ចុងបញ្ចប់ដ៏ឈឺចាប់​របស់ Secret & B.A.P ក្រោម​ស្នាដៃផលិតកម្ម​គម្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រខេប៉ុប

កាលពីខែមីនាកន្លងទៅ រូបភាពមួយសន្លឹក​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខេប៉ុប​ស្លុតចិត្តនិងភ្ញាក់ផ្អើល​យ៉ាងខ្លាំង នោះគឺរូបភាពពាន​រង្វាន់ Mnet Asian Music Awards ឆ្នាំ២០១២ ផ្នែក Mnet PD Choice Award ហើយ​ក្រុម​ដែល​ឈ្នះ​គឺ​ក្រុម​ដែលមានឈ្មោះថា BAP។ ដោយ​ម្ចាស់​រូប​នោះ​បាន​រៀបរាប់​ថា ម្ដាយ​របស់​គេ​បាន​ឃើញ​ពាន​រង្វាន់​នេះ​នៅ​ក្នុង​ផ្សារ​លក់របស់​មួយ​ទឹក​មួយ​ក្នុង​ប្រទេស​ហ្វីលីពីនហើយ​ក៏​បាន​ទិញ​មក​ក្នុង​តម្លៃ​ ៣ដុល្លារ។

តើ​មូលហេតុ​អ្វី​បាន​ជា​ពាន​រង្វាន់​ដ៏​មាន​តម្លៃ​ដែល​ជា​ការ​ព្យាយាមរបស់​ក្រុម​ចម្រៀង​មួយ​នេះបែរ​ក្លាយ​ជា​របស់​ដែល​អាច​ទិញ​បាន​នៅ​ផ្សារ​លក់​របស់​មួយ​ទឹក​បែប​នេះ? នេះ​គឺ​ជា​រឿង​អាក្រក់​មួយ​ដែល​កើត​ឡើង​ដោយ​សារ​ផលិតកម្ម TS Entertainment ដែល​អ្នកគាំទ្រ​វិស័យ​ខេប៉ុប​បាន​យល់​ឃើញដូច​ៗ​គ្នា​ថា​គឺជា​ផលិតកម្ម​ចម្រៀង​ដ៏អាស្រូវ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។ ចង់ដឹងថាទង្វើមិនគប្បីដែលពួក​គេ​បាន​ប្រព្រឹត្តចំពោះសិល្បករមានអ្វីខ្លះសូមតាមដាន​ជាមួយ AMS តែម្ដង!

ដូចជាផលិតកម្មផ្សេងៗ​ដែលបង្កើត​ក្នុង​ជំនាន់ខេប៉ុប​ដំបូងៗ​ដែរ តួអក្សរ TS គឺជាអក្សរកាត់ពីឈ្មោះ Kim Taesong ដែលជា​ស្ថាបនិក​ផលិតកម្ម​នេះផ្ទាល់។ ផលិតកររូបនេះ​បាន​ចាប់ផ្ដើម​អាជីព​របស់​ខ្លួន​ជា​អ្នក​ចាត់ការ​របស់​ក្រុម​ចម្រៀងដ៏ល្បីនៅ DSP media។ កាន់ការងារ​នេះរយៈពេល​១០ឆ្នាំ Kim Taesong ​បាន​កសាង​បណ្ដាញ​ទំនាក់ទំនង​ជាច្រើននិងបាន​ក្លាយ​ជា​បុគ្គល​ដែល​អ្នក​ក្នុងវិស័យ​ចម្រៀងកូរ៉េ​គោរពស្រលាញ់ទៀតផង។ ហេតុដូច្នេះហើយ​នៅឆ្នាំ​២០០៨ លោក​ក៏បាន​បង្កើត​ផលិតកម្ម​របស់​ខ្លួន​តែម្ដង ហើយ​ស្នាដៃ​ដំបូង​របស់ផលិតកម្ម​ថ្មីនេះ​គឺក្រុម​ចម្រៀងហ៊ីបហប់ Untouchable។ ដោយ​ទទួល​បានការ​ជំរុញ​យ៉ាងពេញទំហឹង​ពីផលិតកម្ម និងមាន​បទ​ចម្រៀង​ជាប់ចំណាត់ថ្នាក់​កំពូល​ជាបន្តបន្ទាប់ Untouchable ក៏បាន​ក្លាយ​ជា​ក្រុម​ចម្រៀង​ហ៊ីបហប់​ល្បីបំផុត​មួយនៅ​ជំនាន់នោះ។

