ថ្មីៗនេះ ក្រុមចម្រៀងខេប៉ុប GOT7 បានធ្វើការវិលត្រលប់ជុំគ្នាលើកដំបូងរយៈពេលជិត ៣ឆ្នាំបន្ទាប់ពីអាល់ប៊ុម “Go7” បានចេញកាលពីឆ្នាំ២០២២។ អាល់ប៊ុមចុងក្រោយរបស់ពួកគេមានចំណងជើងថា ‘WINTER HEPTAGON’ កំពុងទទួលបានជោគជ័យ ដោយអាចគ្រងចំណាត់ថ្នាក់លេខ១លើតារាង iTunes ទូទាំងពិភពលោក។

ជាក់ស្ដែង រយៈពេលមិនដល់ពីរថ្ងៃបន្ទាប់ពីការចេញផ្សាយកាលពីថ្ងៃទី ២០ ខែមករា អាល់ប៊ុម ‘WINTER HEPTAGON’ បានឡើងដល់ចំណាត់ថ្នាក់កំពូលលើតារាង iTunes ទូទាំងពិភពលោក និងតារាងអាល់ប៊ុម iTunes របស់អឺរ៉ុប។ លើសពីនេះអាល់ប៊ុមខាងលើក៏បានឈានដល់លេខ ១ នៅលើតារាង iTunes ‘Top Album’ ក្នុងប្រទេសផ្សេងៗសរុបចំនួន ៤០ រួមមាន អូស្ត្រាលី ឈីលី កូឡុំប៊ី បារាំង ហុងកុង ឥណ្ឌូនេស៊ី ម៉ាកាវ ហូឡង់ ហ្វីលីពីន សិង្ហបុរី និងប្រទេសច្រើនទៀត ខណៈបទចម្រៀងនាំមុខមានចំណងជើងថា “Python” បានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង iTunes ‘Top Song’ ច្រើនជាង ២០ ប្រទេសនិងតំបន់ផងដែរ។
គួរបញ្ជាក់ថា អាល់ប៊ុម ‘WINTER HEPTAGON’ រួមមានបទចម្រៀងថ្មីចំនួន ៩បទដែលមានទាំងបទជាក្រុមនិងបទទោលសម្រាប់សមាជិកម្នាក់ៗដូចជាបទ TIDAL WAVE ដោយ BamBam, បទ SMOOTH ដោយ Jackson, បទ Youth Drama ដោយ Youngjae , បទ I’ll Remember ដោយ Yugyeom, បទ Darling ដោយ JAY B, បទ OUT THE DOOR ដោយ Mark និងបទ Her ដោយ Jinyoung។
បន្ទាប់ពីចេញអាល់ប៊ុមនេះ GOT7 គ្រោងនឹងបង្ហាញខ្លួននៅក្នុងកម្មវិធីតន្ត្រីផ្សេងៗពេញមួយសប្តាហ៍។ លើសពីនេះទៀត ពួកគេនឹងរៀបចំការប្រគំតន្ត្រី NESTFEST ដែលជាការប្រគំតន្ត្រីទោលដំបូងរបស់ពួកគេក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយ នៅថ្ងៃទី ១ និងថ្ងៃទី២ ខែកុម្ភៈ ក្នុងទីក្រុងសេអ៊ូល ៕


























































Account
Security
Favourite Content