ផលិតកម្ម Singing Beetle បានប្រកាសកាលពីថ្ងៃទី ១៩ ខែមិថុនាថាក្រុមចម្រៀងបុរសថ្មីរបស់ខ្លួនមានឈ្មោះថា 1VERSE (អានថា Universe) នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ១៨ ខែកក្កដាខាងមុខនេះ។

ក្រុមចម្រៀងថ្មីនេះនឹងចេញបទចម្រៀងដំបូងរបស់ពួកគេមានចំណងជើងថា ‘The 1st Verse’ ដោយមានសមាជិកប្រាំនាក់គឺ Hyuk, Seok, Nathan, Kenny និង Aito។ ជាពិសេស ក្រុមនេះទទួលបានការចាប់អារម្មណ៍មុនការបង្ហាញខ្លួនលើកដំបូងរបស់ពួកគេកាលពីឆ្នាំមុន ខណៈជាក្រុមចម្រៀងប្រុសដំបូងដែលមានសមាជិកពីរនាក់មកពីប្រទេសកូរ៉េខាងជើង ធ្វើឱ្យពួកគេក្លាយជាក្រុមតារា K-pop ដំបូងបង្អស់ដែលមានអ្នកភៀសខ្លួនពីកូរ៉េខាងជើងពីរនាក់។
សមាជិកពីរនាក់គឺតារាចម្រៀងរ៉េប Hyuk និងតារាចម្រៀង Seok កំពុងបង្កើតប្រវត្តិសាស្ត្រជាអ្នករត់គេចពីកូរ៉េខាងជើងដំបូងគេដែលបានចូលរួមក្នុងក្រុមតារា K-pop។ ចំណែកសមាជិក ៣ រូបទៀតក៏មិនមែនជនជាតិកូរ៉េខាងត្បូងដែរ ដោយ Nathan និង Kenny មកពីសហរដ្ឋអាមេរិក ចំណែក Aito មកពីប្រទេសជប៉ុន។


នាយកប្រតិបត្តិរបស់ Singing Beetle លោក Michelle Cho បានពន្យល់ថា៖ “ពីក្រុមចម្រៀងថ្មីនេះ អ្នកគាំទ្រអាចរំពឹងទទួលបាននូវអ្វីដែលពិត អ្វីដែលមានថាមពល លើកទឹកចិត្ត និងជំរុញពួកគេបាន។ ការបង្ហាញខ្លួនលើកដំបូងដ៏គួរឱ្យរំភើបនេះនឹងឆ្លុះបញ្ចាំងថាតើ 1VERSE ជានរណា ព្រមទាំងដំណើរដែលជំរុញចិត្តពួកគេដើម្បីមកដល់ចំណុចនេះ និងអនាគតដែលពួកគេត្រៀមខ្លួនបង្កើតឡើង”។
គួរបញ្ជាក់ថា បទចម្រៀងដំបូងរបស់ 1VERSE ដែលមានចំណងជើងថា ‘The 1st Verse’ នឹងចេញផ្សាយនៅថ្ងៃទី ១៨ ខែកក្កដា ដោយវីដេអូចម្រៀងនឹងចាក់ផ្សាយនៅលើឆានែល YouTube ផ្លូវការរបស់ 1VERSE ៕



























Account
Security
Favourite Content