ភ្នំសំកុស ជាទិសដៅទេសចរណ៍សក្ដានុពលដ៏សំខាន់មួយក្នុងខេត្តបាត់ដំបង នាពេលបច្ចុប្បន្ននេះ ដោយភ្នំសំកុស ឬតំបន់ការពារដែនជម្រកសត្វព្រៃភ្នំសំកុស មានសហគមន៍អេកូទេសចរណ៍អូរជាំដ៏ស្រស់ស្អាត មានទឹកធ្លាក់ធម្មជាតិ សួនផ្កាចម្រុះ ចម្ការក្រវាញ ទេសចរព្រៃភ្នំ តំបន់ប្រវត្តិសាស្ត្រខ្មែរក្រហម និងផ្ទះស្នាក់ ហើយក្នុងនោះក៏មាននូវបឹងដ៏ធំ លើកំពូលភ្នំសំកុស ដែលគេហៅថា «ទន្លេផែន»។
ថ្មីៗនេះ តាមរយៈការផ្សព្វផ្សាយរបស់ក្រសួងបរិស្ថានបានឲ្យដឹងថា បឹងដ៏ធំ ដែលអ្នកស្រុកហៅតៗគ្នាថា«ទន្លេផែន» ស្ថិតនៅរយៈកម្ពស់១៤០០ម លើកំពូលភ្នំសំកុស មានសម្រស់ដ៏ស្រស់ស្អាត កំពុងលាក់ខ្លួនក្នុងព្រៃជ្រៅ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិសាស្រ្តស្រុកសំឡូត ខេត្តបាត់ដំបង។
ទន្លេផែន មានដើមឈើធំៗខ្ពស់ៗ នៅព័ន្ធជុំវិញបឹងដែលមានទឹកថ្លាឆ្វង់ និងមានបណ្តោយប្រវែងជាង៤០០ម និងទទឹងជាង២០០ម។ អ្នកភូមិដែលធ្លាប់កាន់តំបន់ក្បែរនេះ បានបញ្ជាក់ថា ពីមុនមក កម្រមាននរណាទៅដល់កន្លែងបឹងនេះ។ កន្លងមក មានអ្នកភូមិនៃឃុំអូរជាំចំនួន៤ទៅ៥នាក់ប៉ុណ្ណោះ បានទៅរកថ្នាំ បេះក្រវាញ បេះសោម ក្បែរៗនោះ ហើយក៏មិនដែលបានសម្រាកក្បែរមាត់បឹងនេះទេ។
ក្នុងនោះដែរ កាលពីថ្ងៃទី ១៨-២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានចុះពិនិត្យនិងសិក្សាសក្តានុពលធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ ចំណែក លោក កត បូរាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានឲ្យដឹងដែរថា «ការរកឃើញទន្លេផែន បឹងធម្មជាតិដ៏ធំ នៅលើកំពូលភ្នំសំកុស នឹងនាំឲ្យការពង្រឹងបន្ថែមទៀតលើការការពារ និងការអភិរក្សធនធានធម្មជាតិដ៏ល្អ និងមានសក្តានុពលសម្រាប់ទេសចរណ៍ធម្មជាតិថ្មីបន្ថែមទៀត ដែលផ្តល់ប្រយោជន៍បន្ថែមដល់សេដ្ឋកិច្ចជាតិ និងដល់សហគមន៍មូលដ្ឋាន»។
គួរបញ្ជាក់ថា តំបន់ទេសចរណ៍ធម្មជាតិក្នុងតំបន់មួយនេះ បានផ្ដល់ជាប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាពលរដ្ឋមួយផ្នែកទៀតក្រៅពីប្រកបមុខរបរកសិកម្ម ពោលគឺ តាមរយៈការលក់ដូរ ម្ហូបអាហារនំចំណី និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ៕






























































Account
Security
Favourite Content