មិនថានៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Oscars, Grammy ឬសូម្បីតែនៅក្នុងមហោស្រពភាពយន្តទីក្រុងកាន មហាជនប្រហែលជាធ្លាប់បានសង្កេតឃើញតារាល្បីៗជាច្រើនរូប ដើរបង្អួតឈុតសម្លៀកបំពាក់របស់ខ្លួននៅលើកម្រាលព្រំពណ៌ក្រហម ចាប់តាំងពីផ្លូវចូល រហូតដល់ក្នុងតួកម្មវិធី។
ក៏ប៉ុន្តែប្រិយមិត្តដែលចាប់អារម្មណ៍ឆ្ងល់ទេថា កម្រាលព្រំក្រហម ឬ Red Carpet នេះ មានប្រវត្តិបែបណា? ហើយហេតុអ្វីបានជាវា ក្លាយទៅជាធាតុផ្សំដ៏សំខាន់មួយ ដែលអ្នករៀបចំកម្មវិធីធំៗរបស់ហូលីវូដ មិនដែលមើលរំលង?

ជាក់ស្ដែង កម្រាលព្រំពណ៌ក្រហម មានប្រវត្តិចាក់ជ្រៅទៅក្នុងរឿងនិទានរបស់ក្រិកបុរាណ និងត្រូវទាញពេលវេលាត្រឡប់ទៅអតីតកាលវិញ ប្រមាណ ២ ៥០០ ឆ្នាំមុន។ រឿងនិទាននេះ បានដំណាលថា ក្នុងដំណើរត្រឡប់មកនគរវិញ របស់ស្ដេច Agamemnon ក្រោយពីយកឈ្នះលើសង្គ្រាម Trojan នៅឆ្នាំ ៤៥៨ មុនគ្រិស្តសករាជ មហេសីរបស់ព្រះអង្គ ព្រះនាម Clytemnestra បានដាក់រាជបញ្ជាឱ្យផ្ទៃដីដែលព្រះរាជាត្រូវដើរឆ្លងកាត់ទាំងអស់ត្រូវតែមានពណ៌ក្រហម។
មូលហេតុពីក្រោយព្រះរាជបញ្ជានេះកើតឡើងដោយសារតែនៅក្នុងសម័យកាលនោះ គេមានជំនឿថា ពណ៌ក្រហមជាពណ៌របស់ព្រះ។ ហេតុដូច្នេះហើយ ទើបព្រះនាងបានឱ្យប្រជាជននាំគ្នាក្រាលកម្រាលព្រំពណ៌ក្រហមតម្រង់ទៅព្រះនគរ ប្រៀបបាននឹងការស្វាគមន៍ដ៏កក់ក្ដៅ នៃដំណើរមាតុភូមិនិវត្តន៍របស់ស្វាមីខ្លួនដូចគ្នាដែរ។
ចាប់តាំងពីពេលនោះមក កម្រាលព្រំក្រហមបានក្លាយជាកម្រាលពិសេសដែលមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចប្រើប្រាស់បាន ពោលគឺមានតែស្ដេច និងអ្នកដែលមានឋានៈខ្ពស់ប៉ុណ្ណោះដែលប្រើប្រាស់ និងប្រើប្រាស់ក្នុងគោលបំណងបង្ហាញផ្លូវតែមួយគត់។ តួយ៉ាង នៅក្នុងឆ្នាំ ១៨២១ លោកប្រធានាធិបតីទី ៥ របស់សហរដ្ឋអាមេរិក គឺ James Monroe (១៨១៧-១៨២៥) គឺជាប្រធានធិបតីដំបូងបង្អស់ដែលចាប់ផ្ដើមប្រើប្រាស់កម្រាលព្រំពណ៌ក្រហម មុននឹងប្រធានាធិបតីជំនាន់ក្រោយៗបន្តប្រើប្រាស់កម្រាលព្រំមួយនេះនៅពេលបន្តបន្ទាប់ទៀត។


