កំពូលតារាសម្ដែង Angelina Jolie គ្រោងនឹងឡើងទទួលពានរង្វាន់កិត្តិយស ហើយនឹងនាំយកភាពយន្តថ្មីចាស់របស់ខ្លួនព្រមទាំងរឿង “មុនដំបូងខ្មែរក្រហមសម្លាប់លោកប៉ាខ្ញុំ” ទៅចាក់បញ្ចាំងក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្ត Toronto ប្រទេសកាណាដា នាពេលខាងមុខ។

តារាស្រីម្ចាស់ពានអូស្កា Angelina Jolie នឹងត្រូវផ្តល់កិត្តិយសនៅថ្ងៃទី ៨ ខែកញ្ញា នៅឯកម្មវិធីពានរង្វាន់សប្បុរសធម៌ Tribute Awards ដែលរៀបចំដោយមហោស្រពភាពយន្ត Toronto ហើយក៏ត្រៀមនាំយកខ្សែភាពយន្តចុងក្រោយរបស់ខ្លួនមានចំណងជើងថា “Without Blood” ទៅសម្ពោធបញ្ចាំងលើកដំបូងក្នុងកម្មវិធីនេះដូចគ្នា។
ជាស្នាដៃនិពន្ធ ដឹកនាំ និងផលិតដោយ Angelina Jolie ផ្ទាល់ “Without Blood” គឺជាភាពយន្តបែបសង្គ្រាមនិយាយពីដំណើរស្វែងរកការសងសឹក និងព្យាបាលផ្លូវចិត្តរបស់ក្មេងស្រីម្នាក់ក្នុងអំឡុងសង្គ្រាម និងសម្ដែងតួឯកដោយតារាស្រី Salma Hayek។



ទន្ទឹមនឹងភាពយន្តថ្មី ខ្សែភាពយន្តចាស់ៗដែលអ្នកស្រីផលិតរួមមានរឿង “មុនដំបូងខ្មែរក្រហមសម្លាប់លោកប៉ាខ្ញុំ” និងរឿង “The Breadwinner” រួមទាំងភាពយន្តដែលអ្នកស្រីបានចូលរួមសម្ដែងដូចជា “Maleficent”, “Salt” និង “Girl Interrupted” ក៏នឹងត្រូវបញ្ចាំងក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តនេះដូចគ្នា។
ក្រៅតែពីការថតខ្សែភាពយន្ត តារាសម្ដែង Angelina Jolie ត្រូវបានគេស្គាល់ផងដែរសម្រាប់ការងារមនុស្សធម៌ដែលផ្តោតលើជនភៀសខ្លួន សិទ្ធិមនុស្ស ការអភិរក្សបរិស្ថាន ការផ្តល់មូលនិធិដល់សាលារៀន ក៏ដូចជាការងារផ្នែកសុខភាព និងការអប់រំនៅទូទាំងពិភពលោក។
កម្មវិធីមហោស្រពភាពយន្ត Toronto ឆ្នាំ២០២៤ ដែលជាឆ្នាំទី ៤៩ គ្រោងនឹងដំណើរការចាប់ពីថ្ងៃទី ៥ ដល់ទី១៥ ខែកញ្ញាខាងមុខ ហើយប្រាក់ចំណូលដែលរៃអង្គាសបានពីកម្មវិធី Tribute Awards នឹងត្រូវប្រើប្រាស់សម្រាប់មូលនិធិ TIFF Every Story Fund ដែលធ្វើការងារជំរុញឱ្យមានភាពចម្រុះ និងសមធម៌ក្នុងការផលិតភាពយន្ត ៕


























Account
Security
Favourite Content