ស្នេហា នៅពេលដែលកំពុងពេញស្រឡាញ់ វាតែងតែស្រស់ស្អាតជានិច្ច។ ប៉ុន្តែយើងមិនច្បាស់ឡើយថាអាចនឹងរក្សាចំណងមួយនេះបានយូរដល់កម្រិតណានោះទេ ដោយសារចិត្តមនុស្សមិនទៀងនោះទេ។ បែបនេះវាមិនមែនជារឿងចម្លែកទេមនុស្សដែលយើងស្រឡាញ់មានចិត្តងាករេនោះ។ ដូច្នេះចង់ដឹងថាអ្នកម្ខាងទៀតមានចិត្តងាករេ ឬអត់ អាចសង្កេតមើល ៤ ចំណុចខាងក្រោមនេះបាន៖
១. លួចនិយាយទូរសព្ទស្ងាត់ៗ
ប្រសិនបើគេជាមនុស្សដែលធ្លាប់ចំណាយពេលជាមួយយើង ហើយស្រាប់តែធ្វើខ្លួនប្លែកៗ និងលួចនិយាយទូរសព្ទស្ងាត់ៗញឹកញាប់គឺជាចំណុចដំបូងគួរសង្កេត។ ប៉ុន្តែប្រសិនបើទើបកើតឡើងថ្មីៗ យើងមិនគួរប្រញាប់ឆែក ឬតាមដានពេកនោះទេព្រោះវាអាចជារឿងការងារ ក៏ដូចជាការយល់ច្រឡំណាមួយផងដែរ។
២. លែងមានពេលសម្រាប់យើង
ជាធម្មតាមនុស្សស្រឡាញ់គ្នាគឺតែងតែចង់ចំណាយពេលវេលាជាមួយគ្នាឱ្យច្រើន បើទោះជាពេលខ្លះពួកគេអាចនឹងបដិសេធក៏ដោយ។ ប៉ុន្តែវាគឺជារឿងចម្លែកដែលពួកគេចាប់ផ្ដើមបដិសេធមិនទៅតាមការណាត់ជួបនោះញឹកញាប់។ គេអាចនឹងយកលេសថារវល់ តែវាមិនអាចទៅរួចឡើយដែលពួកគេរវល់ស្ទើររាល់ពេលនោះ។
៣. ចេះកុហក និងលាក់បាំង
ពេលមានបញ្ហាមនុស្សយើងភាគច្រើនតែងតែចង់និយាយជាមួយអ្នកក្បែរ ដែលក្រៅពីក្រុមគ្រួសារគឺមនុស្សជាទីស្រឡាញ់នេះហើយ ដើម្បីឱ្យធូរចិត្ត និងស្វែងរកដំណោះស្រាយ។ ផ្ទុយទៅវិញ ប្រសិនបើពួកគេចាប់ផ្ដើមចេះលាក់បាំង ឬនិយាយកុហក វាអាចនឹងជាសញ្ញាដែលបង្ហាញថាគេរកបានអ្នកដែលពូកែលួងលោមដោះស្រាយជាងយើងហើយ។
៤. ឆាប់ខឹង
នៅពេលកំពុងពេញស្រឡាញ់ ពិភពលោកទាំងមូលនឹងប្រែជាពណ៌ផ្កាឈូកហើយរឿងល្អៗជាច្រើនបានកើតឡើងក្នុងជីវិតផងដែរ។ ប៉ុន្តែនៅពេលដែលអ្នកម្ខាងទៀតចាប់ផ្ដើមបង្ហាញសញ្ញាមួយចំនួនដូចជាធ្វើអ្វីក៏មិនត្រូវចិត្ត មិនញញឹមដូចមុន និងបង្ហាញការមិនពេញចិត្តជាដើម គឺអាចរាប់ចូលជាសញ្ញានៃការធុញថប់ ឬអស់ចិត្តជាមួយយើងហើយ៕