តាមការឱ្យដឹងពីហ្វេសបុកផ្លូវការរបស់ លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត កាលពីព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ នេះថា ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពត និងអង្គការអភិរក្សធនធានសមុទ្រកម្ពុជា (MCC) បានរកឃើញហ្វូងផ្សោតពណ៍ផ្កាឈូក (Pink Dolphin) ប្រមាណ១៥ ទៅ ២០ក្បាល នៅខេត្តកំពត ។
ផ្សោតដែលកំពុងមានវត្តមាននៅដៃសមុទ្រ ក្នុងខេត្តកំពត ទាំងអស់នេះមានអាយុប្រមាណ ២០ ឆ្នាំហើយ ។ ទន្ទឹមនឹងការរកឃើញនេះដែរ លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត ក៏បានអំពាវនាវដល់ប្រជានេសាទ ចូលរួមថែរក្សាការពារទាំងអស់គ្នា។
ដូហ្វីនពណ៌ផ្កាឈូកនេះក៏អាចជាចំណែកមួយ ជួយទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតឲ្យទៅលេងខេត្តកំពត និងតាមរមណីយដ្ឋានផ្សេងៗនៅក្បែរនោះដូចគ្នាផងដែរ៕