នៅថ្ងៃទី៨ ខែតុលានេះ ទស្សនាវដ្ដី Rolling Stone បានចេញផ្សាយបញ្ជីឈ្មោះ “ចម្រៀង ២៥០បទដ៏អស្ចារ្យបំផុតនៃសតវត្សទី ២១” ដោយបទ Spring Day របស់ក្រុម BTS បានឈរឈ្មោះនៅលើតារាងនេះក្នុងចំណាត់ថ្នាក់លេខ ៣៧។

ទស្សនាវដ្ដីអាមេរិកមួយនេះបានសរសើរថា Spring Day គឺជាស្នាដៃដ៏ល្អឯករបស់ BTS ក្រុមចម្រៀងប៉ុប មានប្រជាប្រិយភាពបំផុតប្រចាំសតវត្សរ៍ទី២១ ដែលបានកែប្រែភាពឈឺចាប់ ក្លាយជាចម្រៀងពេញដោយឥទ្ធិពល និងជ័យជម្នះ។
កន្លងមក Suga និង RM ក៏ធ្លាប់បកស្រាយដែលថា ចម្រៀងមួយបទនេះគឺផ្អែកទៅលើបទពិសោធន៍ដ៏ឈឺចាប់ ក្រោយបាត់បង់មិត្តភក្ដិ ខណៈមេក្រុមរូបនេះក៏បានឱ្យដឹងដែរថា បទនេះទទួលបានការបំផុសគំនិតចេញពីភាពយន្តរឿង Snowpiercer និងសៀវភៅ The Ones Who Walk Away from Omelas។

ចេញផ្សាយដំបូងតាំងតែពីខែកុម្ភៈ ឆ្នាំ២០១៧ Spring Day គឺជាចម្រៀងមួយបទពីអាល់ប៊ុមពិសេស You Never Walk Alone ដែលជាផ្អែកមួយនៃអាល់ប៊ុមស្ទូឌីយោទី ២ ស្ថិតក្រោមឈ្មោះថា Wings។ ស្នាដៃចម្រៀងមួយនេះ ទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រក្នុងស្រុក រហូតក្លាយជាបទចម្រៀងទី ១ ដែលទទួលបានការចូលស្ដាប់ចំនួន ១ពាន់លានដង នៅលើកម្មវិធី Melon។
គួរឱ្យដឹងផងដែរថា សម្រាប់តំណែងកំពូលទាំង ១០នៅលើបញ្ជីឈ្មោះ “ចម្រៀង ២៥០បទដ៏អស្ចារ្យបំផុតនៃសតវត្សទី ២១” បានទៅលើបទ Get Ur Freak On របស់ Missy Elliott, បទ Maps របស់ Yeah Yeah Yeahs, បទ Crazy in Love របស់ Beyoncé និង Jay Z, បទ Seven Nation Army របស់ The White Stripes, បទ All Too Well របស់ Taylor Swift, បទ Dancing on My Own របស់ Robyn, បទ Alright របស់ Kendrick Lamar, បទ Idioteque របស់ Radiohead, បទ Toxic របស់ Britney Spears និង Thinkin Bout You របស់ Frank Ocean៕






















































Account
Security
Favourite Content