ការបាត់មុខចេញពីពិភពសិល្បៈរបស់តារាស្រី Zhao Wei ឬ ត្រចៀកកាំ នៅតែជារឿងអាថ៍កំបាំងខណៈមិនមាននរណាម្នាក់ដឹងពីមូលហេតុពិតប្រាកដឡើយ គ្រាន់តែមហាជនជាច្រើនជឿថាមកពីរូបនាងមានរឿងអាស្រូវច្រើនជាប់ខ្លួនពេកទើបត្រូវបាត់មុខយ៉ាងដូច្នេះ។ ជាមួយគ្នាដែរ បណ្ដាញសង្គម Weibo ផ្លូវការរបស់នាងក៏មិនបានត្រូវបិទចោលនោះទេ ប៉ុន្ដែនាងក៏មិនបានបង្ហោះអ្វីនោះដែរចាប់តាំងពីខែ សីហា ឆ្នាំ ២០២១ មក។
មែនទែនទៅ តារាស្រី Zhao Wei ក៏មិនបានត្រូវគេប្រកាសជាប់ក្នុងបញ្ជីខ្មៅជាផ្លូវការដែរ ដូច្នេះរូបនាងនៅតែមានសង្ឃឹមអាចត្រឡប់ចូលសិល្បៈវិញនៅថ្ងៃណាមួយជាមិនខាន។ ជាក់ស្ដែងដូចជាតារាស្រី Fan BingBing អ៊ីចឹងដែលបច្ចុប្បន្ននាងកំពុងតែបន្ដសាងកេរ្ដិ៍ឈ្មោះឡើងវិញ ក្រោយជួបរឿងអាស្រូវគេចពន្ធក្នុងឆ្នាំ ២០១៨។
ថ្វីបើឥឡូវតារាស្រីវ័យ ៤៧ ហាក់នៅតែស្ងប់ស្ងាត់ប៉ុន្ដែរូបភាពរបស់នាងដែលត្រូវបានចែកចាយលើបណ្ដាញសង្គមកាលពីថ្ងៃខួបកំណើតរបស់នាង និងសារជូនដល់អ្នកគាំទ្រ ធ្វើឱ្យមហាជនដឹងថានាងមិនមានបញ្ហាអ្វីខ្លាំងឡើយ ឬត្រូវបានជាប់ឃុំឃាំងដូចពាក្យចចាមអារ៉ាមដែលបានលើកឡើងទេ គ្រាន់តែមិនទាន់អាចលេចមុខជាផ្លូវការវិញប៉ុណ្ណោះក្នុងវិថីសិល្បៈ។

នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣ យោងតាមប្រភពព័ត៌មានហុងកុង HK01 បានឱ្យដឹងថា រូបនាងត្រូវបានគេប្រទះឃើញនៅអាកាសយានដ្ឋានទីក្រុងប៉េកាំងជាមួយឈុតសម្លៀកបំពាក់សាមញ្ញ។ ប៉ុន្ដែរូបសម្រស់របស់នាងនៅតែមានភាពស្រស់ស្អាតខ្លាំង និងក្មេងជាងវ័យទៀតផង។
យោងតាមប្រភពព័ត៌មានដដែលបានឱ្យដឹងថា បើទោះជាគ្មានការងារសិល្បៈក៏ដោយប៉ុន្ដែ Zhao Wei នៅតែរស់នៅជាមួយគំនរប្រាក់ដែលចាយវាយមិនអស់ ដោយសារតែស្វាមីរបស់នាង និងនាងសុទ្ធតែជាអ្នកជំនួញដ៏ប៉ិនប្រសប់។ ក្នុងឆ្នាំ ២០២៣ ទ្រព្យសម្បត្ដិរបស់នាង និងស្វាមីត្រូវបានគេប៉ាន់ប្រមាណថាមានច្រើនជាង ១ ពាន់លានដុល្លារអាមេរិក។ រូបនាងក៏ហាក់អស់ចិត្ដក្នុងការសម្ដែង និងបន្ដអាជីពជាតារាសម្ដែងដូចគ្នា។ បើតាមប្រភពផ្ទៃក្នុង Zhao Wei កំពុងមមាញឹកក្នុងការបោះទុនផលិតរឿង និងចំណាយពេលធ្វើការងារនៅពីខាងក្រោយកាមេរ៉ាវិញម្ដងពោលគឺជាអ្នកផលិតរឿង និងអ្នកដឹកនាំរឿងជាដើម៕


























































Account
Security
Favourite Content