នៅដើមខែឧសភានេះ ទស្សនាវដ្តី Forbes Korea បានប្រកាសបញ្ជីតារាដែលមានប្រជាប្រិយភាពបំផុតចំនួន ៤០ សម្រាប់រយៈពេលមួយឆ្នាំចុងក្រោយ គិតត្រឹមខែមេសាឆ្នាំ ២០២៣ ។ បញ្ជីនេះគឺផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន៤ រួមមាន ៥០%ផ្អែកលើប្រាក់ចំណូលប្រចាំឆ្នាំ និង៥០%ទៀតផ្អែកលើ៣កត្តាទៀតដូចជា ឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយ ឥទ្ធពលលើបណ្តាញសង្គម និងលើទូរទស្សន៍។


ក្នុងនោះអ្នកឈរនៅលំដាប់ទីមួយគឺក្រុម BTS ដោយកាលពីឆ្នាំមុន BTS បានបន្តបង្ហាញពីភាពជោគជ័យតាមរយៈសកម្មភាពជាច្រើនទាំងនៅក្នុងប្រទេសកូរ៉េ និងអន្តរជាតិ។ ចំណាត់ថ្នាក់ទី២គឺតារាបាល់ទាត់ Son Heung Min ហើយខាងក្រោមនេះយើងនឹងបង្ហាញតារាល្បីៗមួយចំនួនទៀតដែលបានជាប់ក្នុងបញ្ជីនេះ៖

ក្រុមចម្រៀងស្រី BlackPink ជាប់ចំណាត់ថ្នាក់លេខ៣ ដោយពួកគេបានបង្ហាញពីឥទ្ធិពលរបស់ខ្លួនក្នុងនាមជាតំណាង K-pop ដំបូងគេដែលបានសម្តែងនៅមហោស្រពតន្ត្រី Coachella 2023 នៅសហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះ សមាជិកក្រុម BlackPink ម្នាក់ៗក៏មានសកម្មភាពផ្ទាល់ខ្លួន និងទទួលបានជោគជ័យយ៉ាងខ្លាំង។ បច្ចុប្បន្ននេះ BlackPink គឺជាក្រុមចម្រៀងស្រីលេខ ១ នៅក្នុងប្រទេសកូរ៉េ។

តារាសម្ដែង Song Joong Ki ត្រូវបាន ទស្សនាវដ្ដី Forbes ចាត់ទុកជា តារាសម្តែងដ៏មានឥទ្ធិពលបំផុតក្នុងប្រទេសកូរ៉េ នៅពេលដែលលោកបានជាប់ចំណាត់ថ្នាក់ទី ៤។ នៅឆ្នាំ ២០២២ Song Joong Ki បានទាក់ទាញការចាប់អារម្មណ៍តាមរយៈខ្សែភាពយន្ត The Youngest Tycoon ដែលល្បីល្បាញពាសពេញអាស៊ី។ លើសពីនេះ ការដែលតារាប្រុសរូបនេះ ប្រកាសរៀបការជាមួយមិត្តស្រីជនជាតិអង់គ្លេស និងជិតក្លាយជាឪពុក ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ។

ពិធីករ Yoo Jae Suk បានជាប់ចំណាត់ថ្នាក់ទី ៥ ដោយលោកគឺជាសិល្បករដែលត្រូវបានមហាជនស្រលាញ់ចូលចិត្តជាងគេនៅក្នុងប្រទេសកូរ៉េ ដោយសារទេពកោសល្យ និងអត្តចរិតរបស់លោក។

ក្នុងឆ្នាំ ២០២២ តារាសម្តែង Son Seok Koo មានភាពល្បីល្បាញតាមរយៈការសម្ដែងក្នុងរឿង My Liberation Notes ។ ថ្វីត្បិតតែទទួលបានប្រជាប្រិយភាពយឺតបន្តិចក៏ដោយ ប៉ុន្តែ Son Seok Koo ត្រូវបានទស្សនិកជនស្រលាញ់ពេញចិត្ត ដោយសារតែសមត្ថភាពសម្ដែងដ៏គួរឲ្យចាប់អារម្មណ៍ ភាពរឹងមាំ និងរូបរាងសង្ហារបស់លោក។ លោកបានជាប់ចំណាត់ថ្នាក់ទី ៧ ក្នុងចំណោមតារាមានឥទ្ធិពលក្នុងប្រទេសកូរ៉េឆ្នាំ ២០២៣ ដែលចាត់ថ្នាក់ដោយ Forbes ។

