តារាសម្ដែងប្រុស Tor Thanaphob បើកចិត្តទទួលស្គាល់ថា លោក និងសង្សារបានចែកផ្លូវគ្នាដើររួចទៅហើយ ក្រោយពីធ្លាប់រួមចំណងស្នេហ៍អស់ពេល ១៣ឆ្នាំ ដោយបញ្ជាក់ថា នៅពេលនេះទំនាក់ទំនងអ្នកទាំងពីរនៅត្រឹមតែជាមិត្តល្អប៉ុណ្ណោះ។

នៅក្នុងការចូលរួមកម្មវិធីថ្មីៗកន្លងទៅ តារាសម្ដែងជនជាតិថៃរូបនេះ បានរៀបរាប់ពីស្ថានភាពទំនាក់ទំនងរបស់ខ្លួន ឆ្លើយតបទៅនឹងការសាកសួររបស់អ្នកសារព័ត៌មានថា លោកបានបែកគ្នាជាមួយនឹង Meen ដែលជាអតីតសង្សារ ធ្វើការក្រៅរង្វង់សិល្បៈរួចទៅហើយ។
តារាប្រុសវ័យ ៣០ឆ្នាំរូបនេះប្រាប់ថា ការសម្រេចចិត្តនេះកើតឡើងដោយការយល់ព្រមរបស់អ្នកទាំងពីរ ក្រោមហេតុផលថា៖ “យើងមិនបានមានបញ្ហាអ្វីជាមួយគ្នានោះទេ។ ខ្ញុំទទួលស្គាល់ថា ពួកយើងក៏មានការរីកចម្រើនទៅមុខពីមួយថ្ងៃទៅមួយ ដោយមិនដឹងថាអនាគតនឹងក្លាយទៅជាបែបណា ហើយវាក៏អាចនឹងមានថ្ងៃដែលយើងនឹងគិតថា ពួកយើងរីកចម្រើនទៅកាន់គោលដៅដែលមិនដូចគ្នា”។

Tor Thanaphob បានរៀបរាប់ពីការបែកបាក់លើកនេះថា លោកមិនបានបន្ទោសទេថា នរណាខុសនរណាត្រូវ តែសម្រាប់លោកផ្ទាល់ វាមិនមែនជារឿងងាយទេក្នុងការកាត់ចិត្ត ព្រោះការបែកគ្នានេះមិនមែនកើតចេញពីបញ្ហា តែជាការដែលអ្នកទាំងពីររួមគ្នាគិតរួមគ្នាសម្រេច។
តួឯកប្រុសពីរឿង “បេះដូងសិលា” បានអធិប្បាយពីទំនាក់ទំនងបច្ចុប្បន្នជាមួយនឹងអតីតសង្សារថា៖ “ពួកយើងបានចាប់ដៃគ្នាធំធាត់មកជាមួយគ្នា ការដែលយើងថយក្រោយម្នាក់មួយជំហាននេះ ពួកយើងក៏នៅតែជាមិត្តដដែល”។
គួរបញ្ជាក់ផងដែរថា ទម្រាំមកដល់ថ្ងៃនេះ តារាប្រុសល្បីឈ្មោះ និងនារីបម្រើការលើយន្តហោះរូបនេះ ក៏ព្យាយាមតស៊ូមកជាមួយគ្នាមកមិនតិចដងដែរ ព្រោះកន្លងមកអ្នកទាំងពីរក៏ធ្លាប់បានជួបបញ្ហាពីសាធារណជនមកជារឿយៗដូចគ្នា។ ក៏ប៉ុន្តែ ចុងក្រោយស្នេហានៅតែជារឿងរបស់មនុស្សពីរនាក់ ដោយ Tor Thanaphob និង Meen សម្រេចចិត្តទម្លាក់ទំនាក់ទំនងមួយកម្រិត មកត្រឹមជាមិត្តវិញ៕
























































Account
Security
Favourite Content