នៅក្នុងឆ្នាំ ១៩០២ ការប្រើប្រាស់កម្រាលព្រំដើម្បីប្រាប់ផ្លូវ បានរីករាលដាលមកដល់វិស័យគមនាគមន៍ ដោយមានក្រុមហ៊ុនមួយបានសម្រេចប្រើប្រាស់កម្រាលព្រំពណ័តែមួយនេះ ក្នុងពេលដែលក្រុមហ៊ុនបានបើកជើងរថភ្លើងថ្មីពីទីក្រុងញូវយ៉ក ទៅកាន់ទីក្រុង Chicago ដើម្បីជាការបង្ហាញផ្លូវទៅកាន់ទូររថភ្លើងសម្រាប់ភ្ញៀវលំដាប់ VIP។ ចាប់តាំងពីពេលនោះមក កម្រាលព្រំពណ៌ក្រហមបានក្លាយជាកម្រាលព្រំដែលប្រណិតនៅក្នុងក្រសែភ្នែករបស់មហាជន និងត្រូវបានយកមកប្រើប្រាស់នៅកម្មវិធីសំខាន់ៗនានា។


ប៉ុន្តែ ឆ្នាំ១៩២២ ទើបជាពេលវេលាចាប់កំណើតរបស់កម្រាលព្រំក្រហមនៅក្នុងវិស័យហូលីវូដ។ ដោយលោក Sid Grauman គឺជាមនុស្សដំបូងគេដែលប្រើកម្រាលព្រំក្រហម នៅពេលសម្ពោធភាពយន្តខ្នាតធំរឿង Robin Hood នៅឯរោងភាពយន្តអេហ្ស៊ីប ក្នុងទីក្រុង Los Angeles។ បន្ទាប់ពីនេះ ការសម្ពោធភាពយន្តថ្មីៗក៏ចាប់ផ្ដើមនិយមប្រើប្រាស់កម្រាលព្រំក្រហមជារឿយៗរហូតមក ដើម្បីធ្វើជាផ្លូវសម្រាប់តួសម្ដែងរបស់ខ្លួនដើរចូលទៅក្នងរោងភាពយន្ត។
កម្មវិធីប្រគល់ពានរង្វាន់ Oscars ក៏មិនអាចគេចផុតពីនិន្នាការមួយនេះបានដែរ ដោយកម្មវិធីបានចាប់ផ្ដើមប្រើប្រាស់កម្រាលព្រំពណ៌ក្រហមចាប់តាំងពីឆ្នាំ ១៩៦១ មកម៉្លេះ ក៏ប៉ុន្តែដោយសារតែនៅពេលនោះ ទូរទស្សន៍ទាំងអស់គឺជាប្រភេទទូរទស្សន៍សខ្មៅនៅឡើយ ទើបទស្សនិកជននៅមិនទាន់អាចចំណាំពណ៌កម្រាលព្រំនេះបាន។ រហូតមកដល់ឆ្នាំ ១៩៦៤ ទើបកម្រាលព្រំក្រហម អាចលេចវត្តមាននៅលើកញ្ចក់ទូរទស្សន៍។


ចាប់តាំងពីពេលនោះមក កម្រាលព្រំក្រហម ឬ Red Carpet បានក្លាយជា កម្រាលព្រំដ៏មានតម្លៃបំផុតនៅក្នុងវិស័យហូលីវូដ និងចាប់ផ្ដើមរីកសុះសាយទៅកាន់វិស័យផ្សេងៗទៀត ក្លាយជាទីតាំងគោលដែលអនុញ្ញាត្តឱ្យបុគ្គលល្បីៗអាចបង្ហាញរូបសម្រស់ និងការតុបតែងខ្លួន នៅស្ទើរគ្រប់ជ្រុងជុំវិញពិភពលោក៕


























































Account
Security
Favourite Content