយ រាំលេងយ៉ាងសប្បាយ។
អ្វីដែលកាន់តែពិសេសនោះ គឺវត្តមានរបស់កំលោះសង្ហាៗទាំង ៧នាក់របស់ La Cima Cartel ដែលជា Headliner នៃការប្រគុំតន្ត្រីខាងលើនេះ បានលើកយកបទល្បីៗមិនតិចជាង ២០បទឡើយ មកច្រៀងផ្ទាល់ អមជាមួយចង្វាក់ភ្លេងដ៏រន្ថើន និងឆាកដ៏អស្ចារ្យ នាំឱ្យការប្រគុំតន្ត្រីមួយនេះ ក្លាយជាការចងចាំមិនអាចបំភ្លេចបានសម្រាប់ក្រុមអ្នកគាំទ្ររបស់ពួកគេ។ ដ្បិតថា កន្លងទៅពួកគេធ្លាប់បានបង្ហាញខ្លួនជាច្រើនដង លើឆាកតន្ត្រីនានារួចមកហើយ តែការប្រគំតន្ត្រីលក្ខណៈពិសេសបែបនេះ គឺជាអ្វីដែលអ្នកស្នេហាវិស័យរ៉េប ជាពិសេសហ្វេនៗរបស់ La Cima Cartel ប្រាថ្នាចង់ឃើញជាយូរមកហើយ។
យ៉ាងណាមិញ ក្រោយចប់ការប្រគុំតន្ត្រី «La Cima Cartel x Grab: Next Level» ដ៏ជោគជ័យរួចមក ក្រឡេកទៅមើលទំព័រហ្វេសប៊ុកផេករបស់ក្រុមចម្រៀង La Cima Cartel បានបង្ហើបថា អាចនឹងមានការប្រគុំតន្រី Solo របស់កំលោះសង្ហាទាំង ៧នាក់ នៅតាមបណ្ដាខេត្តទៀត។ ដូច្នេះមានតែរង់ចាំអ៊ុតមើលទាំងអស់គ្នា ថាតើ Idol របស់ហ្វេនៗនឹងមានការប្រគុំតន្ត្រីទោលអស្ចារ្យបែបនេះ នៅខេត្តណាបន្ទាប់ទៀត?