ក្រុមចម្រៀងស្រី IVE បាននិងកំពុងបង្ហាញសមត្ថភាពផ្នែកតន្ត្រីកាន់តែអស្ចារ្យរបស់ពួកគេតាមរយៈការចេញបទចម្រៀងថ្មីមានចំណងជើងថា “HEYA” ប៉ុន្តែទន្ទឹមនឹងនោះក៏មានភាពចម្រូងចម្រាសដែរ ខណៈអ្នកលេងអ៊ីនធឺណិតពីប្រទេសចិនបានចោទប្រកាន់ថាបទថ្មីរបស់ពួកគេបាន «លួចវប្បធម៌ចិន»។
នៅថ្ងៃទី ២៩ ខែមេសា IVE បានចេញអាល់ប៊ុម EP ទីពីររបស់ពួកគេមានចំណងជើងថា IVE SWITCH រួមជាមួយនឹងវីដេអូចម្រៀងបទនាំមុខមានចំណងជើងថា “HEYA” ។ វីដេអូចម្រៀង “HEYA” បានបញ្ចូលធាតុផ្សេងៗនៃវប្បធម៌ប្រពៃណីកូរ៉េ រាប់ចាប់ពីការតុបតែងឆាក រហូតដល់សម្លៀកបំពាក់ដែលមានគ្រឿងប្រើប្រាស់បែបបុរាណរបស់កូរ៉េ និងឈុត Hanbok ដែលបង្កើនភាពទាក់ទាញថែមួយកម្រិតទៀតក្នុងនាមជាអ្នកតំណាង K-pop ពិតប្រាកដ។ សមាជិកក្រុម An Yujin បានចែករំលែកគំនិតរបស់នាងអំពីបទថ្មីនេះថា៖ “HEYA” មានអត្ថន័យជាពិសេសព្រោះយើងបានថតវីដេអូចម្រៀង និងរៀបចំសម្លៀកបំពាក់ជាមួយនឹងប្រធានបទបែបកូរ៉េ”។
ទោះជាយ៉ាងណាក៏ដោយ ប្រតិកម្មបានលេចឡើងនៅលើបណ្ដាញសង្គមរបស់ចិនដូចជា Weibo ដោយមហាជនចិនមួយចំនួនបានចោទប្រកាន់ថា វីដេអូចម្រៀងថ្មីនេះបាន “លួចវប្បធម៌ចិនយ៉ាងសាហាវ” និងប្រើប្រាស់សម្ភារប្រពៃណីរបស់ចិនមិនបានត្រឹមត្រូវដូចជា ខ្សៀ ផ្លិត និងខ្សែបន្តោងផ្សេងៗជាដើម។ ការរិះគន់នេះបានហូរហៀទៅដល់គណនី Instagram របស់ផលិតករ MV ជាមួយនឹងមតិផ្សេងៗដូចជា “គួរតែចេះខ្មាស់គេផង” ដោយលើកហេតុផលថាកូរ៉េកំពុងកេងប្រវ័ញ្ចវប្បធម៌ចិនតាមរយៈ K-pop ។
ទោះបីជាមានភាពចម្រូងចម្រាសក៏ដោយ តែវីដេអូចម្រៀង “HEYA” ទទួលបានការចូលមើលជាង ៩,២ លានដងក្នុងរយៈពេលត្រឹមតែ ១៤ ម៉ោងក្រោយចេញផ្សាយ ដែលបង្ហាញថាការចាប់អារម្មណ៍លើសមិទ្ធិផលថ្មីរបស់ IVE នៅតែមានកម្រិតខ្ពស់ក្នុងចំណោមអ្នកគាំទ្រទូទាំងពិភពលោក ៕