ការព្យាបាលដោយក្លិនក្រអូប ឬអាចហៅបានថា aromatherapy គឺជាការប្រើប្រាស់សារធាតុចម្រាញ់ពីរុក្ខជាតិធម្មជាតិដើម្បីជួយកាត់បន្ថយការថប់បារម្ភ និងបន្ធូរភាពតានតឹងផងដែរ។ ជាទូទៅ ការព្យាបាលដោយក្លិនក្រអូបគឺប្រើសម្រាប់កាត់បន្ថយការឈឺចាប់ផ្នែកផ្លូវចិត្ត ស្ត្រេស ធ្វើឱ្យអារម្មណ៍នឹងនរជាងមុន និងជួយសម្រួលដល់ការគេងទៀតផង។ ដូច្នេះថ្ងៃនេះយើងសូមណែនាំក្លិនទាំង ៥ ខាងក្រោមដែលងាយស្រួលរកទិញ និងល្អសម្រាប់ព្យាបាលបញ្ហាខាងលើ៖
១. ក្លិនផ្កាឡាវែនឌឺ
ក្លិនផ្កាឡាវែនឌឺគឺជាក្លិនក្រអូបមួយប្រភេទដែលពេញនិយមបំផុត។ តាមការស្រាវបានបង្ហាញថាការស្រូបយកក្លិនមួយនេះញឹកញាប់អាចជួយកាត់បន្ថយកម្រិតនៃការថប់បារម្ភ និងធ្វើឱ្យគេងលក់ស្រួលផងដែរ។ លើសពីនេះ ប្រេងផ្កាឡាវែនឌឺនេះក៏អាចជួយគ្រប់គ្រងអារម្មណ៍ និងធ្វើឱ្យចិត្តស្ងប់ទៀតផង។ យើងអាចបន្តក់វាពីរ ឬបីតំណក់ចូលក្នុងអាងទឹក ឬប្រើជាមួយម៉ាស៊ីនបន្សុទ្ធខ្យល់ក៏បាន។
២. ក្លិនក្រូច (ក្រូចគ្រប់ប្រភេទ)

ការប្រើប្រាស់ប្រេងក្លិនក្រូចឆ្មារក៏អាចជួយកាត់បន្ថយបញ្ហាថប់បារម្ភដែរ។ មិនតែប៉ុណ្ណោះ ក្លិនក្រូចឆ្មារក៏អាចជួយឱ្យមុខងារខួរក្បាលមានដំណើរការប្រសើរជាងមុនផងដែរ។ ជាពិសេសសម្រាប់អ្នកមានផ្ទៃពោះគឺអាចជួយកាត់បន្ថយអាការៈចាញ់កូនបានមួយផ្នែកទៀតផង។ យើងអាចបន្តក់មួយ ឬពីរដំណក់ទៅសំឡីហើយទុកកន្លែងណាមួយដែលនៅក្បែរយើងបាន។
៣. ក្លិនផ្កា Chamomile
ផ្កា Chamomile ភាគច្រើនត្រូវបានគេរកឃើញជាប្រភេទស្លឹកតែដែលអាចជួយបន្ធូរអារម្មណ៍បាន។ គុណសម្បត្តិនៃផ្កា Chamomile គឺជួយកាត់បន្ថយភាពតានតឹង ការថប់បារម្ភ និងសម្រួលដល់ការគេងឱ្យបានស្កប់ស្កល់ជាងមុនផងដែរ។ ដូច្នេះប្រេងផ្កា Chamomile ក៏មានគុណសម្បត្តិមិនចាញ់ស្លឹកតែនោះទេ។
៤. ក្លិនផ្កាម្លិះ
ផ្កាម្លិះជាផ្កាមួយប្រភេទដែលមានក្លិនស្រាល ស្រទន់ និងស្រស់ស្រាយមែនទែន។ ដូច្នេះការប្រើប្រេងផ្កាម្លិះមានលក្ខណៈសម្បត្តិជួយបំបាត់ការថប់បារម្ភបានយ៉ាងល្អ។ មិនតែប៉ុណ្ណោះ ការស្រូបយកក្លិនផ្កាម្លិះញឹកញាប់ក៏ជួយយើងឱ្យមានអារម្មណ៍ស្ងប់ និងបន្ធូរភាពតានតឹងបានយ៉ាងមានប្រសិទ្ធភាព។
៥. ក្លិនផ្កា Geranium
ប្រេងផ្កា Geranium ក៏មានប្រយោជន៍មិនចាញ់ក្លិនប្រេងក្រអូបទាំងបួនខាងលើដែរ។ វាមានគុណសម្បត្តិក្នុងការកាត់បន្ថយភាពតានតឹង និងការថប់បារម្ភ ជាពិសេសអំឡុងពេលមានផ្ទៃពោះ។ ប្រេងផ្កា Geranium ក៏អាចជួយបន្ធួរអារម្មណ៍ និងកាត់បន្ថយកម្រិតស្រ្តេសបានដោយគ្រាន់តែបន្តក់ពីរ ឬបីដំណក់លើសំឡីហើយហិតថ្នមៗប៉ុណ្ណោះ៕























Account
Security
Favourite Content