ស្ថាបនិកក្រុមហ៊ុន YG Entertainment គឺលោក Yang Hyun Suk បានចេញវីដេអូប្រកាសមួយកាលពីពាក់កណ្ដាលអធ្រាត្រឈានចូលថ្ងៃទី២៦ ខែឧសភា ដោយក្នុងនោះលោកបានបង្ហាញពីគម្រោង Comeback សម្រាប់ក្រុម BLACKPINK, BABYMONSTER, និង TREASURE រួមជាមួយគម្រោងបង្ហាញមុខក្រុមចម្រៀងថ្មីមួយចំនួនទៀត។

ចាប់ផ្ដើមដំបូង លោកបានប្រកាសថាក្រុមចម្រៀង BLACKPINK ដែលបច្ចុប្បន្នកំពុងត្រៀមខ្លួនសម្រាប់ការប្រគំទេសចរណ៍ពិភពលោក នឹងចេញបទចម្រៀងថ្មីមួយបទក្នុងពេលឆាប់ៗ។ បទចម្រៀងថ្មីនេះនឹងជាការចេញស្នាដៃចម្រៀងថ្មីលើកដំបូងរបស់ពួកគេក្នុងរយៈពេល ២ ឆ្នាំ ៨ ខែ បន្ទាប់ពីអាល់ប៊ុម “Born Pink” បានចេញតាំងពីខែកញ្ញា ឆ្នាំ ២០២២។ សមាជិកទាំង៤របស់ BLACKPINK គ្រោងនឹងចាប់ផ្តើមការប្រគំតន្ត្រីទេសចរណ៍ពិភពលោកថ្មីមានឈ្មោះថា “Deadline” នៅទីក្រុងសេអ៊ូល នៅថ្ងៃទី ៥ និង ៦ ខែកក្កដាខាងមុខនេះ។
ទន្ទឹមនឹងនេះ ក្រុមចម្រៀងនារីវ័យក្មេង BABYMONSTER នឹងចេញបទចម្រៀងថ្មីមានចំណងជើងថា “HOT SAUCE” នៅថ្ងៃទី ១ ខែកក្កដា ព្រមជាមួយបទចម្រៀងមួយបទទៀតនៅក្នុងខែកញ្ញា មុនអាល់ប៊ុមខ្នាតតូចថ្មីរបស់ពួកគេចេញផ្សាយផ្លូវការនៅថ្ងៃទី ១ ខែតុលា។ អាល់ប៊ុមថ្មីនេះនឹងមានបទចម្រៀងសរុបចំនួន ៤ បទ រួមទាំងបទចម្រៀង “HOT SAUCE” និងបទចម្រៀងទីពីរដែលត្រៀមចេញនៅក្នុងខែកញ្ញា។
ក្រៅពីនេះ បច្ចុប្បន្នក្រុមចម្រៀងបុរស TREASURE កំពុងធ្វើការលើអាល់ប៊ុមខ្នាតតូចថ្មី ដោយកាលបរិច្ឆេទចេញផ្សាយត្រូវបានកំណត់ជាបណ្តោះអាសន្ននៅថ្ងៃទី ១ ខែកញ្ញា។ បន្ទាប់ពីការផ្សព្វផ្សាយអាល់ប៊ុមថ្មីក្នុងខែកញ្ញា ពួកគេនឹងចាប់ផ្តើមការប្រគំតន្ត្រីទេសចរណ៍ពិភពលោកថ្មីនៅខែតុលា។
ជាពិសេសចុងក្រោយ លោក Yang Hyun Suk ក៏បានឱ្យដឹងទៀតថា YG Entertainment ឥឡូវនេះមានក្រុមចម្រៀងប្រុសកំពុងហ្វឹកហាត់ចំនួនពីរក្រុម និងក្រុមនារីហ្វឹកហាត់ចំនួនពីរដូចគ្នា ដោយលោកគ្រោងនឹងបង្ហាញក្រុមចម្រៀងប្រុសមួយក្នុងចំណោមក្រុមទាំងពីរនៅឆ្នាំក្រោយ ប៉ុន្តែក៏ចង់បង្ហាញមុខក្រុមនារីមួយដែលមានសមាជិកបួននាក់ផងដែរ។ សមាជិកទាំងបួននាក់នៃក្រុមចម្រៀងនារីថ្មីនេះនឹងត្រូវបានបង្ហាញម្តងមួយៗចាប់ពីថ្ងៃទី ២៨ ខែឧសភា។ ដូច្នេះកុំភ្លេចតាមដានទាំងអស់គ្នាថាតើក្រុមចម្រៀងជំនាន់ថ្មីនឹងនាំមកនូវអ្វីដែលជាការផ្លាស់ប្ដូរថ្មីបន្ថែមទៀតសម្រាប់ YG Entertainment ៕
























































Account
Security
Favourite Content