តោះៗ មកសាកថ្មជីវិតបែបកាចៗ ជាមួយបទពិសោធន៍ថ្មីនៃការជិះទូកខ្យល់តាមជ្រលងដងអូរ ទឹកហូរធ្លាក់ អមសមខាងដោយថ្មភ្នំធំៗ និងព្រៃព្រឹក្សាខៀវស្រងាត់។ តិចច្រឡំថា នៅណាឆ្ងាយអីទៅ ក្បាលឆាយ កំពង់សោមយើងហ្នឹងឯង។
ការជិះទូកខ្យល់នេះដែរធ្លាប់តែឃើញនៅស្រុកគេ តែឥឡូវបានមកដល់ស្រុកខ្មែរហើយ។ បទពិសោធន៍ថ្មី អារម្មណ៍ប្លែកមួយនេះ បង្កើតបានជាសំឡេងស្រែកបន្តកន្ទុយគ្នា លាយឡំជាមួយសំឡេងទឹកធ្លាក់ កងរំពងផ្អើលអ្នកទៅលេង។ ចាំកាល់ទៀត! រៀបខោអាវដាក់ចូលវ៉ាលី ទៅក្បាលឆាយ ជិះទូកខ្យល់ ស្រែកហ៊ោសប្បាយជាមួយគ្នា ឲ្យណាណីម្តងមើស៍។
ចំណាយម្នាក់ត្រឹមតែ ៦ ម៉ឺន (សម្រាប់មនុស្ស ២ នាក់) សម្រាប់ការជិះទូកម្តង។ ចំពោះការសាកល្បងបទពិសោធន៍ថ្មីនៃការជិះទូកខ្យល់នេះ ត្រូវបានរក្សាសុវត្ថិភាពខ្ពស់ដោយក្រុមការងារ ដែលប្រចាំការនៅទីនោះ ដោយមានការណែនាំយ៉ាងក្បោះក្បាយមុនពេលចាប់ផ្តើមជិះ និងការឃ្លាំមើលពីដំណាក់មួយទៅមួយ។
នៅមិនទាន់អស់ទេ ក្រៅពីការជិះទូកខ្យល់ អ្នកក៏អាចបន្តសាកថ្មជីវិតតាមបែបអ្នកស្រុក អ្នកភូមិ ដោយការស្ទូចត្រី ញ៉ាំអាហារតំបន់ និងដើរមើល ក៏ដូចជាស្វែងយល់ពីការរស់នៅអ្នកតំបន់នោះថែមទៀតផង។
សម្រាប់អ្នកធ្វើដំណើរពីភ្នំពេញទៅកំពង់សោមតាមផ្លូវល្បឿនលឿន ត្រូវបត់ស្តាំពេលដល់ច្រកចេញកំពង់សោម ដើម្បីចូលទៅកាន់ទឹកធ្លាក់ក្បាលឆាយ ដែលមានចម្ងាយប្រមាណជា ៨ គីឡូម៉ែត្រ។ ទីតាំង https://maps.app.goo.gl/UMdAURoKa6oDddgV9