បើនិយាយពីសិល្បករស្រីដែលជោគជ័យទាំងលើឆាកតន្ត្រីនិងអាជីពសម្ដែង គឺពិតជាមិនអាចរំលង Im Yoon-a ឬ Yoon-a សមាជិក SNSD បានឡើយ។ ក្នុងរយៈពេលជាងដប់ឆ្នាំនៅក្នុងវិស័យសិល្បៈ ស្នាដៃរបស់នាងទាំងចម្រៀង រឿងភាគទូរទស្សន៍ និងភាពយន្តកុនសុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង។ ដូចគ្នាជាមួយរឿងភាគថ្មី Bon Appétit, Your Majesty ដែលនាងបានដើរតួជា Yeon Ji-young មេចុងភៅលំដាប់ Michelin ផ្កាយបីនាក់ដែលបានធ្វើដំណើរឆ្លងពេលវេលាទៅជួបស្ដេចផ្ដាច់ការពូកែភ្លក់ម្ហូបក្នុងសម័យ Joseon ដែលពេលនេះកំពុងទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនភ្លូកទឹកភ្លូកដី មិនថាអ្នកចូលចិត្តមើលរឿងបែបបុរាណ និងអ្នកចូលចិត្តមើលការធ្វើម្ហូប។

ខណៈប្រិយមិត្តជាច្រើនប្រហែលកំពុងរង់ចាំវគ្គបន្ទាប់រឿងនេះយ៉ាងអន្ទះសា ថ្ងៃនេះ AMS សូមនាំគ្រប់គ្នាមកមើលស្នាដៃសម្ដែងចំនួន ៥ របស់ Yoona ដែលមានគ្រប់រសជាតិទាំងកំប្លែង មនោសញ្ចេតនា បាញ់ប្រហារ និងបែបគ្រោះមហន្តរាយ ស្ដែងឱ្យឃើញពីទេពកោសល្យដ៏សម្បូរបែបរបស់នាង។
១. រឿងភាគ “You Are My Destiny” ឆ្នាំ២០០៨

និយាយអំពីការសម្ដែងរបស់ Yoona ហើយគឺមិនអាចភ្លេចរឿង “You Are My Destiny” បានឡើយ ខណៈរឿងនេះជាភាពយន្តដំបូងដែលណែនាំនាងដល់មនុស្សជាច្រើនក្នុងនាមជាតារាសម្តែង។ ថ្វីត្បិតតែជាការសម្តែងផ្លូវការដំបូងក៏ដោយ ប៉ុន្តែ Yoona បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាមួយភាពទាក់ទាញរបស់នាងនៅក្នុងការសម្តែងរបស់នាងជា ចាងស៊ីប៊ីយុក ។ សាច់រឿងនេះនិយាយពីក្មេងស្រីកំព្រាម្នាក់ដែលមានក្តីសុបិនចង់ក្លាយជាអ្នករចនាម៉ូដ ប៉ុន្តែជីវិតរបស់នាងជួបប្រទះការប្រែប្រួល ៣៦០ដឺក្រេ និងឧបសគ្គរាប់ពាន់ជំពូក បន្ទាប់ពីទទួលការបរិច្ចាគភ្នែកពីកូនស្រីរបស់គ្រួសារអ្នកមាន ហើយទីបំផុតក្លាយជាសមាជិកក្នុងគ្រួសារនោះ។
២. រឿងភាគ “K2” ឆ្នាំ២០១៦


បើនិយាយពីស្នាដៃបែបតានតឹងបំផុតដែល Yoona បានសម្តែងនោះ K2 គឺស្ថិតនៅកំពូលបញ្ជីតែម្ដង ព្រោះថាបន្ទាប់ពីតែងតែឃើញរូបភាពរបស់នាងក្នុងលក្ខណៈបែបទន់ភ្លន់ស្រស់ស្រាយ នៅក្នុងរឿងភាគនេះ Yoona បានប្រែក្លាយទៅជាតួអង្គដែលស្មុគស្មាញ ក្នុងនាមជាកូនស្រីឥតខាន់ស្លារបស់អ្នកនយោបាយម្នាក់។ ក្រោយមក នាងបានជួបអតីតទាហានស៊ីឈ្នួលម្នាក់ឈ្មោះ “K2” ដែលបានក្លាយជាអង្គរក្ស។ រយៈពេលជិតមួយទសវត្សរ៍កន្លងមក ភាពយន្តបាញ់ប្រហារនេះនៅតែដក់ជាប់ក្នុងចិត្តរបស់ទស្សនិកជនជាច្រើន។
៣. ភាពយន្ត “Exit” ឆ្នាំ២០១៩

