ស្ថិតក្នុងព្រៃស្រោង ស្រោបជុំជិតទៅដោយភ្នំតូចធំនៃភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ទឹកធ្លាក់បរឡាង ឬ «ទឹកធ្លាក់ Angelina Jolie» ជាទីឋានដ៏ស្ងប់ស្ងាត់ អមដោយអាកាសត្រជាក់ មានទឹកធ្លាក់ធម្មជាតិដ៏ថ្លាឈ្វេង ប្រៀបដូចជាឱសថធម្មជាតិដ៏អស្ចារ្យ។
ទឹកធ្លាក់បរឡាង មានចម្ងាយប្រហែល ៨៣ គីឡូម៉ែត្រ ពីទីរួមខេត្ដបាត់ដំបង ដោយធ្វើដំណើរចេញពីទីរួមខេត្តបាត់ដំបង ទៅតាមផ្លូវលេខ ៥៧ ឆ្ពោះទៅកាន់ស្រុកសំឡុត បត់ខាងឆ្វេងតាមផ្សារត្រែង ដើម្បីទៅដល់រមណីយដ្ឋាននេះ។ ទឹកធ្លាក់មួយនេះស្ថិតនៅ ពីក្រោយទីតាំងអង្គការមូលនិធិម៉ាដក្ស ជោលីភីត (MJP) របស់តារាភាពយន្តហូលីវូដ អេនជេលីណា ជោលី។
ដ្បិតថាឆ្ងាយបន្តិចមែន តែទឹកធ្លាក់មួយនេះជាកន្លែងកម្សាន្តធម្មជាតិស្ងប់ស្ងាត់ គ្មានសំឡេងរំខាន មិនមានមនុស្សកកកុញពេកនោះទេ។ ទេសចរអាចទៅទស្សនាកម្សាន្តជាលក្ខណៈ Picnic ជុំគ្រួសារអាំងសាច់លេងទឹកធ្លាក់។
សម្រាប់ទេសចរពីបណ្តាលខេត្តផ្សេងវិញ ក៏មិនខកបំណងជាមួយនឹងទឹកធ្លាក់មួយនេះដែរ។ ទេសភាពតាមដងផ្លូវកៅស៊ូឆ្ពោះទៅទីតាំងមួយនេះ អមទៅដោយភ្នំព័ទ្ធជុំជិត។ លើសពីនេះ លោក-អ្នក ក៏អាចដើរទស្សនាកម្សាន្តតាមសហគមន៍ និងទិញផលានុផល ឬផលិតផលរបស់ប្រជាសហគមន៍ដូចជាទឹកឃ្មុំ ទុរេន សាវម៉ាវ និងបន្លែផ្លែឈើជាច្រើនផ្សេងទៀត៕