បន្ទាប់​ពី​នោះ​ត្រឹម​តែមួយឆ្នាំ TS ក៏បាន​បង្កើត​ក្រុមអាយដល​ដំបូង​របស់​ខ្លួន គឺ​ក្រុម​ចម្រៀង​នារីមានឈ្មោះថា Secret ដោយ​បន្ទាប់ពី​បង្ហាញ​មុខ​មិន​បាន​ប៉ុន្មាន ក្រុម​នេះ​ក៏​បាន​បញ្ចេញ​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​ ដែល​ប្រិយមិត្ត​ជា​ច្រើន​ប្រហែល​ជា​ធ្លាប់​ស្ដាប់ធ្លាប់ឮដូចជាបទ “Magic” នៅឆ្នាំ២០១០, បទ “Shy Boy” និងបទ “Starlight Moonlight” នៅឆ្នាំ២០១១។ ក្នុងរយៈពេលត្រឹម​ពីរឆ្នាំបន្ទាប់ពី Debut, Secret ក៏ក្លាយ​ជា​ក្រុម​កំពូល​មួយ​ក្នុង​ចំណោម​ក្រុម​ខេប៉ុប​ជំនាន់ទី​២។ ពួកគេ​បាន​ឈ្នះពាន​រង្វាន់​ជា​ច្រើនមានទាំងពាន​រង្វាន់​សិល្បករ​ថ្មី ពាន​រង្វាន់​បទ​ចម្រៀង​ប្រចាំឆ្នាំ ក៏ដូចជា​ពាន​រង្វាន់​សិល្បករ​ប្រចាំឆ្នាំ​ច្រើន​ឆ្នាំជាប់​ៗ​គ្នា។ ភាព​ជោគជ័យរបស់ Secret ធ្វើ​ឱ្យ​ផលិតកម្ម TS រីកចម្រើន​យ៉ាង​លឿន ដល់ថ្នាក់នៅ​ឆ្នាំ​២០១១ ពួក​គេ​ថែម​ទាំង​បាន​បង្កើត​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ TS Japan ក្នុងប្រទេស​ជប៉ុនដើម្បី​ចាំ​សម្របសម្រួលសកម្មភាព​សិល្បករ​ពេលដែល​ត្រូវ​ទៅ​ប្រូម៉ូត​នៅ​ទីនោះទៀតផង។

