“Conjuring” ដែលត្រូវបានស្គាល់ថាភាពយន្តរន្ធត់ដ៏ល្បីល្បាញ ទើបតែប្រកាសចេញវគ្គទី៤ និងជាវគ្គចុងក្រោយរបស់ខ្លួនកាលពីថ្មីៗនេះ ដោយក្រុមហ៊ុន New Line ដែលជាអ្នកផលិតបានបង្ហើបថាកាលបរិច្ឆេទចេញបញ្ចាំងគឺនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។

ភាពយន្តវគ្គថ្មីដែលនៅមិនទាន់មានចំណងជើងផ្លូវការនៅឡើយ នឹងបន្តសាច់រឿងពីភាពយន្ត “The Conjuring: The Devil Made Me Do It” ដែលចេញផ្សាយកាលពីឆ្នាំ២០២១ ខណៈអ្នកដឹកនាំរឿង Michael Chavez ដែលជាអ្នកដឹកនាំវគ្គមុន រួមទាំងភាពយន្ត “The Nun” វគ្គ២ ដែរនោះ នឹងត្រលប់មកដឹកនាំវគ្គថ្មីនេះម្ដងទៀត។
គួរបញ្ជាក់ថា អាណាចក្រភាពយន្តរន្ធត់ “Conjuring” ដែលនិយាយពីដំណើរស៊ើបអង្កេតលើអព្ភូតហេតុផ្លូវងងឹតរបស់ប្ដីប្រពន្ធ Ed និង Lorrain Warren សម្ដែងដោយតារាប្រុស Patrick Wilson និងតារាស្រី Vera Farmiga បានចាប់ផ្ដើមវគ្គដំបូងកាលពីឆ្នាំ២០១៣ ក្រោមស្នាដៃអ្នកដឹកនាំរឿង James Wan ដោយអាចរកចំណូលបាន ៣២០ លានដុល្លារ ខណៈចំណាយដើមទុនផលិតអស់ត្រឹម ២០លានដុល្លារ។
រហូតមកដល់ពេលនេះ ស៊េរីភាពយន្ត “Conjuring” បានបន្តចេញវគ្គថ្មីចំនួន ៣ វគ្គ និងមានភាពយន្តពាក់ព័ន្ធផ្សេងៗទៀតដូចជាភាពយន្តតុក្កតាខ្មោច “Annabelle” ចំនួន ៣វគ្គ និងភាពយន្តដូនជីខ្មោច “The Nun” ចំនួន ២ វគ្គផងដែរ។ ភាពយន្តទាំង ៨ រឿងដែលចេញផ្សាយកន្លងមកនេះអាចរកចំណូលបានសរុប ២,២ ពាន់លានដុល្លារ ខណៈដើមទុនផលិតសរុបអស់ ២០៨ លានដុល្លារ ៕























































Account
Security
Favourite Content