នៅថ្ងៃទី៦ ខែឧសភា BTS បានចូលជួបជាមួយប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum មុនការប្រគំតន្ត្រីរបស់កំលោះទាំង ៧ រូបក្នុងទីក្រុងម៉ិកស៊ិកូ ដែលនេះសបញ្ជាក់ឱ្យឃើញពីប្រជាប្រិយភាពដ៏ខ្លាំងក្លា និងឥទ្ធិពលវប្បធម៌របស់ក្រុមនៅក្នុងប្រទេសម៉ិកស៊ិក។

នៅក្នុងសន្និសីទសារព័ត៌មានពេលព្រឹក លោកស្រី Claudia Sheinbaum បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា BTS មកបំពេញទស្សនកិច្ចនៅការិយាល័យប្រធានាធិបតីនាថ្ងៃពុធ ទី៦ ខែឧសភា និងចេញមកស្វាគមន៍អ្នកគាំទ្រពីរានហាលនៃវិមានជាតិ។ លោកស្រីបានពណ៌នា BTS ថា ជាក្រុមតន្ត្រីដែលតែងតែនាំមកនូវសារនៃមិត្តភាព សន្តិភាព និងក្ដីស្រឡាញ់។
ផ្អែកតាមសារព័ត៌មាន The Korea Herald សមាជិកម្នាក់ៗបានចេញមកស្វាគមន៍អ្នកគាំទ្រប្រមាណ ៥ម៉ឺននាក់ ដែលបានមកប្រមូលផ្ដុំគ្នានៅពីមុខវិមានជាតិ ដោយពេលនោះ RM ក៏បានអរគុណដល់អ្នកគាំទ្រម៉ិកស៊ិកសម្រាប់ការស្វាគមន៍ថា៖ “សូមអរគុណខ្លាំងណាស់ដែលបានទទួលស្វាគមន៍ពួកយើង។ យើងកំពុងតែរង់ចាំការប្រគំតន្ត្រីនៅថ្ងៃស្អែកនេះ។ តស់! មកសប្បាយជាមួយគ្នា”។
មេក្រុម BTS រូបនេះបាននិយាយបន្ថែមជាភាសាអេស៉្បាញថា៖ “ខ្ញុំស្រឡាញ់អ្នក។ ខ្ញុំស្រឡាញ់អ្នកខ្លាំងណាស់”។

ចំណែកឯ V ក៏បាននិយាយទៅកាន់អ្នកគាំទ្រជាភាសាអេស្ប៉ាញផងដែរថា លោក និងសមាជិកក្នុងក្រុមពិតជានឹកប្រទេសម៉ិកស៊ិក មុននឹងបន្ថែមថា៖ “ថាមពលនៅទីនេះពិតជាអស្ចារ្យណាស់។ សូមអរគុណខ្លាំងណាស់ដែលស្រឡាញ់ពួកយើង”។


ជំនួបនេះបានកើតឡើងមុនការប្រគំតន្ត្រីទេសចរណ៍ពិភពលោក Arirang របស់ BTS នៅកីឡដ្ឋាន Estadio GNP Seguros ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៧ ទី៩ និងទី ១០ ខែឧសភានេះ ខណៈសំបុត្រចូលទស្សនាដែលដាក់លក់តាំងពីខែមករា បានលក់ចេញអស់គ្មានសល់។
ការប្រគុំតន្ត្រីវិលត្រឡប់មកវិញនេះ រំពឹងថានឹងជះផលចំណេញដល់សេដ្ឋកិច្ចប្រទេសម៉ិកស៊ិក។ យោងតាមសភាពាណិជ្ជកម្មទីក្រុងម៉ិកស៊ិកូ ការប្រគំតន្ត្រីនេះត្រូវបានប៉ាន់ប្រមាណថា នឹងបង្កើតសកម្មភាពសេដ្ឋកិច្ចដែលមានតម្លៃប្រហែល ១០៧.៥ លានដុល្លារអាមេរិក៕



























Account
Security
Favourite Content