​

មួយ​ឆ្នាំ​ក្រោយ​មក​ពួក​គេ​ក៏​បាន Debut ក្រុម​ចម្រៀង​ថ្មី​មួយ​ទៀត​គឺក្រុម BAP ដោយឈ្មោះនេះ​ជាអក្សរកាត់ពីពាក្យ Best, Absolute & Perfect ជាមួយ​បទ​ដំបូង​មាន​ចំណងជើងថា “Warrior”។ រូបភាពក្មេងប្រុសសក់​ពណ៌​មាស​ទាំង ៦ និងស្ទីល​ដែលមើល​ទៅ​ឡូយអេមបំផុត​ក្នុង​សម័យ​នោះបាន​ធ្វើ​ឱ្យ BAP ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ឆាប់​រហ័ស។ ពួក​គេ​ត្រូវ​បាន​​សម្លឹង​ទុក​ថា​ជា​អនាគត​របស់​វិស័យ​ខេប៉ុប និង​ជា​ក្រុម​ដែល​នឹង​ល្បីបាន​ឆ្ងាយ​បំផុត​ក្នុង​ចំណោម​ក្រុម​ដែល Debut ដំណាល​ៗ​គ្នា​ផងដែរ។ ជាក់ស្ដែង ​ពួក​គេ​បាន​ឈ្នះ​ពាន​រង្វាន់​សិល្បករ​ថ្មីប្រចាំ​ឆ្នាំស្ទើរ​តែ​គ្រប់​កម្មវិធី ជាពិសេស​រួម​ទាំងពាន​រង្វាន់ PD’s Choice ពី Mnet Asian Music Awards តែម្ដង។ តាម​រយៈភាព​ជោគជ័យ​ដល់​កំពូល​របស់ BAP ធ្វើ​ឱ្យ TS Entertainment មាន​ក្រុម​ចម្រៀង​ដែល​ជោគជ័យ​រហូត​ដល់ ៣ក្រុម​ក្នុង​ពេល​តែមួយ និងក្លាយ​ជា​ផលិតកម្ម​ចម្រៀង​មួយ​ដែល​គ្រប់​គ្នាគិត​ថា​នឹង​អាច​ក្លាយ​ជាផលិតកម្ម​យក្ស​មួយ​នា​អនាគត។ ក៏ប៉ុន្តែ​ គ្មាន​អ្នក​នឹកស្មាន​ដល់​ដូច​គ្នា​ថា ត្រឹម​រយៈពេល​តែប៉ុន្មាន​ឆ្នាំ​បន្ទាប់​ពី​នោះ ជតាកម្ម​របស់​គ្រប់គ្នាក្នុងផលិតកម្ម​នេះក៏ប្រែប្រួលជារៀងរហូត។

ឆ្នាំ២០១៤ អាចចាត់ទុកថា​ជា​ឆ្នាំ​ដែល​ទទួលបានជោគជ័យ​ខ្លាំង​បំផុត​របស់ BAP ព្រោះ​ពួក​គេ​បាន​ឈ្នះពាន​ពី​កម្មវិធី​តន្ត្រីប្រចាំសប្ដាហ៍លើក​ដំបូង សកម្មភាព​នៅ​ប្រទេស​ជប៉ុន​ក៏​ទទួល​បាន​ការ​គាំទ្រ​​ខ្លាំង ថែម​ទាំង​បាន​រៀបចំ​ការ​ប្រគំតន្ត្រីទេសចរណ៍​នៅ​ជា​ច្រើន​ទ្វីប។ ទាំងអស់នេះ​បាន​ធ្វើ​ឱ្យ​ពួក​គេ​ក្លាយ​ជា​ក្រុម​ចម្រៀង​ដែល​រវល់​បំផុត​នៅ​ពេល​នោះ ឬអាច​និយាយ​បាន​ថា​រវល់​ខ្លាំងជ្រុល​តែម្ដង ពីព្រោះកាលវិភាគ​ Concert របស់​ពួក​គេ​មាន​ជាប់រដឹក​ លក្ខណៈ​គ្មាន​ពេល​ឱ្យ​សមាជិក​ក្រុម​បាន​សម្រាក​នោះ​ឡើយ ដោយ​មាន​ខែ​ខ្លះ ពួក​គេ​ត្រូវ​ឡើង​សម្ដែង​ Concert លើស​ ១០ដងទៅទៀត។

