បន្ទាប់ពីបង្ហាញមុខក្នុងក្រុម EXO អស់រយៈពេល ១២ ឆ្នាំ ពោលគឺតាំងពីខែមេសា ឆ្នាំ២០១២នៅពេលនេះ Chanyeol ក៏បានចាប់ផ្ដើមអាជីពទោលរបស់ខ្លួន តាមរយៈការចេញអាល់ប៊ុមទោលដំបូង ព្រមជាមួយវីដេអូចម្រៀងមានចំណងជើងថា “Black Out”។

ផ្អែកតាមសេចក្ដីប្រកាសព័ត៌មានពីផលិតកម្ម SM តារាចម្រៀងនិងអ្នករ៉េបវ័យ ៣១ឆ្នាំបានចាត់ទុកអាល់ប៊ុមទោលដំបូងនេះជាការចាប់ផ្ដើមជំពូកថ្មីមួយទៀតក្នុងអាជីពរបស់លោក ខណៈដែលលោកមានបំណងបង្ហាញពីតន្ត្រីនិងអ្វីថ្មីៗជាច្រើនទៀតអំពីខ្លួនលោកក្នុងពេលអនាគត។
អាល់ប៊ុមថ្មីដែលទើបតែចេញកាលពីថ្ងៃទី២៨ ខែសីហានេះរួមមានបទចម្រៀងចំនួន ៦ បទរួមមានបទ “Black Out” បទ “I’m on your side too” បទ “Clover” បទ “Hasta La Vista” បទ “East Up” និងបទ “Back Again”។ ក្នុងនោះបទ “Black Out” ដែលជាបទនាំមុខរបស់អាល់ប៊ុមគឺជាចម្រៀងបែប Pop Rock ខណៈទំនុកច្រៀងមានការប្រៀបធៀបអារម្មណ៍ក្រោយបែកបាក់ស្នេហាថាដូចជាស្ថិតក្នុងភាពងងឹត។





ជុំវិញការផលិតអាល់ប៊ុមទោលដំបូងនេះដែរ Chanyeol បានឱ្យដឹងថារូបគេបានទទួលដំបូន្មាននិងការលើកទឹកចិត្តយ៉ាងខ្លាំងពីសំណាក់មិត្តរួមក្រុម ជាពិសេស Suho ដែលជាប្រធានក្រុម EXO។
គួរបញ្ជាក់ដែរថា ក្រៅពីអាជីពចម្រៀង Chanyeol ក៏ធ្លាប់បានសម្ដែងភាពយន្តភាគនិងភាពយន្តខ្នាតធំមួយចំនួនដែរ មានដូចជារឿងភាគ “So I Married an Anti-fan” ដែលបានចាក់ផ្សាយក្នុងឆ្នាំ ២០១៦ រឿងភាគ “Secret Queen Makers” ចាក់ផ្សាយកាលពីឆ្នាំ ២០១៨ និងភាពយន្តខ្នាតធំ “The Box” ដែលចាក់បញ្ចាំងកាលពីឆ្នាំ ២០២១ ជាដើម ៕
























Account
Security
Favourite Content