ពិធីករស្រស់សង្ហាលោក វី យ៉ារ៉ូ កំពុងធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោកប្រកាសនៅលើគណនីហ្វេសប៊ុកថាលោកបានស្ថិតក្នុងបញ្ហាផ្លូវចិត្តជាង ២ឆ្នាំមកហើយ និងស្ទើរតែធ្លាក់ក្នុងវិបត្តិផ្លូវចិត្តនេះធ្ងន់ធ្ងរ តែដោយសារបានជួបពិភាក្សាជាមួយពេទ្យទាន់ពេលវេលា ទើបពេលនេះផ្លូវចិត្តរបស់លោកបានធូរប្រសើរវិញខ្លះហើយ។
មិនយូរប៉ុន្មានក្រោយប្រកាសឱ្យដឹងបញ្ហាផ្ទាល់ខ្លួននេះ វី យ៉ារ៉ូ ហាក់មិនសូវមានវត្តមានតាមកម្មវិធិសិល្បៈញឹកញាប់ដូចពីមុននោះទេ សូម្បីការងារជាពិធីករជាប្រចាំរបស់លោក ជំនួសមកវិញដោយសកម្មភាពការដើរកម្សាន្ត និងធ្វើអ្វីដែលខ្លួនចង់ធ្វើ ដើម្បីបន្ធូរអារម្មណ៍តានតឹងពីជំងឺផ្លូវចិត្តទៅវិញ។
ទន្ទឹមនឹងនោះ កាលពីថ្ងៃទី១៣ កន្លងទៅ គណនីហ្វេសប៊ុកផ្លូវការរបស់ ពិធីករវ័យក្មេងមានប្រជាប្រិយភាពរូបបានបានប្រកាសសារជាថ្មីថា ខ្លួនសុំផ្អាកក្នុងការថតមួយរយៈ ដើម្បីឱ្យអ្វីគ្រប់យ៉ាងប្រសើរឡើង។ វី យ៉ារ៉ូ រៀបរាប់ថា «សូមសម្រាកពីក្រុមថតមួយរយៈធំ ហើយក៏មិនដែលសម្រាកយូរចឹងដែរ! ចាំមើលពេលមកវិញបានធូរអត់? ហើយទៅជាយ៉ាងណា!!! Let’s it flow. Follow heart. No rush anymore. Take a break for your peaceful. Rest for good inside»។
សិល្បករ- សិល្បការនី និងអ្នកគាំទ្រលោកជាច្រើនបាននាំគ្នាផ្តល់កម្លាំងចិត្ត និងជាការលើកទឹកចិត្តទៅដល់រូបលោក តាមរយៈការ Comment ផ្សេងៗគ្នា។
គួររំលឹកផងដែរថា ពិធីករស្រស់សង្ហាវី យ៉ារ៉ូ មិនមែនជាបុគ្គលទី១ក្នុងរង្វង់សិល្បៈកម្ពុជាទេ ដែលក្លាហានហ៊ានប្រកាសឱ្យដឹងថា ខ្លួនកំពុងកើតមានវិបត្តិផ្លូវចិត្ត។ ជាក់ស្តែង កន្លងមកមានបុគ្គលល្បីៗជាច្រើនហើយដែលបានឆ្លងកាត់បទពិសោធន៍នេះ តួយ៉ាង តារាចម្រៀងស្រី Adda ក៏ធ្លាប់រងវិបត្តិនេះដូចគ្នា រហូតបោះបង់ចោលបណ្តាញសង្គមជុំវិញខ្លួន លុបចោលទាំងការងារចាស់ថ្មី និងបានចេញមុខសុំទោសដល់ក្រុមហ៊ុនជាច្រើនទៀត ដែលកញ្ញាបានទទួលការងារហើយ តែត្រូវលុបចោលវិញភ្លាមៗព្រោះបញ្ហានេះថែមទៀតផង។ យ៉ាងណាមិញ ក្រោយការសម្រាកព្យាបាលអស់មួយរយៈ គេឃើញ ម្ចាស់បទ «មានអ្នកថែរឺនៅ» បានត្រលប់មកប្រសើរដូចធម្មតា និងបង្ហាញខ្លួនក្នុងសង្គមជាធម្មតាដូចពីមុនវិញ ៕













Account
Security
Favourite Content