ខណៈ​ដែល​មើល​ពី​ខាង​ក្រៅ ក្រុម​ហាក់​ដូចជា​កំពុង​ទទួល​បាន​ជោគជ័យ​ខ្លាំង ប៉ុន្តែសញ្ញា​មិន​ល្អ​ក៏​ចាប់ផ្ដើម​កើត​ឡើង ដោយ​នៅ​ក្នុង​ខែឧសភា​នៃ​ឆ្នាំ​នោះ សមាជិក BAP ទាំង ៦​នាក់​បាន​ដាក់​ពាក្យ​ប្ដឹង​បញ្ចប់​កុងត្រា​ជាមួយ​ផលិតកម្ម។ ​ហេតុផល​សំខាន់នោះគឺក្រៅ​ពី​សមាជិក​ម្នាក់​ៗ​គ្មាន​ពេលវេលា​សម្រាក​បាន​គ្រប់គ្រាន់​ហើយ ក៏មាន​បញ្ហា​បែងចែក​ប្រាក់​ចំណូល​មិន​យុត្តិធម៌ថែមទៀត ដោយសារ​ក្នុង​រយៈពេល ៣ឆ្នាំ​ចាប់តាំងពី Debut ក្រុម​ BAP បាន​រក​ប្រាក់​ចំណូល​ចូល​ TS រហូត​ដល់ ៩លាន​ដុល្លារ ប៉ុន្តែ​ពួក​គេបែរ​ជា​ទទួល​បាន​កម្រៃតបស្នង​វិញ​ត្រឹម​តែ ១៨០០០ ដុល្លារ​ក្នុង​ម្នាក់ ឬត្រឹម​តែ ២ភាគរយ​នៃ​ប្រាក់​ចំណូល​ទាំង​អស់​តែប៉ុណ្ណោះ។ ក្រៅពីនេះ ​ជីវិត​រស់​នៅ​របស់​ពួក​គេ​ក៏មាន​ការលំបាក សូម្បី​កន្លែងស្នាក់​នៅ​តូច​ចង្អៀតត្រូវ​គេងប្រជ្រៀតគ្នា​សឹងរាល់យប់ ហើយ​នេះ​គឺជា​អ្វី​ដែល​កើត​ឡើង​តាំងពីជំនាន់របស់ Secret ម្ល៉េះ។

​មនោសញ្ចេតនារបស់ពួក​គេ​ជាមួយផលិតកម្ម​ត្រូវធ្លាក់ដល់ចំណុច​សូន្យ​នៅ​ពេល​ដែល​សមាជិកម្នាក់គឺ Daehyun ​មាន​របួស​រហូត​ត្រូវ​ចូល​មន្ទីរពេទ្យ និង​មិន​អាច​ឡើងសម្ដែង​តាម​កំណត់បាន។ ប៉ុន្តែ​ជំនួស​ឱ្យ​ការ​បង្ហាញ​ការ​ព្រួយបារម្ភ TS បែរ​ជា​សម្រេច​ទាមទារសំណង​ខូចខាត​ពីរូបគេ ធ្វើ​ឱ្យ​គេ​ត្រូវ​បង្ខំ​ចិត្ត​ឡើង​សម្ដែង​ទាំង​រុំរបួស​ដៃ ​បើទោះបី​ក្រុមការងារនៅមន្ទីរពេទ្យព្យាយាម​ហាមឃាត់​​ក៏​ដោយ។ ក្រោយ​មក ខាង TS ក៏​ចេញ​មក​បដិសេធ​ការ​ចោទប្រកាន់នេះ​ភ្លាមៗ។ ​

