ទីក្រុងហាណូយ និងទីក្រុងបាងកក ដែលជាគោលដៅទេសចរណ៍ពេញនិយមនៅអាស៊ីអាគ្នេយ៍ បានជាប់ឈ្មោះក្នុងចំណោមទីក្រុងដែលមានកម្រិតបោកប្រាស់ភ្ញៀវទេសចរច្រើនបំផុត។ នេះបើយោងតាមការសិក្សាថ្មីមួយដោយវិទ្យាស្ថាន Mastercard Economics និងចេញផ្សាយបន្តដោយ CNBC កាលពីសប្ដាហ៍មុន។
របាយការណ៍នេះបានឱ្យដឹងថា ក្នុងចំណោមករណីក្លែងបន្លំដែលត្រូវបានរាយការណ៍សរុបនៅទីក្រុងបាងកក សេវាកម្មតាក់ស៊ី និងជួលរថយន្តមានអត្រាខ្ពស់ជាងគេគឺរហូតដល់ 48%។ ភ្ញៀវបរទេសជាច្រើនក៏បានរាយការណ៍អំពីការបោកប្រាស់ដោយអ្នកផ្តល់សេវាម្ហូបអាហារផងដែរ។

របាយការណ៍ដដែលបានកត់សម្គាល់ថា ទីក្រុង Cancun (ប្រទេសម៉ិកស៊ិក) ទីក្រុងហាណូយ (ប្រទេសវៀតណាម) ទីក្រុងដាកា (ប្រទេសបង់ក្លាដែស) និងទីក្រុងបាងកក (ទីក្រុងប្រទេសថៃ) គឺជាទីក្រុងដែលត្រូវបានរាយការណ៍នូវអត្រាបោកបន្លំភ្ញៀវទេសចរខ្ពស់ជាងគេ ខណៈទីក្រុងដែលមានអត្រាការក្លែងបន្លំទាបជាងគេរួមមាន ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក ទីក្រុងឌូបលីន ប្រទេសអៀរឡង់ ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី និងទីក្រុងអេឌីនបឺក ប្រទេសស្កុតឡែន។
ប្រភេទនៃការបោកប្រាស់ដែលត្រូវបានរាយការណ៍ក៏មានការប្រែប្រួលទៅតាមទីក្រុងនីមួយៗផងដែរ ដោយការបោកប្រាស់តាក់ស៊ី និងជួលរថយន្តមានត្រឹមតែ 2% នៃករណីក្លែងបន្លំទេសចរណ៍នៅក្នុងទីក្រុងដូចជាហុងកុង និងបាសេឡូណា ប៉ុន្តែនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី គឺមានចំនួនរហូតដល់ 66% នៃករណីសរុប។
ចំពោះការក្លែងបន្លំនៅក្នុងអាជីវកម្ម សេវាកម្មម្ហូបអាហារភាគច្រើនមាននៅក្នុងសហរដ្ឋអាមេរិក និងតំបន់មជ្ឈិមបូព៌ា ខណៈនៅទីក្រុងញូវយ៉កគឺមានស្មើនឹង 63 ភាគរយនៃករណីដែលបានរាយការណ៍។ ករណីទាំអនេះរាប់បញ្ចូលទាំងការដែលភោជនីយដ្ឋានគិតប្រាក់លើស និងការលួចព័ត៌មានប័ណ្ណឥណទានពីភ្ញៀវទេសចរ។

យោងតាម Mastercard វិស័យទេសចរណ៍នៅតែជាវិស័យងាយរងគ្រោះក្នុងការក្លែងបន្លំ ខណៈករណីមានការកើនឡើង 18% កំឡុងរដូវក្តៅ និង 28% ក្នុងរដូវរដូវរងាឆ្នាំ 2024។
គួររំឭកថាមុននេះ ក្រុមហ៊ុនអង់គ្លេស Euromonitor International បានដាក់ចំណាត់ថ្នាក់ទីក្រុងបាងកកជាទីក្រុងដែលមានភ្ញៀវទេសចរច្រើនជាងគេបំផុតរបស់ពិភពលោកក្នុងឆ្នាំ 2024 ជាមួយនឹងកំណត់ត្រាអ្នកដំណើរពីក្រៅប្រទេសចំនួន 32.4 លាននាក់។
ទីក្រុងហាណូយទទួលបានភ្ញៀវទេសចរបរទេសចំនួន 6.35 លាននាក់កាលពីឆ្នាំ 2024 ដែលកើនឡើង 34% ធៀបនឹងមួយឆ្នាំមុន។ រដ្ឋធានីវៀតណាមបានរំពឹងថានឹងទទួលបានភ្ញៀវទេសចរ 30 លាននាក់នៅឆ្នាំនេះ ដោយក្នុងនោះមានភ្ញៀវបរទេសចំនួន 7 លាននាក់ ៕























Account
Security
Favourite Content