នំប៉័ងត្រូវបានគេចាត់ទុកជាអាហារមួយប្រភេទដែលងាយស្រួលញ៉ាំ ចំណេញពេលវេលា និងមានរសជាតិឆ្ងាញ់ទៀតផង។ ជាមួយគ្នានេះ នំប៉័ងក៏មានអត្ថប្រយោជន៍ចំពោះសុខភាពខ្លះដែរដូចជា៖
- ជួយពង្រឹងសុខភាពពោះវៀនដោយសារប្រភពនៃជាតិសរសៃដែលល្អសម្រាប់ប្រព័ន្ធរំលាយអាហារ និងកាត់បន្ថយការទល់លាមក។
- ជួយកាត់បន្ថយភាពតានតឹងព្រោះនំប៉័ងមានផ្ទុកនូវអាស៊ីតហ្វូលិកដែលជាសារធាតុសំខាន់សម្រាប់ពង្រឹងសុខភាពសរសៃប្រសាទ និងជួយប្រឆាំងភាពតានតឹងបានផងដែរ។
- មានអត្ថប្រយោជន៍សម្រាប់ឆ្អឹងដោយនំប៉័ង ៤ បន្ទះអាចផ្ដល់ជាតិកាល់ស្យូមប្រហែល ១៦៤ មីលីក្រាម។
យ៉ាងណាមិញ ការទទួលទាននំប៉័ងច្រើន ឬញឹកញាប់ពេកក៏មិនមានផលល្អចំពោះសុខភាពនោះដែរ។ ចំពោះគុណវិបត្តិមានដូចជា៖
- កើនឡើងជាតិស្ករក្នុងឈាម
- ពិបាកក្នុងការរំលាយ
- កាត់បន្ថយការស្រូបយកសារធាតុចិញ្ចឹម
- បង្កើនកម្រិតកូឡេស្តេរ៉ូលអាក្រក់
- ខូចតម្រងនោម
ដោយសារតែមានគុណវិបត្តិចំពោះសុខភាពច្រើនគួរសម ទើបវេជ្ជបណ្ឌិតជំនាញនៃប្រទេសបានណែនាំឱ្យមនុស្ស ៤ ក្រុមខាងក្រោមគួរជៀសវាងការទទួលទាននំប៉័ងច្រើន ឬញឹកញាប់៖
- អ្នកមានការរំលាយអាហារខ្សោយ ឬទល់លាមក៖ នំប៉័ងដែលមានជាតិ gluten អាចបណ្ដាលឱ្យមានការរំខានដល់ការរំលាយអាហារ។ ជាពិសេសមនុស្សចាស់ និងកូនក្មេងដែលមានប្រព័ន្ធរំលាយអាហាយខ្សោយ។
- អ្នកមានជំងឺបេះដូង លើសឈាម និងទឹកនោមផ្អែម៖ នំប៉័ងត្រូវបានផ្សំឡើងពីសារធាតុជាច្រើនដែលមានផ្ទុកនូវកូឡេស្ដេរ៉ូលអាក្រក់ និងបរិមាណម្សៅខ្ពស់។ សារធាតុផ្សំទាំងនេះគឺជាកត្តាដែលធ្វើឱ្យរាងកាយប្រមូលផ្ដុំជាតិខ្លាញ់លើស បង្កើនហានិភ័យនៃជំងឺលើសឈាម និងជាតិស្ករក្នុងឈាមផងដែរ។
- អ្នកធាត់ ឬលើសទម្ងន់៖ ចំពោះក្រុមមនុស្សទីបីនេះក៏គួរមានការប្រុងប្រយ័ត្នដែរដោយសារវាអាចរារាំងដល់ការសម្រកទម្ងន់។ ជាឧទាហរណ៍នំប៉័ងសាំងវិច ២ បន្ទះមានផ្ទុកប្រហែល ៤០០ កាឡូរី។
- អ្នកមានជំងឺតម្រងនោម៖ នំប៉័ង និងចំណីដែលធ្វើពីម្សៅដូចជាបឺហ្គឺ ភីហ្សា ឬសាំងវិចសុទ្ធសុទ្ធតែជាអាហារដែលមានជាតិអំបិលខ្ពស់អាចប៉ះពាល់ខ្លាំងដល់តម្រងនោម។ ទន្ទឹមនឹងនេះ អ្នកមានបញ្ហាតម្រងនោមគួរតែកំណត់របបអាហារដែលមានកម្រិតជាតិអំបិលទាបដើម្បីការពារសុខភាព៕