បញ្ហា​រវាង​ផលិតកម្ម​និង​សមាជិក BAP បាន​អូសបន្លាយ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ រហូត​ដល់​ទីបំផុត​នៅ​ខែ​សីហា ឆ្នាំ​២០១៥ ភាគី​ទាំង​ពីរ​ក៏​ឈាន​ដល់​ការព្រមព្រៀង​គ្នា ហើយក្រុម BAP ក៏​បាន​ត្រលប់​មក​មានសកម្មភាព​ជាមួយផលិតកម្ម​ដូចដើម។ បើ​ទោះ​បី​ជា​ការ​វិល​ត្រលប់​លើក​នេះ ពួក​គេ​ទទួល​បាន​ការ​គាំទ្រ​ពី​ហ្វេនៗ និង​មាន​សកម្មភាព​ផ្សព្វផ្សាយ​ជា​ហូរហែរ ប៉ុន្តែខណៈពេល​ដែល​ពួក​គេ​បាន​បាត់មុខ​ជាង​មួយ​ឆ្នាំ​នោះ បាន​ធ្វើ​ឱ្យ​ភាពពេញនិយម​របស់​ពួក​គេ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ ពួក​គេ​មិន​អាច​លក់​អាល់ប៊ុម​បាន​ដល់ ១សែន​ឈុត ដូច​កាល​ដែល Debut ថ្មី​ៗ​ទៀតឡើយ ផ្ទុយ​ពីក្រុម​មួយ​ចំនួន​ដែល​បាន​ Debut ដំណាល​គ្នាដែល​ពេល​នេះ​បាន​រីក​ចម្រើន​ក្លាយ​ជា​ក្រុម​ជួរ​មុខ​ស្ទើរ​ទាំងអស់។ ក្រោយមក​ BAP បាន​បន្ត​ការងារ​របស់​ខ្លួន​មករហូត​ដល់​ឆ្នាំ២០១៨ ដោយ​នៅ​ក្នុង​ការ​ប្រគំតន្ត្រីលើក​ចុងក្រោយ​មានឈ្មោះថា Forever Tour ពួក​គេ​ក៏​បាន​និយាយ​លា​ទៅ​កាន់​អ្នក​គាំទ្រជាផ្លូវការ។ ហើយបន្ទាប់ពីនោះ​សមាជិក​ក្រុម​ក៏​បាន​សម្រេច​ចិត្ត​មិន​បន្ត​កិច្ច​សន្យា​ជាមួយ TS និង​ចាកចេញពីផលិតកម្ម​នេះ​ម្ដង​មួយៗ។

បន្ទាប់​ពី​ចេញមក សមាជិក​ម្នាក់​ៗ​នៅ​តែ​បន្តអាជីព​របស់​ខ្លួន​ដោយ​មាន​ទាំង​ច្រៀង និងសម្ដែង និង​បាន​ណាត់ជួប​គ្នា​និង​ថត​រូប​ឱ្យ​អ្នក​គាំទ្រ​បាត់​នឹករឭក​ជារឿយៗ។ យ៉ាងណាមិញ រឿង​រ៉ាវ​ដែល​កើត​ឡើង​ចំពោះ BAP ក៏ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​អត់ទ្រាំ​គិត​មិន​បាន​ថា ប្រសិន​បើ​ពួក​គេ​ទទួល​បាន​ការ​មើល​ថែចាត់ការ​ល្អ និង​កម្រៃ​តបស្នង​ខ្ពស់​ជាង​នេះនៅខណៈ​ដែល​ពួក​គេ​កំពុង​ល្បី​ខ្លាំង នៅ​ពេល​នេះក្រុម​បងធំ​ក្នុង​វិស័យ​ខេប៉ុប​អាច​ជាពួក​គេ​ក៏​ថាបាន។

បញ្ចប់​ពី​ក្រុម BAP យើង​ងាក​ត្រលប់​មក Secret វិញ​បន្តិច ដោយ​មិន​ដឹង​ថា​ដោយសារ​តែ TS ជាប់រវល់​តស៊ូ​ក្ដីជាមួយ BAP ឬយ៉ាងណាទេ ប៉ុន្តែ​បន្ទាប់​ពី​ឆ្នាំ​២០១៤ ក្រុម Secret ក៏លែង​មាន​បទ​ចម្រៀង​ថ្មី​ចេញ​ឱ្យ​អ្នក​គាំទ្របាន​ស្ដាប់​ទៀត ធ្វើ​ឱ្យ​នៅ​ឆ្នាំ២០១៦ សមាជិក Sunhwa ក៏​សម្រេច​ចិត្ត​មិន​បន្ត​កុងត្រា ហើយក្រុម Secret ក៏​បាន​ក្លាយ​ជា​ក្រុម​ដែល​មាន​សមាជិក​ត្រឹម ៣នាក់​ចាប់ពីពេលនោះ ហើយ​ពួក​គេ​ក៏​ត្រូវ​បាន​ផលិតកម្ម​បន្ត​ទុក​ចោល​មក​រហូត។

