នៅពេលមានស្នេហាភាគច្រើននារីៗតែងតែជាភាគីម្ខាងដែលឆាប់ដាក់ចិត្តស្រឡាញ់ខ្លាំង តាមប្រចណ្ឌ ពេលខ្លះអាចឈានដល់លែងដឹងពីមូលហេតុក៏មាន។ ការធ្វើទង្វើបែបនេះយូរៗទៅ នោះទំនាក់ទំនងរវាងស្នេហាអ្នកទាំងពីរនឹងមានការរង្គោះរង្គើមិនខាន។ ដូច្នេះសម្រាប់នារីៗដែលកំពុងមានស្នេហាគួរចងចាំ ៥ កុំ ដើម្បីរក្សាស្នេហាឱ្យបានយូរ៖
១. កុំងប់ងុលពេក៖ យើងគួរតែផ្ដោតទៅលើក្រុមគ្រួសារឱ្យបានច្រើនជាងមនុស្សប្រុសដែលយើងស្រឡាញ់ព្រោះមើលមិនឃើញថាស្នេហាមួយនេះដើរបានដល់ត្រឹមណានោះទេ។ មិនមែនមានថាមិនអើពើ ឬមិនខ្វល់សោះតែម្ដងនោះទេ ប៉ុន្តែត្រូវចាំថាពេលមានបញ្ហាមានតែគ្រួសារប៉ុណ្ណោះដែលនៅក្បែរមុនគេ និងបារម្ភពីយើងជាងគេ។
២. កុំប្រចណ្ឌជ្រុល៖ ពេលខ្លះពួកគេត្រូវការពេលវេលាផ្ទាល់ខ្លួន រាប់អានមិត្តខាងក្រៅខ្លះ។ បែបនេះហើយមិនគួរតាមប្រចណ្ឌពេកឡើយព្រោះវាអាចធ្វើឱ្យទំនាក់ទំនងឆាប់ប្រែប្រួល ឬធុញទ្រាន់ជាដើម។ ដូច្នេះប្ដូរពីការប្រចណ្ឌដោយគ្មានហេតុមកជាការស្ដាប់ ឬស្វែងរកហេតុផលវិញគឺប្រសើរជាង។
៣. កុំសាំញ៉ាំពេក៖ ជាធម្មតាការបារម្ភសួរសុខទុក្ខគ្នាគឺត្រូវមាននៅក្នុងទំនាក់ទំនង។ ប៉ុន្តែបើការសួរនាំនោះច្រើនហើយដដែលៗពេករហូតលើសព្រំដែន គេអាចហៅបានថាសាំញ៉ាំ។ នៅពេលអារម្មណ៍សាំញ៉ាំចាប់ផ្ដើមផុសឡើងក្នុងស្នេហា នោះភាគីម្ខាងទៀតនឹងគិតថាខ្លួនចាប់ផ្ដើមបាត់បង់សេរីភាព និងមានភាពតានតឹង។
៤. កុំបណ្ដោយខ្លួនពេក៖ ជឿជាក់ថាប្រិយមិត្តទាំងអស់ធ្លាប់បានឮមកហើយនៅពាក្យមួយចំនួនដូចជាធាត់បានគួរឱ្យស្រឡាញ់ ឬមិនចាំបាច់លាបអ្វីក៏ស្អាតដែរ។ ប៉ុន្តែយើងចាំបាច់ត្រូវថែរក្សាខ្លួន តុបតែង សម្អិតសម្អាងខ្លួនមិនមែនដើម្បីអ្នកណាទេគឺដើម្បីខ្លួនឯងប៉ុណ្ណោះ។ ម្យ៉ាងទៀត ពេលយើងចេះរៀបចំខ្លួនស្អាតបាត មនុស្សប្រុសក៏មិនងាយបែកចិត្តដែរ។
៥. កុំប្រៀបធៀបខ្លួនឯងជាមួយគេ៖ ចំណុចសំខាន់ដែលត្រូវចាំមួយទៀតនោះគឺកុំយកខ្លួនយើងទៅប្រៀបធៀបជាមួយគេ។ ដោយសារយើងកើតមកមានភាពស្រស់ស្អាតដែលជារបស់ខ្លួនឯង ដូច្នេះត្រូវមិនចាំបាច់កែប្រែខ្លួនដើម្បីផ្គាប់ចិត្តគេឡើយ។ មួយវិញទៀតគឺកុំយកខ្លួនឯងទៅប្រៀបអ្នកចាស់ព្រោះយើងមិនអាចក្នុងអតីតកាលនោះទេ។ ហើយបើគេមកស្រឡាញ់យើងមានន័យថាគេក៏ស្រឡាញ់អ្វីដែលជាខ្លួនយើងផងដែរ៕