អ្នកគាំទ្រ វណ្ណដា កម្របានឃើញរឿងបែបនេះណាស់ ដោយសុខៗតារាចម្រៀងរ៉េប វណ្ណដា បង្ហោះរឿងរ៉ាវស្នេហាលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង ជាមួយពាក្យពេចន៍ដែលលោកបានរៀបរាប់ ព្រោះវាជាគំនិតពាក់ព័ន្ធរឿងរ៉ាវសម្ពន្ធភាពរវាងមនុស្សពីរនាក់ និងការងារ ហើយក៏មានភ្ជាប់ជាមួយបទពិសោធន៍ស្នេហ៍ចាស់របស់លោកថែមទៀតផង។
ម្ចាស់បទ «Back in the Day» រៀបរាប់លើទំព័រហ្វេសប៊ុកផ្លូវការថា «“ស្នេហានិងការងារ មានតួនាទីធំក្នុង Daily routine (ទម្លាប់ប្រចាំថ្ងៃ)” ពីមុនមកខ្ញុំធ្លាប់មាននារីខ្លាំងម្នាក់នៅក្បែរ ដោះស្រាយរួមគ្នាទាំង ការងារ/បញ្ហា លើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងសុភមង្គលអោយគ្នា មានពេលវេលាសម្រាប់គ្នា រកចំណូលផ្សេងគ្នា ចំណាយផ្សេងគ្នា ហើយខ្ញុំអាចធ្វើការងារទាំងនោះបានដោយស្នាមញញឹម ទឹកមុខស្រស់បស់ មានគំនិតច្នៃប្រឌិត មានអារម្មណ៍រំភើបនិងកំលាំងចិត្តដែលដៃគូររបស់យើងផ្តល់អោយ បើទោះបីជាយើងមិនបានបង្ហាញrelationship និងរួមដំណើរជាមួយគ្នារហូតមែន តែពួកយើងបានបញ្ចប់វាដោយរកឃើញការកំណត់គោលដៅនិងពាក់កណ្តាលនៃភាពជោគជ័យរៀងខ្លួនបួករួមនឹងស្នាមញញឹមដូចគ្នា។
ផ្អែកលើបទពិសោធន៍នេះច្បាស់ណាស់ថា ការរើសដៃគូរត្រូវ និងយល់ពីការងាររៀងខ្លួន ពិតជាមានសារៈសំខាន់ក្នុង (daily routine) ទោះក្នុងកាលៈទេសៈណាមួយវាជាបទពិសោធន៍មួយដ៏ល្អ មេរៀនថ្មី និងបំភ្លឺផ្លូវសម្រាប់ថ្ងៃមុខ។ បើសិនជារើសដៃគូរខុសនិងមិនយល់ពីស្ថានភាពរបស់អ្នកបច្ចុប្បន្ន ជីវិតអ្នកនឹងពោរពេញទៅដោយភាពស្មុកស្មាញ បញ្ហាការងារ បញ្ហាស្នេហា នឹងធ្វើអោយអ្នកងងឹតរកផ្លូវចេញលែងឃើញ ហើយអ្នកអាចធ្លាក់ចូលក្នុងស្ថានភាពដើមណាមួយដែលអ្នកមិនដែលប្រាថ្នាចង់អោយមានជាលើកទី២។ សូមពិនិត្យសុខភាពបេះដូងខ្លួនឯងអោយច្បាស់ មុនសម្រេចចិត្តលើស្នេហាបន្ទាប់៕ (គិតពី to-do lists តែកុំភ្លេចគិតពី to-be lists)»។
ការបង្ហោះពីទស្សនរបស់ វណ្ណដា ចាក់ចំចិត្តអ្នកគាំទ្រតែម្តង ព្រោះអានហើយមានគំនិតអប់រំ និងបង្ហាញឱ្យឃើញពីការថ្លឹងថ្លែងរវាងស្នេហា និងការងារ។ យ៉ាងណាមិញ អ្នកគាំទ្រពិតជាភ្ញាក់ផ្អើលជាខ្លាំង ដោយកន្លងមកគេកម្រឃើញតារាចម្រៀងវ័យក្មេងរូបនេះបង្ហោះរឿងរ៉ាវស្នេហាបែបនេះខ្លាំង។
កន្លងទៅថ្មីៗនេះ វណ្ណដា ត្រូវអ្នកគាំទ្រសង្ស័យថាកំពុងមានទំនាក់ទំនងស្នេហាជាថ្មីក្រោយប្រទះឃើញរូបភាពក្នុងទីតាំងជាមួយគ្នានិងតារាស្រីម្នាក់ ប៉ុន្តែរឿងនេះស្ងប់ស្ងាត់ទៅវិញក្រោយគ្មានការឆ្លើយតបពីភាគទាំងសងខាង ប៉ុន្តែយ៉ាងណាអ្នកគាំទ្រនៅតែអន្ទះសារង់ចាំមើលមុខម្ចាស់បេះដូងរបស់តារាចម្រៀងពេញដោយទេពកោសល្យរូបនេះ៕























Account
Security
Favourite Content