នៅក្នុងចំណាត់ថ្នាក់ទី ១១គឺតារាស្រី Park Eun Bin ជាតារាកើតក្នុងឆ្នាំ ១៩៩២ ដែលទើបតែបានវ៉ាមុខសិស្សច្បង Song Hye Kyo ទទួលបានពានរង្វាន់ Daesang នៅឯពានរង្វាន់ Baeksang កាលពីពេលថ្មីៗ។ Park Eun Bin ក៏ជាតារាសម្ដែងក្មេងបំផុតដែលទទួលបានពានរង្វាន់នេះដែរ។ នាងត្រូវបានចាប់អារម្មណ៍តាមរយៈការសម្ដែងជាមេធាវីមានអាការអូទីស្សឹមក្នុងរឿង Extraordinary Attorney Woo ។

តារាដែលកំពុងរះខ្លាំងម្នាក់ទៀតគឺ Lee Jun Ho ដែលបានឡើងដល់លេខ ១២ ក្នុងចំណោមសិល្បករដ៏មានឥទ្ធិពលកូរ៉េទាំង ៤០។ Lee Jun Ho ធ្លាប់ជាសមាជិកក្រុម 2PM តែក្រោយមកក៏បានងាកមកសម្តែង។ នៅឆ្នាំ ២០២២ តារាកើតនៅឆ្នាំ ១៩៩០រូបនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ជាមួយនឹងភាពយន្តប្រវត្តិសាស្ត្រ Red Sleeve ។

Kim Ji Eun ជាប់ចំណាត់ថ្នាក់ទី ១៣ ហើយក៏ជាតារាដែលតស៊ូក្នុងអាជីពមួយរូបដែរ។ ឆ្នាំ ២០២១ គឺជាជំហានដ៏អស្ចារ្យមួយនៅក្នុងអាជីពរបស់ Kim Ji Eun នៅពេលដែលនាងបានសម្ដែងក្នុងរឿង The Veil ។ ការសម្តែងដ៏គួរឱ្យចាប់អារម្មណ៍បានជួយឱ្យ Ji Eun ទទួលបានពានតួឯកស្រីថ្មីល្អបំផុតនៅឯ MBC Drama Awards ឆ្នាំ ២០២១។ បន្ទាប់ពីនោះមក នាងក៏បានបន្តធ្វើជាតួឯកក្នុងរឿង Again My Life ដោយដើរតួជាគូស្នេហ៍ជាមួយ Lee Jun Ki ។

តារាចម្រៀងស្រី IU ជាប់ចំណាត់ថ្នាក់ទី ១៧ ។ IU ជាសិល្បករដ៏កម្រមួយរូបក្នុងប្រទេសកូរ៉េ ទាំងជានិមិត្តរូបតន្ត្រី ជាទីពេញចិត្តរបស់មហាជន និងជាតារាសម្តែងមានទេពកោសល្យដែលមានភាពយន្តជោគជ័យជាច្រើន។ ក្នុងឆ្នាំ ២០២២ នាងបានចូលរួមនៅក្នុងរឿង Broker ដែល អាចរកបានប្រាក់ចំណូលខ្ពស់ ហើយមានភាពលេចធ្លោនៅមហោស្រពភាពយន្ត Cannes ។

តារាស្រី YoonA បានជាប់ចំណាត់ថ្នាក់ទី ១៩ ក្នុងបញ្ជីនេះ ដោយសារភាពជោគជ័យនៃគម្រោងភាពយន្ត Confidential Assignment 2: International និងរឿងភាគទូរទស្សន៍ Big Mouth ។

Song Hye Kyo ជាមួយនឹងការត្រលប់មកវិញដ៏គួរឱ្យចាប់អារម្មណ៍ក្នុង រឿងភាគ The Glory បានធ្វើឱ្យនាងជាប់ចំណាត់ថ្នាក់ទី ២៥ ។ តារាស្រីវ័យ ៤២ ឆ្នាំរូបនេះទើបតែបានឈ្នះពានរង្វាន់តារាសម្តែងឆ្នើមក្នុងរឿងភាគទូរទស្សន៍ នៅកម្មវិធីពានរង្វាន់ Baeksang ឆ្នាំ ២០២៣ ។

តារាល្បីៗមួយចំនួនទៀតដែលមានមុខក្នុងបញ្ជីតារាមានឥទ្ធិពលកំពូលទាំង ៤០ របស់ទស្សនាវដ្ដី Forbes Korea រួមមានតារាសម្ដែង Lee Se Young (លេខ ២៦) ក្រុម NewJeans (លេខ ២៧) តារាសម្ដែង Ahn Hyo Seop (លេខ ៣៣) តារសម្ដែង Kim Hye Soo ( ៣៧), ក្រុមចម្រៀងស្រី IVE (លេខ ៣៨) និងតួឯកប្រុសក្នុងរឿង “Extraordinary Attorney Woo” Kang Tae Oh ឈរនៅលេខ ៤០ ៕























Account
Security
Favourite Content