លុះមក​ដល់​ឆ្នាំ​២០១៨ សមាជិក ២រូប​ទៀត​គឺ Hyosung និង Ji Eun ក៏​បាន​សម្រេច​ចិត្តដាក់ពាក្យ​ប្ដឹងបញ្ចប់​កុងត្រា​ជាមួយ​ផលិតកម្ម ដោយ​មូលហេតុ​ចម្បង​នោះ​គឺ​ដោយសារ​ពួក​គេ​មិន​បាន​កម្រៃ​តបស្នង ឬ​បាន​ដែរ​ប៉ុន្តែ​តិចតួច​ខ្លាំង។ ប៉ុន្តែខាង TS ក៏​បាន​ចេញ​មក​តបត​វិញយ៉ាងផ្ទុយ​ស្រឡះ ដោយ​ចោទ​ប្រកាន់​ថា​ពួក​នាង​គឺជា​ភាគី​ដែល​បាន​ផ្ដាច់​ទំនាក់ទំនង និង​បាន​កសាង​ការ​លំបាក​ដល់​សមាជិក​ក្រុម​ដទៃ។ បន្ទាប់ពីតស៊ូក្ដី​រាប់​ឆ្នាំ ទីបំផុតតុលាការក៏សម្រេច​ឱ្យ​ Hyosung និង Ji Eun ឈ្នះ​ក្ដី និង​នៅ​សល់​ Hana តែម្នាក់​ប៉ុណ្ណោះ​ដែល​នៅ​បន្ត​ជាមួយ​ផលិតកម្ម និង​ក្លាយ​ជា​ចុងបញ្ចប់​ជាផ្លូវការ​របស់​ Secret ​​ក្រុម​​ល្បី​បំផុតមួយ​នៅ​ជំនាន់​ទី​២ត្រឹមប៉ុននេះ។

បន្ទាប់​ពី​ផលិតកម្ម​បាន​បាត់បង់​ក្រុម​លំដាប់ Top ដូចជា BAP និង Secret អ្នក​គាំទ្រ​ជា​ច្រើន​ក៏​មិន​គិត​ថា TS នឹងធ្វើ​អាក្រក់​ជាមួយ​សិល្បករ​ផ្សេងៗដូចជាក្រុម Untouchable ដែល​នៅ​ជាមួយ​ពួក​គេ​តាំង​ពី​ចាប់​ផ្ដើម​នោះទេ។ ប៉ុន្តែ​មិន​ដូច្នោះ​ឡើយ ព្រោះ​រយៈពេល​មួយ​ឆ្នាំ​បន្ទាប់ គឺ​នៅ​ឆ្នាំ​២០១៩ Sleepy ដែល​ជាសមាជិកម្នាក់​របស់ក្រុម​នេះ​ក៏​បាន​ចេញ​មុខ​ប្ដឹង​បញ្ចប់​កិច្ចសន្យាជាមួយ​ផលិតកម្ម និងអះអាង​ថា​រូបគេ​មិន​បាន​ប្រាក់​កម្រៃ​ពីខាង​ផលិតកម្ម​ឡើយ បន្ទាប់​ពី​បាន​ជ្រកកោន​ក្នុង​ផលិតកម្ម​យ៉ាងយូរ​ដល់​១០​ឆ្នាំ ថែម​ទាំង​បាន​បន្ថែម​ថារូបគេ​មាន​ជីវិត​រស់​នៅ​លំបាក​ខ្លាំងដល់​ថ្នាក់​គ្មាន​លុយ​បង់ទឹកបង់ភ្លើង ហើយ​ផលិតកម្ម​មិន​ដែល​បាន​ជួយ​អ្វី​ដល់​គេ​នោះ​ទេ។ ប៉ុន្តែ TS ក៏​បាន​បដិសេធ​ការ​ចោទប្រកាន់​ទាំង​អស់ ថែមទាំងសម្រេចចិត្ត​ប្ដឹង​បករូបគេ​វិញ រួម​ទាំង​ទាមទារ​សំណង ២១៨លានវ៉ុនពីបទ​បង្ខូច​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុនថែម​ទៀត។ ប៉ុន្តែ​ច្បាស់​ណាស់ ចុង​ក្រោយ TS ក៏​បាន​ចាញ់​ក្ដីម្ដង​ទៀត ហើយ Sleepy ក៏​ទទួល​បាន​សេរីភាព​ និង​ចេញ​មក​ធ្វើ​បទចម្រៀង​បន្ត។

