ថ្មីៗនេះ Jimin សមាជិកក្រុមតារាចម្រៀង BTS កំពុងបង្កើតប្រវត្តិសាស្ត្រជាបន្ដបន្ទាប់ ខណៈដែលបទចម្រៀងចុងក្រោយរបស់លោកបានឈានដល់កំពូលតារាង iTunes នៅជាង ១០០ ប្រទេស។

បន្ទាប់ពីការចេញផ្សាយបទចម្រៀងទោលរបស់ Jimin មានចំណងជើងថា “Closer Than This” នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ជាអំណោយជូនអ្នកគាំទ្រក្នុងពេលបំពេញកាតព្វកិច្ចយោធាហើយ ភ្លាមៗនោះបទចម្រៀងមួយនេះបានហក់ឡើងទៅដល់កំពូលតារាង iTunes នៅក្នុងប្រទេសមួយចំនួនជុំវិញពិភពលោកដែលនេះគឺសញ្ញានៃការចេញបទចម្រៀងទោលជោគជ័យរបស់សិល្បករ។


ក្រោយមកនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ បទចម្រៀង “Closer Than This” បានជាប់ចំណាត់ថ្នាក់លេខ ១ នៅកំពូលតារាង iTunes នៅ ១០៦ ប្រទេសដូចជាសហរដ្ឋអាមេរិក ជប៉ុន ចក្រភពអង់គ្លេស បារាំង កាណាដា អាល្លឺម៉ង់ និងបណ្ដាប្រទេសជាច្រើនទៀតដែលរឹតតែបញ្ជាក់អំពីការកើនឡើងនៃប្រជាប្រិយភាពនៃបទចម្រៀងមួយបទនេះ។ លើសពីនេះ បទចម្រៀងឌីជីថលរបស់ Jimin មួយបទនេះបានយកឈ្នះលើបទចម្រៀង “All I Want for Christmas is You” នៅសហរដ្ឋអាមេរិក និង “Last Christmas” នៅចក្រភពអង់គ្លេសទៀតផង។

សមិទ្ធផលថ្មីមួយនេះបានធ្វើឱ្យ Jimin ក្លាយជាតារាខេប៉ុបទោលដំបូងគេ និងតែមួយគត់ដែលអាចឈានឡើងដល់ចំណាត់លេខ ១ លើតារាង iTunes ក្នុងចំណោម ១០០ ប្រទេសជាមួយបទចម្រៀង ៧ បទផ្សេងគ្នាដូចជា “Angel Pt.1”, “Like Crazy”, “Set Me Free Pt.2”, “Vibe”, “With You” និង “Filter” ។
គួរបញ្ជាក់ផងដែរថា គោលបំណងរបស់ Jimin ក្នុងការសរសេរបទចម្រៀង “Closer Than This” គឺលោកចង់បញ្ជូនក្ដីស្រឡាញ់ និងចិត្តនឹករំឭករបស់លោកទៅដល់អ្នកគាំទ្រទាំងអស់អំឡុងពេលលោកឃ្លាតពីពួកគេមួយរយៈដើម្បីបំពេញកាតព្វកិច្ចជូនជាតិ។ ក្នុងបទចម្រៀងនេះផងដែរក៏មានអមមកជាមួយនូវពេលវេលាអនុស្សាវរីយ៍ល្អៗរវាង BTS និងអ្នកគាំទ្រដែលមិនចាកចោលគ្នាតាំងពីការបង្ហាញខ្លួនរហូតមកដល់ពេលបច្ចុប្បន្ន ៕





























Account
Security
Favourite Content