បន្ទាប់ពីរឿងភាគ ឥឡូវនេះមកនិយាយពីរឿងកុនវិញម្ដង ជាមួយភាពយន្ត Exit ជារឿងកំប្លែងអំពីការរត់គេចពីគ្រោះមហន្តរាយ។ សាច់រឿងនិយាយពីរឿងរ៉ាវរបស់បុរសក្រីក្រម្នាក់ដែលបានជួបស្នេហាដំបូងរបស់ខ្លួនគឺតួអង្គរបស់ Yoona ជាអ្នកគ្រប់គ្រងសណ្ឋាគារ។ ប៉ុន្តែអ្វីៗបានផ្លាស់ប្ដូរវិញ នៅពេលឧស្ម័នពុលដ៏អាថ៌កំបាំងមួយស្រាប់តែគ្របដណ្តប់ពេញទីក្រុង បង្ខំឱ្យពួកគេត្រូវភៀសខ្លួនដើម្បីរួចជីវិត។ ភាពយន្តនេះទទួលបានជោគជ័យយ៉ាងខ្លាំងទាំងផ្នែកចំណូល និងការផ្ដល់ពិន្ទុជាវិជ្ជមានពីអ្នកវិភាគ ដោយបានឈ្នះពានជាច្រើនកម្មវិធី។
៤. រឿងភាគ “Big Mouth” ឆ្នាំ២០២២

សម្រាប់រឿងនេះគឺបានក្លាយជាប្រធានបទក្ដៅគគុកខណៈទស្សនិកជនគ្រប់គ្នាតាមដានចង់ដឹងថា “តើនរណាជា Big Mouse ពិតប្រាកដ?”។ សាច់រឿងរៀបរាប់ប្រាប់ពីដំណើររឿងរបស់ Park Chang-ho (សម្ដែងដោយ Lee Jong-suk) ជាមេធាវីរហស្សនាម Big Mouth ដែលត្រូវបានគេយល់ច្រឡំជាមួយ Big Mouse ដែលជាកំពូលអ្នកបោកប្រាស់។ ដូច្នេះហើយ លោកត្រូវប្រើជំនាញថ្វីមាត់ដើម្បីការពារខ្លួនឯង និងមនុស្សជាទីស្រលាញ់ឱ្យរួចផុតពីគ្រោះថ្នាក់ ខណៈត្រូវស៊ើបនិងលាតត្រដាង Big Mouse ពិតប្រាកដដែលជាអ្នកបញ្ជាការនៅពីក្រោយឆាក។ ក្នុងរឿងនេះ Yoona ដើរតួជានារីគិលានុបដ្ឋាយិកា Go Mi-ho ជាភរិយាតួឯកប្រុសដែលមានចិត្តក្លាហាន តស៊ូ ស្រលាញ់យុត្តិធម៌ និងចាំជួយស្វាមីរបស់ខ្លួនរហូត។ រឿងនេះបានធ្វើឱ្យ Yoona ឈ្នះពានតារាសម្តែងឆ្នើមផ្នែក Miniseries និងពានរង្វាន់ Best Couple Award នៅ MBC Drama Awards ។
៥. រឿងភាគ “King The Land” ឆ្នាំ២០២៣

ជារឿងភាគដែលបានបង្កើតការភ្ញាក់ផ្អើលចាប់តាំងពីការប្រកាសសមាសភាពតួសម្ដែង ដែលជាតារាខេប៉ុបជំនាន់ទីពីរទាំងពីររូបគឺ Yoona សមាជិកក្រុម SNSD និង Lee Jun-ho សមាជិកក្រុម 2PM ។ ខ្សែភាពយន្តបែបមនោសញ្ចេតនានេះ រៀបរាប់ពីរឿងរ៉ាវស្នេហាដែលកើតឡើងនៅសណ្ឋាគារ King រវាង Goo Won (សម្ដែងដោយ Jun-ho) អ្នកស្នងមរតកគ្រួសារមហាសេដ្ឋីក្រុមហ៊ុន King Group និងជាអ្នកស្អប់ស្នាមញញឹមក្លែងក្លាយ ជាមួយតួឯកស្រី Chun Sa-rang (សម្ដែងដោយ Yoon-a) ជាអ្នកទទួលភ្ញៀវដែលតែងតែនាំមកនូវស្នាមញញឹមដ៏កក់ក្តៅ និងផ្តល់ថាមពលវិជ្ជមាន។ ទស្សនៈផ្ទុយគ្នាធ្វើឱ្យពួកគេប៉ះទង្គិចគ្នានៅពេលដំបូង ប៉ុន្តែនៅពេលកាន់តែជិតស្និទ្ធ ទំនាក់ទំនងរបស់ពួកគេក៏កាន់តែរីកចម្រើន ៕


























Account
Security
Favourite Content