គណៈកម្មាការរៀបចំការប្រកួតកីឡាបាល់ទាត់ Soccer League បានរៀបចំពិធីចាប់ពូល ត្រៀមរួចរាល់សម្រាប់រដូវកាល ២០២៥ នារសៀលថ្ងៃសុក្រ ទី ២៣ ខែឧសភា ឆ្នាំ ២០២៥ នាអគារ The Kampus។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចាប់ពូលការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Soccer League លើកទី ៨ ឆ្នាំ ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. និងជាប្រធានគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី ៨ ឆ្នាំ ២០២៥ បានមានប្រសាសន៍ថា៖ តាមរយៈការប្រកួតពានរង្វាន់ Soccer League កន្លងទៅបានធ្វើឱ្យយុវជនមួយចំនួនបានវិវត្តន៍ខ្លួន និងក្លាយជាកីឡាករអាជីពនៅលីគកំពូលកម្ពុជា ទាំងផ្នែកបុរស និងផ្នែកនារី។

ក្នុងនាមជាអ្នកឧបត្ថម្ភគាំទ្រធំ អ្នកឧកញ៉ា លាង ពៅ អគ្គនាយកពហុពាណិជ្ជកម្មក្រុមហ៊ុន ជីប ម៉ុង និងជានាយកប្រតិបត្តិក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខូភើរេសិន បានបង្ហាញការប្តេជ្ញាចូលរួមជួយជ្រោមជ្រែងដល់ព្រឹត្តិការណ៍ Soccer League ព្រោះ ខ្មែរ ប៊ែវើរីជីស មានបេះដូងស្រឡាញ់កីឡាចេញពីចិត្ត ហើយតែងតែចូលរួមយ៉ាងសកម្មក្នុងការរៀបចំព្រឹត្តិការណ៍នានា ដើម្បីបង្កើនឱកាសប្រជែងស្វែងរកកីឡាករដែលមានសក្តានុពល និងបណ្តុះធនធានកីឡាករមានសមត្ថភាព ដើម្បីឱ្យកីឡាករកម្ពុជាកាន់តែមានតម្លៃខ្ពស់ មានសន្ទុះគាំទ្រច្រើន ទាំងថ្នាក់ជាតិ និង អន្តរជាតិ។

ចំណែកឯកឧត្តម ខៀវ ភារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិ Soccer League ក៏មានប្រសាសន៍ថា ក្នុងព្រឹត្តិការណ៍ Soccer League លើកទី ៨ នេះ គណៈកម្មការបានដាក់ចេញជាមូលបទ «ស្មារតីកីឡាដើម្បីយុវជនសង្គមយើង» គឺដើម្បីបំផុសចលនាសាមគ្គីភាព រឹតចំណងមិត្តភាពដល់យុវជនទូទាំងប្រទេសកម្ពុជា ជំរុញលើកទឹកចិត្តដល់យុវជន ជាកោសិកាសង្គមឱ្យជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ និងជាផ្នែកមួយចូលរួមបង្កើតធនធានមនុស្សក្នុងវិស័យបាល់ទាត់កម្ពុជាឱ្យកាន់តែរីកចម្រើន និង រឹងមាំ។

ការប្រកួតបាល់ទាត់ Soccer League 2025 មានក្រុមចូលរួមប្រកួតសរុបចំនួន ៦៣ ក្រុម ក្នុងនោះ ក្រុមបុរសមានចំនួន ៥៦ ក្រុម និង ក្រុមនារីមានចំនួន ៧ ក្រុម។ ការចែកពូលរបស់ក្រុមបុរស គឺត្រូវបានបែងចែកចេញជា ១៦ ពូល ចាប់ពីពូល A ដល់ពូល P។ ចំណែកការចែកពូលខាងនារីវិញ ត្រូវបានបែងចែកចេញជា ២ ពូល ក្នុងនោះ ពូល A ចំនួន ៤ ក្រុម និង ពូល B ចំនួន ៣ ក្រុម។




សម្រាប់ពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី ៨ ឆ្នាំ ២០២៥ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ០៤:៣០ នាទីល្ងាច នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលក្នុងនោះ ក៏មានការប្រកួតមិត្តភាពសប្បុរសធម៌រវាងក្រុម ស.ស.យ.ក. អលស្តារ ទល់នឹងក្រុមផ្ការីកគ្រប់រដូវ ក្រោមមូលបទ «ស្មារតីកីឡាដើម្បីយុវជនសង្គមយើង»។
ខ្មែរ ប៊ែវើរីជីស អ្នកគាំទ្រលើកស្ទួយវិស័យកីឡាគ្រប់ប្រភេទនៅកម្ពុជា
ស្មារតីសាមគ្គីភាព! ស្មារតីកីឡា! ដើម្បីយុវជនសង្គមជាតិយើង!

























































Account
Security
Favourite Content