នៅថ្ងៃទី៣ ខែកញ្ញា នេះ កម្មវិធី MTV Video Music Awards បានប្រកាសនៅលើគណនីបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួនជាផ្លូវការថា តារាចម្រៀង Ejae, Rei Ami និង Audrey Nuna នឹងចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់ឆ្នាំ ២០២៥ ជាតំណាងនៃគំនូរជីវចល KPop Demon Hunters។

នៅក្នុងវីដេអូផ្សព្វផ្សាយ មុនកម្មវិធីមកដល់នៅថ្ងៃទី៧ ខែកញ្ញាខាងមុខនេះ Ejae ដែលជាម្ចាស់សំឡេងច្រៀងរបស់ Rumi រួមគ្នានឹង Rei Ami ម្ចាស់សំឡេងរបស់ Zoey និង Audrey Nuna ម្ចាស់សំឡេងរបស់ Mira បានបង្ហាញអារម្មណ៍រំភើបសម្រាប់វត្តមានចូលរួមកម្មវិធីប្រគល់ពានរង្វាន់នៅគ្រានេះ។
តារាចម្រៀងជនជាតិកូរ៉េអាមេរិកាំងទាំង ៣រូប បានច្រៀងចម្រៀងជាច្រើនបទនៅក្នុងរឿង KPop Demon Hunters រួមមានបទ “Golden” “How It’s Done” និង “Takedown” ដោយបទ Golden គឺជាបទដែលលេចធ្លោជាងគេ ជាមួយកេរ្តិ៍ឈ្មោះជាច្រើន ថែមទាំងបានកាន់កាប់តំណែងលេខ ១ នៅលើតារាង Billboard Hot 100 អស់រយៈពេល ៣ សប្តាហ៍ជាប់ៗគ្នា។

យ៉ាងណាមិញ ភាពយន្តដែលមានអ្នកទស្សនាច្រើនបំផុតនៅលើ Netflix ជាមួយនឹងចំនួនចូលមើល ២៦៦ លានដងនេះ គឺមានអ្នកបញ្ចូលសំឡេងមួយឈុតទៀត សម្រាប់ឈុតឆាកនិយាយ មិនមែនឈុតច្រៀង ដោយអ្នកទាំង ៣នោះគឺ Arden Cho, May Hong, Ji-young Yoo គឺជាម្ចាស់សំឡេងរបស់ Rumi, Mira និង Zoey៕
























































Account
Security
Favourite Content