បន្ទាប់​ពី​នេះ TS Entertainment បាន​បញ្ចេញ​ក្រុម​ចម្រៀង​ពីរ​ក្រុម​ទៀត​គឺក្រុមនារី Sonamoo និងក្រុមបុរស TRCNG ប៉ុន្តែ​ជោគវាសនា​ក្រុម​ទាំង​ពីរ​ក៏មិន​ខុស​ពី​រៀម​ច្បង​នោះ​ដែរ ឬអាច​និយាយ​ថា​អាក្រក់​ជាង​រៀម​ច្បង​ទៅ​ទៀត ដោយសារ​ពួក​គេ​បាន​បង្ហាញ​មុខ​ស្រប​ពេល​ដែល​ក្រុមហ៊ុន​មាន​បញ្ហា ចេញបទ​ចម្រៀង​ក៏​មិន​ទទួល​បាន​ការគាំទ្រ​ខ្លាំង ហើយ​បញ្ចប់​ទៅ​ជាមួយ​រឿង​ក្ដីក្ដាំ​ថែមទៀត។

មក​ដល់​ចំណុច​នេះ ប្រិយមិត្តប្រាកដជា​ដឹង​ហើយ​ថា​ឆ្នាំ​២០១៩ គឺជា​ឆ្នាំ​ដ៏លំបាក​សម្រាប់ TS Entertainment ព្រោះមានការប្ដឹង​បញ្ចប់កិច្ចសន្យា​ពី​តារា​ក្នុងផលិតកម្មរហូត​ដល់​ ៣ក្រុម​ផ្ទួនៗ​គ្នា។ ចុះ​ខណៈពេល​នោះ តើស្ថាបនិក​ផលិតកម្ម និងជាផលិតករ​សំខាន់​របស់​ក្រុមហ៊ុន​ Kim Taesong ស្ថិតនៅ​ឯណា? ចម្លើយ​គឺ បុរស​ម្នាក់​នេះ​លែងមានវត្តមាន​នៅ​លើ​ពិភពលោក​ទៀត​ហើយ ព្រោះគាត់បាន​បាត់បង់ជីវិត​តាំងពី​ខែមេសា​ ឆ្នាំ​២០១៨​ម្ល៉េះ។ ​ព័ត៌មាន​ផ្លូវការ​ដែល​បាន​ប្រកាស​ចុះផ្សាយ​ក៏​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ស្លាប់​នោះ​ឡើយ ប៉ុន្តែ​បើ​មើល​តាម​ស្ថានភាព​ដ៏លំបាក​របស់ក្រុមហ៊ុន​ទាំងកេរ្តិ៍ឈ្មោះ និង​ផ្នែក​ហិរញ្ញវត្ថុ គេអាច​ស្មាន​បាន​ថា​មាន​រឿង​អ្វី​កើត​ឡើង។ មែនទែនទៅ Kim Taesong ផ្ទាល់គឺមានទំនាក់ទំនង​ល្អ​ជាមួយ​សិល្បករ​មក​រហូត ហើយនៅ​ពេល​ដែល​សមាជិក B.A.P សម្រេច​ចិត្ត​មិន​បន្ត​កុងត្រា និង​នៅពេលសិល្បករ​ដែល​នៅ​សេសសល់​សម្រេច​ចិត្ត​ប្ដឹង​ក្រុមហ៊ុន​ភ្លាម​ៗ​នោះ យើងក៏អាច​សន្និដ្ឋាន​បាន​ថា គាត់​គឺ​ជា​បុគ្គល​ម្នាក់​ដែល​អាច​ធ្វើ​ឱ្យ​ក្រុមហ៊ុន​បន្ត​ដំណើរ​មក​បានជាង១០ឆ្នាំមកនេះ។

