សល់ប្រមាណជាងមួយសប្ដាហ៍ទៀតប៉ុណ្ណោះ បុណ្យនៃក្ដីស្រឡាញ់នឹងចូលមកដល់។ មែនទែនទៅ មនុស្សម្នាក់ៗ តែងគិតរកនូវកាដូណាមួយសម្រាប់ជូនដល់មនុស្សជាទីស្រឡាញ់របស់ខ្លួន ជាពិសេសគូសង្សារតែម្ដង។ ជាមួយគ្នាដែរ ជំនឿរបស់មនុស្សម្នាក់ៗគឺផ្សេងៗ គ្នា អ្នកខ្លះមិនបានគិតច្រើនឡើយឲ្យតែកាដូនោះស្រស់ស្អាត មានប្រយោជន៍ និងមើលទៅសមរម្យ ពួកគេនឹងជ្រើសទិញជូនមនុស្សជាទីស្រឡាញ់។ តែយ៉ាងណាមិញ មានកាដូចំនួន ៩ ដែលគេហាមប្រាម និងមានជំនឿមិនឲ្យគូស្នេហ៍ទិញជូនគ្នាឡើយ ដោយសារវាអាចមានរឿងមិនល្អកើតឡើង និងអាចនាំឲ្យបែកបាក់គ្នាទៀតផង៖
១.ស្បែកជើង
ស្បែកជើងគឺយកមកសម្រាប់ពាក់ដើរ ការជូនស្បែកជើងចំពោះគូស្នេហ៍ វាហាក់ដូចជាប្រផ្នូលឲ្យភាគីម្ខាងទៀតដើរទៅឆ្ងាយ មិនត្រឡប់មកវិញ។
២.សម្លៀកបំពាក់ពណ៌ខ្មៅ
វាជាពណ៌ស្រអាប់មួយ និងមើលទៅអាថ៍កំបាំង។ តាមជំនឿរបស់ប្រទេសខ្លះវាជាពណ៌នាំទុក្ខសោក និងជាពណ៌កាន់ទុក្ខ។ ប្រសិនបើជូនសម្លៀកបំពាក់ខ្មៅដល់គូស្នេហ៍ វាដូចជាការដាក់បណ្ដាសាឲ្យអ្នកដែលទទួលកាដូមានរឿងមិនល្អកើតឡើង។
៣.នាឡិកា
ការជូននាឡិកា ត្រូវបានគេជឿថា គូស្នេហ៍នឹងមិនអាចនៅជាមួយគ្នាបានយូរអង្វែងឡើយ។ នៅពេលនាឡិកាអស់ថ្មឈប់ដើរ ស្នេហារបស់អ្នកក៏អាចប្រេះឆាបែកបាក់ដូចនាឡិកាដែរ។
៤.រូបថតរបស់ខ្លួនឯង
ការជូនរូបខ្លួនឯងទៅកាន់គូស្នេហ៍ វាត្រូវគេចាត់ទុកថាជាប្រផ្នូលមិនល្អ ប្រផ្នូលការចាកឆ្ងាយពីគ្នា បែកបាក់សល់តែអនុស្សាវរីយ៍ដូចរូបថត។
៥.កន្សែងដៃ
កន្សែងដៃ ជារបស់តូចស្រួលដាក់តាមខ្លួនមែនពិត ប៉ុន្ដែវាត្រូវបានគេលើកឡើងថា ការជូនកន្សែងដៃ ប្រៀបដូចជាឲ្យអ្នកទទួលជួបរឿងសោកសៅត្រូវយកកន្សែងនេះជូតទឹកភ្នែករហូត ជួបទុក្ខមិនចេះអស់។
៦.អីវ៉ាន់មុតស្រួច
ការជូនរបស់មុតស្រួត ដូចជាឈុតកាំបិត ឬផ្សេងៗទៀត ត្រូវគេជឿថា អាចនាំសំណាងអាក្រក់ដល់អ្នកទទួល។ ជាពិសេសការជួបគ្រោះថ្នាក់ផ្សេងៗ ដូចជាគ្រោះថ្នាក់ចរាចរណ៍ ឬធ្លាក់ពីទីខ្ពស់ជាដើម។
៧.ក្រាសសិតសក់
ការជូនក្រាសសិតសក់ក៏ជារឿងមួយដែលចាស់ៗ តែងហាមប្រាមមិនឲ្យជូនទៅកាន់មនុស្សជាទីស្រឡាញ់។ ធ្មេញក្រាស់សិតសក់គឺមានគម្លាតពីគ្នា ចំណងស្នេហាក៏ត្រូវបានគេប្រៀបប្រដូចនឹងធ្មេញក្រាសសិតសក់ បើជូនឲ្យគ្នា ស្នេហានឹងចុះសម្រុង មានគម្លាតពីគ្នា។
៨.កែវទឹក ឬចានថ្ម
កែវទឹក ឬចានថ្ម ជារបស់របរដែលងាយធ្លាក់បែក ឬងាយប្រេះស្រាំ ប្រសិនបើទិញជូនគ្នា ស្នេហានឹងងាយបែកបាក់ ស្រួយដូច កែវទឹក ឬចានថ្មទាំងនោះអ៊ីចឹង។
៩.ទឹកអប់
ការជូនទឹកអប់ថ្វីបើជារឿងពេញនិយមមួយនាពេលបច្ចុប្បន្ន តែវាក៏ជារឿងមួយដែលជំនឿតែងហាមផងដែរ។ ទឹកអប់គឺមានក្លិន នៅពេលដែលអស់ក្លិន វានឹងលែងមានសល់អ្វីទាំងអស់។ វាប្រៀបដូចជាចំណងស្នេហ៍ដែលផ្អែមក្រអូបតែដំបូង លុះយូរៗ ទៅ សាបរលាបអស់ ចុងក្រោយប្រេះឆាមិនអាចស្រោចស្រង់បាន។
គួរបញ្ជាក់ថា ខាងលើនេះគ្រាន់តែជាជំនឿ និងការហាមប្រាមដែលចាស់ៗ ផ្ដាំតគ្នាប៉ុណ្ណោះ ចំណងស្នេហ៍អាចបន្ដបានយូរអង្វែងវាអាស្រ័យលើកត្ដាបុគ្គល និងផ្សេងៗទៀត៕