បន្ទាប់ពីផ្អាកការងារក្រុមជាងមួយឆ្នាំកន្លះ និងសម្រុកចេញបទចម្រៀងទោលរៀងៗខ្លួន នៅពេលនេះសមាជិក BLACKPINK បានត្រៀមខ្លនជាស្រេចសម្រាប់ការប្រគំតន្ត្រីទេសចរណ៍ World Tour របស់ពួកគេក្នុងឆ្នាំ២០២៥។
ផលិតកម្ម YG Entertainment បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈនេះ ថាក្រុមចម្រៀងនារីខេប៉ុបដ៏ល្បី BLACKPINK នឹងចាប់ផ្តើមដំណើរប្រគំទេសចរណ៍ពិភពលោកថ្មីនៅឆ្នាំនេះ ប៉ុន្តែមិនទាន់បានផ្ដល់ព័ត៌មានលម្អិតផ្សេងៗដូចជាកាលបរិច្ឆេទ និងទីតាំងសម្រាប់ការសម្ដែងនោះទេ។
ការប្រគំតន្ត្រីទេសចរណ៍លើកនេះនេះនឹងក្លាយជា World Tour ជុំគ្នាលើកដំបូងរបស់ពួកគេក្នុងរយៈពេលមួយឆ្នាំប្រាំខែចាប់តាំងពីការប្រគំតន្ត្រីទេសចរណ៍ “Born Pink” បានរៀបចំពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ដោយកាលនោះបានទាក់ទាញអ្នកគាំទ្រចូលទស្សនាប្រហែល ១,៨ លាននាក់នៅ ៣៤ ទីក្រុងទូទាំងពិភពលោក និងក្លាយជាការប្រគំតន្ត្រីទេសចរណ៍ពិភពលោកខ្នាតធំបំផុតពីក្រុមនារី K-pop។

យ៉ាងណាមិញ ការប្រគំតន្ត្រីរបស់ពួកគេសម្រាប់ឆ្នាំ២០២៥នេះមិនត្រូវបានគេរំពឹងថាអាចកើតឡើងក្នុងឆមាសដំបូងនៃឆ្នាំនេះនោះទេ ខណៈប៉ុន្មានខែខាងមុខនេះសមាជិកក្រុមម្នាក់ៗសុទ្ធតែមានកាលវិភាគមមាញឹកសម្រាប់គម្រោង Solo Album រៀងៗខ្លួន។
ជាក់ស្ដែង មុននេះមួយថ្ងៃគឺកាលពីថ្ងៃទី៥ ខែកុម្ភៈ សមាជិក Jisoo ទើបតែប្រកាសអំពីគម្រោង Fan Meeting ទូទាំងអាស៊ីជាលើកដំបូងរបស់ខ្លួនសម្រាប់អាល់ប៊ុមទោល “Amortage” ដែលត្រៀមចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ដោយបន្ទាប់ពីរៀបចំកម្មវិធីពិសេសនៅទីក្រុងក្នុងថ្ងៃចេញអាល់ប៊ុមនេះ Jisoo នឹងចាប់ផ្ដើមការប្រគំតន្ត្រីសម្រាប់អ្នកគាំទ្រអាស៊ីមានឈ្មោះថា “Lights, Love, Action!” នៅទីក្រុងចំនួនប្រាំពីររួមមានគឺ ម៉ានីល បាងកក តូក្យូ ម៉ាកាវ តៃប៉ិ តៃវ៉ាន់ ហុងកុង និងហាណូយ។
លើសពីនេះ សមាជិក Jennie ក៏កំពុងត្រៀមចេញអាល់ប៊ុមទោលថ្មីមានចំណងជើងថា “Ruby” នៅថ្ងៃទី៧ ខែមីនាខាងមុខនេះ និងមានគម្រោងធ្វើ Solo Tour មួយចំនួនដើម្បីផ្សព្វផ្សាយអាល់ប៊ុមថ្មីនេះដែរ។ តាមរយៈការប្រកាសលើ Instagram Jennie បានបញ្ជាក់ថា នាងនឹងរៀបចំការសម្ដែងទោលចំនួន ៤ នៅទីក្រុង Los Angeles ទីក្រុង New York និងទីក្រុងសេអ៊ូលពីថ្ងៃទី៦ ដល់ថ្ងៃទី១៥ ខែមីនា ៕


























Account
Security
Favourite Content