ពេលវេលាសម្រាប់ឆ្នាំ ២០២២ កាន់តែកៀកដល់ទីបញ្ចប់មែនទែន ហើយដើម្បីបិទទំព័រឆ្នាំចាស់ត្រៀមស្វាគមន៍ឆ្នាំថ្មី រដ្ឋបាលខេត្តនានាបានប្រកាសពីការត្រៀមខ្លួនដើម្បីទទួលស្វាគមន៍ទេសចរជិតឆ្ងាយដើម្បីទៅសម្រាកកម្សាន្តក្នុងខេត្តរបស់ខ្លួន។ ក្នុងនោះដើម្បីធានាថាទេសចរទទួលបានបទពិសោធន៍ដ៏គួរឲ្យចងចាំ ខេត្តកំពត ខេត្តបាត់ដំបង ខេត្តកែប និងខេត្តសៀមបានប្រកាសព័ត៌មានលម្អិតរួចមកហើយពីកម្មវិធីពិសេសដែលខ្លួនគ្រោងនឹងរៀបចំ។
ខេត្តបាត់ដំបង
តាមទំព័រហ្វេសប៊ុក មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបង្ហោះសារជូនដំណឹង និងភ្ជាប់ជាមួយរូបភាពពិពណ៌នាពីមាតិកានៃកម្មវិធី ដោយក្នុងនោះមាតិកានៃព្រឹត្តិការណ៍នៃកម្មវិធីដំណាច់ឆ្នាំមួយនេះត្រូវបានបែងចែកជា ៨ សំខាន់ៗរួមមាន ផែនការរួម ការបែងចែកតំបន់ ការសម្ដែងរបាំ និងទស្សនីយភាព បញ្ជីមុខម្ហូបបាត់ដំបង សំលៀកបំពាក់ សម្ភារៈប្រើប្រាស់ តំបន់ថតរូប(ផ្ទះបាយខ្មែរ) និងប្លង់បង្ហាញទីតាំងផងដែរ។ ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារដែលខេត្តបាត់ដំបងគ្រោងរៀបចំ នឹងធ្វើឡើងរយៈពេល ២ថ្ងៃគឺថ្ងៃទី ៣០ និង៣១ ចាប់ពីម៉ោង ៣រសៀលតទៅ នៅជុំវិញបរិវេណរតនាគារខេត្ត និងមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។
ខេត្តកំពត

ដើម្បីអបអរសាទរឆ្លងឆ្នាំសកល ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពតបានប្រកាសថាខេត្តកំពតបានត្រៀមរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើនរហូតដល់០៣ថ្ងៃ ឯណោះចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។រដ្ឋបាលខេត្តកំពតបានឲ្យដឹងថា ក្នុងតំបន់នីមួយៗ នឹងមានកម្មវិធីជាច្រើនដូចជា ការប្រណាំងទូកនេសាទ សម្ដែងឆត្រយន្តហោះ ប្រដាល់សេរី និងសម្ដែងក្បាច់គុនបុរាណខ្មែរ នៅតាមដងព្រែកកំពង់បាយ ការប្រគំតន្ត្រីដល់ទៅ៣ទីតាំង ព្រមជាមួយការបាញ់កាំជ្រួច និងការរាប់ថយក្រោយ។ លើសពីនេះខេត្តដែលជាទិសដៅទេសចរណ៍ដ៏សំខាន់មួយនេះក៏បានបញ្ជាក់ពីជម្រើសកន្លែងស្នាក់ដែលខេត្តមួយនេះមាន និងការលំអភ្លើងពេលរាត្រីក្នុងក្រុងផងដែរ។
ខេត្តកែប
ខេត្តតូច តែព្រឹត្តិការណ៍ដែលត្រៀមស្វាគមន៍ទេសចរគ្រប់រូបនាថ្ងៃឆ្លងឆ្នាំគឺធំ និងមានច្រើនសន្ធឹកសន្ធាប់។ ក្នុងនាមជាខេត្តដែលកំពុងមានភាពទាក់ទាញ និងការចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋាន រដ្ឋបាលខេត្តកែប បានឲ្យដឹងថាព្រឹត្តិការណ៍ពិសេសៗដែលខ្លួនត្រៀមរៀបចំមានដូចជា ប្រណាំងទូកផ្កាចារសមុទ្រ បង្ហោះខ្លែង បង្ហោះគោម បាញ់កាំជ្រួច ការតាំងពិព័រណ៍ រួមជាមួយការប្រគំតន្ត្រី។ លើសពីនេះរដ្ឋបាលខេត្តបានរៀបចំឱ្យកាន់តែប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ដើម្បីតភ្ជាប់ទីកន្លែងមួយទៅកាន់ទីកន្លែងមួយ ដូចជាឆ្នេរ ២ ៧០០ ម៉ែត្រ និងឆ្នេរអង្កោលជាដើម។
ខេត្តសៀមរាប
បើទោះព្រឹត្តិការណ៍រំលឹកគុណអង្គរទើបតែបញ្ជាប់ទៅថ្មីៗក្ដី តែខេត្តសៀមរាបក៏មិនអាចរំលងមិនរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំដ៏សំខាន់បានដែរ។ បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ បានប្រកាសថាក្រុងសៀមរាបនឹងប្រារព្ធពិធីបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល រហូតដល់ ៦ថ្ងៃឯណោះ គឺចាប់ផ្ដើមពីថ្ងៃទី២៥ រហូតដល់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។ ក្រុងសៀមរាបក៏បានរៀបចំ តុបតែងលម្អ ហើយសម្រាប់កម្មវិធីពិសេសៗវិញមានដូចជា ការជិះទូក លេងតាមដងស្ទឹងសៀមរាប និងជិះទូមើលកាំជ្រួច ថ្ងៃឆ្លងឆ្នាំ, ទស្សនីយភាពតន្រ្តីលើទឹក, ស្តង់ពិពណ៌ម្ហូបអាហារ, ផ្សារបណ្តែតទឹក និងការប្រគំតន្ត្រី។
ខេត្តមណ្ឌលគិរី
សម្រាប់អ្នកចូលចិត្តអាកាសធាតុត្រជាក់ដូចនៅអឺរ៉ុប ទេសភាពព្រៃភ្នំធម្មជាតិ វាលស្មៅស្រស់បំព្រងនិងពុំសូវអ៊ូអរខ្លាំងនៅពេលរាត្រី ខេត្តមណ្ឌលគិរីភូមិភាគឦសាននៃកម្ពុជាជាកន្លែងឆ្លងឆ្នាំដ៏ល្អបំផុតដែលអ្នកមិនគួររំលង។ ដោយឡែករដ្ឋបាលខេត្តមួយនេះក៏បានប្រកាសរៀបចំព្រឹត្តិការណ៍មួយចំនួនផងដែរដើម្បីស្វាគមន៍ទេសចរជាតិ និងអន្តជាតិ។ ក្នុងនោះ ការតាំងពិព័រណ៍សកម្មភាពការងារ សមិទ្ធផល ពាណិជ្ជកម្ម ការប្រគំតន្ត្រី និងមានវត្តមានរួមជាមួយការបាញ់កាំជ្រួចអបអរឆ្នាំថ្មីនៅបរិវេណវិមានឯករាជ្យ នៃខេត្តមណ្ឌលគិរី៕































































Account
Security
Favourite Content