Krystal ជាអតីតសមាជិកក្រុមតារាចម្រៀងខេប៉ុបស្រីល្បីជំនាន់ទី ២ f(x) ហើយបច្ចុប្បន្ននាងជាតារាសម្ដែងស្រីជួរមុខក្នុងប្រទេសកូរ៉េខាងត្បូង និងជាអ្នកតំណាង (BA) ម៉ាកផលិតផលល្បីៗលំដាប់ពិភពលោកជាច្រើនផងដែរ។


រាប់មកទល់បច្ចុប្បន្ននេះតារាស្រីរូបនេះមានវ័យ ២៩ ឆ្នាំទៅហើយ ប៉ុន្តែសម្រស់របស់នាងមើលទៅហាក់ដូចជាមិនប្រែប្រួលទាល់តែសោះ មានន័យថាសម្រស់របស់នាងស្ទើរតែនៅដដែលដូចកាលពីចេញបង្ហាញមុខដំបូងដូច្នោះដែរ។



នៅពេលចូលរួមកម្មវិធីធំៗ Krystal តែងតែត្រូវបានគេសួរនាំអំពីរបៀបរបស់នាងថាធ្វើយ៉ាងណាទើបអាចរក្សាសម្រស់បានយ៉ាងល្អដូច្នេះ។ យោងតាមគេហទំព័រ Kpopstarz នាងបាននិយាយថាមនុស្សទាំងអស់សុទ្ធតែកើតមកជាមួយនឹងស្បែកដែលមានសុខភាពល្អ តែគ្រាន់ត្រូវគិតថាយើងគួរថែរក្សាស្បែកដោយរបៀបណាប៉ុណ្ណោះ។



នាងបានប្រាប់បន្តថាដោយសារតែខ្លួនមានកាលវិភាគដ៏មមាញឹកខ្លាំង ដូច្នេះហើយសម្រាប់របៀបរបបក្នុងការថែរក្សាស្បែកមុខរបស់នាងគឺមានភាពសាមញ្ញមែនទែន។ ជំហានដំបូងនាងត្រូវការសម្អាតស្បែកមុខជាមុនសិនដោយប្រាកដថាមិនមានកាកសំណល់គ្រឿងសម្អាង ឬកម្ទេចធូលីជាប់នៅលើផ្ទៃមុខ។
បន្ទាប់មកនាងបានប្រើនូវទឹក Toner ដើម្បីជួយស្ដារកម្រិត pH របស់ស្បែក ផ្ដល់សំណើមព្រមទាំងធ្វើឱ្យស្បែកស្រស់ថ្លាផងដែរ។ ជំហានបន្ទាប់គឺសេរ៉ូមដោយនាងជឿជាក់ថាវាអាចជួយផ្ដល់សំណើមបានកាន់តែច្រើនក៏ដូចជាដោះស្រាយនូវបញ្ហាស្នាមអុជខ្មៅ និងស្នាមជ្រីវជ្រួញទៀតផង។


ជាមួយគ្នានេះដែរ អ្វីដែល Krystal មិនដែលរំលងគឺការប្រើប្រាស់ម៉ាសសន្លឹកព្រោះវាមានអត្ថប្រយោជន៍ដល់ស្បែកមុខជាច្រើនដូចជាជួយឱ្យស្បែកទន់រលោង មានភាពភ្លឺថ្លា ពង្រឹងសុខភាពស្បែក និងកាត់បន្ថយស្នាមជាំ។ លើសពីនេះ នាងក៏បានណែនាំឱ្យអ្នកគាំទ្រប្រើក្រែមលាបក្រោមភ្នែកដើម្បីការពារស្នាមដក់ខ្មៅ និងធ្វើឱ្យស្បែកភ្លឺថ្លាផងដែរ។



ចំណែកគន្លឹះតូចមួយដែលនាងបានចែករំលែកនោះគឺកុំភ្លេចប្រើផលិតផលដែលប្រើប្រាស់ហើយសល់លើដៃទៅលាបកែងដៃ ជង្គង់ និងកន្លែងផ្សេងទៀតដែលចង់ឱ្យស្រស់ថ្លា។ ដើម្បីឱ្យផលិតផលថែរក្សាស្បែកដែលជ្រាបចូលកាន់តែល្អ នាងបានប្រើប្រាស់នូវឧបករណ៍ម៉ាស្សាមុខផងដែរ។
ស្របពេលនេះ តារាស្រី Krystal ជឿជាក់ថាភាពស្រស់ស្អាតគឺចេញពីខាងក្នុង មានន័យថាសម្រស់ពិតជាកាន់តែស្អាតនៅពេលដែលយើងមានអារម្មណ៍ល្អ និងជឿជាក់លើខ្លួនឯង។ ដូច្នេះនាងបានផ្ដាំថាបើស្រឡាញ់សម្រស់ខ្លួនឯង ត្រូវស្រឡាញ់ខ្លួនឯង ហើយថែទាំខ្លួនឯងឱ្យបានល្អ៕





















































Account
Security
Favourite Content