កំពូលតារាចម្រៀងប៉ុបអាមេរិក Katy Perry ដែលប្រិយមិត្តជាច្រើនបានស្គាល់តាមរយៈបទចម្រៀងល្បីៗដូចជា “Roar” និង “Dark Horse” បានប្រកាសចេញអាល់ប៊ុមថ្មីដំបូងក្រោយរយៈពេល ៤ឆ្នាំ ចាប់តាំងពីអាល់ប៊ុម “Smile” ក្នុងឆ្នាំ២០២០ ។

ក្រោយខកខានចេញអាល់ប៊ុមថ្មីអស់រយៈពេលជាង ៤ ឆ្នាំ ពេលនេះ Katy Perry បានប្រកាសពីការវិលត្រលប់ទ្រង់ទ្រាយធំជាមួយអាល់ប៊ុមមួយមានឈ្មោះថា “143” ដែលត្រៀមនឹងចេញផ្សាយ នៅថ្ងៃទី ២០ ខែកញ្ញា។
តារាវ័យ ៣៩ឆ្នាំរូបនេះបានបញ្ជាក់អំពីការប្រកាសចេញបទចម្រៀងថ្មីរបស់នាងតាមរយៈការបង្ហោះលើបណ្ដាញសង្គមថា៖ “ខ្ញុំបានបង្កើតអាល់ប៊ុមចម្រៀងប៉ុបញាក់ៗដែលបង្ហាញពីភាពក្លាហាន រស់រវើក និងប្រៀបដូចជាអបអរធំមួយ។ ខ្ញុំនឹងប្រើលេខ 143 ជានិមិត្តសញ្ញានៃក្តីស្រលាញ់ និងជាការលើកទឹកចិត្តដ៏សំខាន់របស់ខ្ញុំ”។ គួរបញ្ជាក់ថា 143 គឺជាលេខកូដសម្ងាត់សម្រាប់ពាក្យថា ‘ខ្ញុំស្រលាញ់អ្នក’ ដែលគេនិយមប្រើតាមរយៈការផ្ញើសារក្នុងអំឡុងដើមទសវត្សរ៍ឆ្នាំ ១៩៩០។


មានការបង្ហើបផងដែរថា បទចម្រៀង១បទពីអាល់ប៊ុមនេះមានចំណងជើងថា “Woman’s World” អមដោយវីដេអូចម្រៀង នឹងត្រូវចេញផ្សាយ នៅថ្ងៃទី ១២ ខែកក្កដា មុនអាល់ប៊ុមពេញចេញផ្សាយជាផ្លូវការ ។
គួររំឭកថា អាល់ប៊ុមមុនរបស់នាងមានចំណងជើងថា “Smile” ដែលចេញកាលពីខែសីហា ឆ្នាំ២០២០បានទទួលការគាំទ្រតិចបំផុតប្រៀបធៀបនឹងអាល់ប៊ុមមុនៗរបស់នាង ដោយអាចជាប់ត្រឹមចំណាត់ថ្នាក់ទី ៥ លើតារាង Billboard 200។ ដូច្នេះ មានតែរង់ចាំមើលទាំងអស់គ្នាថាតើបទថ្មី លើកនេះនឹងមានលក្ខណៈពិសេសបែបណា និងអាចក្លាយទទួលបានភាពល្បីល្បាញគ្រប់គ្រាន់នឹងស្ដារកេរ្តិ៍ឈ្មោះរបស់នាងក្នុងនាមជានិមិត្តរូបតំណាងតន្ត្រីប៉ុបបន្តទៀតដែរឬយ៉ាងណា ៕



























Account
Security
Favourite Content