កាលពីម៉ោង ១១ ព្រឹកមិញនេះ Jungkook សមាជិកក្មេងជាងគេរបស់ BTS បានបញ្ចេញស្នាដៃទោលទីពីររបស់ខ្លួន គឺបទ ‘3D’ ឱ្យ ARMYs ជុំវិញពិភពលោកបានស្តាប់ និងទស្សនាវីដេអូចម្រៀងព្រមៗគ្នា រយៈពេល ២ ខែ បន្ទាប់ពីបទចម្រៀងទោលដំបូង ‘Seven’ របស់គេបានចេញកាលពីខែកក្កដាកន្លងទៅ។
តាមរយៈបទចម្រៀងនេះ Jungkook នៅតែបញ្ចេញពន្លឺចែងចាំងជាមួយនឹងស្ទីលតន្ត្រីរបស់គេដែលរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងចង្វាក់ POP ជាមួយ R&B។ ហើយមិនត្រឹមតែប៉ុណ្ណោះ គេក៏បានអញ្ជើញតារារ៉េបល្បីឈ្មោះជាអ្នកឈ្នះពានរង្វាន់ Billboard Music Award គឺ Jack Harlow មកចូលរួមនៅក្នុងបទចម្រៀងនេះផងដែរ។

សម្រាប់អ្នកដែលធ្លាប់រំភើបចិត្តនឹងបទ ‘Seven’ សូមធានាថាលើកនេះនឹងមានអារម្មណ៍រំភើបខ្លាំងជាងហ្នឹងទៅទៀត ព្រោះ Jungkook នៅតែពូកែបង្ហាញចរិតតួអង្គគួរឲ្យស្រលាញ់ ភាពក្រមិចក្រមើមតាមរយៈទំនុកចម្រៀង ដែលប្រាប់ពីអារម្មណ៍ឆ្កួតវក់វីនឹងស្នេហា ធ្វើឱ្យអ្នកស្ដាប់រីករាយនឹងបទចម្រៀងផងនឹកដល់ពេលវេលានៅជិតមនុស្សជាទីស្រឡាញ់ផង។ នៅក្នុងវីដេអូចម្រៀងទៀតសោតក៏ តារាវ័យ ២៦ឆ្នាំរូបនេះនៅតែធ្វើបានល្អ ជាមួយនឹងការច្រៀង និងរាំយ៉ាងពេញទំហឹង។
បន្ទាប់ពីចេញបទចម្រៀងបានត្រឹមតែ ២ ម៉ោង បទនេះក៏ធ្វើឱ្យ Jungkook អាចបំបែកកំណត់ត្រាជាសិល្បករកូរ៉េដែលជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង iTunes ក្នុងប្រទេសអង់គ្លេសលឿនបំផុត ហើយក៏បានឈានដល់លេខ ១ នៅលើតារាង iTunes ជាង ៣០ ប្រទេសជុំវិញពិភពលោក ៕
























Account
Security
Favourite Content