ហើយ​បើ​មើល​តាម​សេចក្ដីថ្លែងការណ៍ និង​សកម្មភាព​របស់​ក្រុមហ៊ុន​ដែល​កាន់តែយ៉ាប់ទៅៗ គេក៏អាច​ស្មាន​បាន​ថា​នេះ​គឺជា​ស្នាដៃរបស់​អ្នក​មាន​អំណាច​ដទៃក្នុងក្រុមហ៊ុន ប៉ុន្តែ​អ្នក​គាំទ្រ​ក៏​គ្មាន​ផ្លូវ​ដឹង​​ថា​ពួក​គេ​គឺជា​នរណាខ្លះ​ដែរ ព្រោះ​នៅ​ខែមករា ឆ្នាំ​២០២១​ វិបសាយ TS Entertainment ក៏​បិទដំណើរការ​យ៉ាងស្ងាត់ៗ។ រហូត​ដល់​ឆ្នាំ២០២២ សមាជិក​ក្រុម TRCNG ក៏បាន​បង្ហោះសារ​លើ​បណ្ដាញ​សង្គម​របស់​ពួក​គេថាសមាជិក​ក្រុម​បាន​ចែក​ផ្លូវគ្នា​អស់ហើយ ដែល​ជា​ការ​បញ្ជាក់​ដោយប្រយោលថា TS Entertainment ត្រូវ​បិទទ្វារ​ រឿងក្ដី​ជាមួយ​សិល្បករ​ទាំងអស់ដែល​នៅជាប់គាំង​ក៏​ត្រូវបិទ​បញ្ចប់ ហើយ​គ្រប់គ្នា​ក៏​ក្លាយ​ជា​តារាឯករាជ្យ។

បច្ចុប្បន្ន សមាជិក​មួយចំនួនរបស់ TRCNG ក៏បាន Debut ជាថ្មី​ក្នុង​នាមជាក្រុម BXB ហើយ​អតីតសមាជិក Sonamoo ខ្លះ​ក៏​នៅ​ទទួលការងារសម្ដែង និងប្រកប​ការងារក្នុងវិស័យ​សិល្បៈដូចដើម។ ប៉ុន្តែ​វាពិតជាគួរឱ្យសោកស្ដាយ​ចំពោះពេលវេលា​ដែល​តារាវ័យ​ក្មេង​ទាំងនេះត្រូវ​ខាតបង់​ជាមួយ​ផលិតកម្ម​មួយ​នេះ។ បើទោះបី​បច្ចុប្បន្ន​លែងមាន​ឈ្មោះ TS Entertainment ក្នុងវិស័យ​ខេប៉ុប​ទៀត ប៉ុន្តែ​ឈ្មោះ​នេះ​នៅ​តែ​ត្រូវ​បាន​គេ​ចងចាំ​ក្នុង​ឋានៈ​ផលិតកម្មចម្រៀង​អន់បំផុត​ក្នុង​ប្រវត្តិសាស្ត្រខេប៉ុប ដែល​បាន​នាំយក​ក្ដីស្រមៃ​របស់​យុវជន​ជាច្រើន​មក​ជាន់ឈ្លីគ្មាន​ស្រណោះអ្វីបន្តិច។ សង្ឃឹម​ថា​នឹង​គ្មាន​ផលិតកម្ម​ណាមួយ​ដើរតាម​គន្លង​នេះ​ទៀត ព្រោះការព្យាយាម​ជាច្រើន​ឆ្នាំ​របស់ក្រុមអាយដលដូចជា B.A.P មិនគួរណា​ក្លាយ​ជា​អ្វី​ដែល​អាច​លក់​ដូរ​បាន​នៅ​ផ្សារ​លក់​របស់​មួយ​ទឹក​នោះ​ទេ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