ថ្មីៗនេះតួឯកប្រុសស្រីក្នុងរឿង តម្រុយមរណៈ គឺលោក លោក Owen Cheung និងកញ្ញា Tiffany Lau បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមសម្ដែងក្នុងកម្មវិធីរាត្រីសមោសរអបអរខួប ៣១ ឆ្នាំរបស់ណាហ្គាវើលដ៍។ ទោះបីជាការស្នាក់នៅមានរយៈពេលត្រឹមតែ ១ យប់ក៏ដោយ ប៉ុន្តែវត្តមានរបស់ពួកគេបានបង្កជាភាពរំជើបរំជួលយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រនៅក្នុងស្រុក។

សន្ទុះនៃការគាំទ្រនេះ បានកើតឡើងបន្ទាប់ពីរឿងភាគទូរទស្សន៍ TVB ដ៏ល្បីចំណងជើងថា «តម្រុយមរណៈ» (Deadly Tip) បានចាក់ផ្សាយនៅកម្ពុជា និងបង្កើតបានជាភាពរស់រវើកនៃសាច់រឿង រហូតធ្វើឱ្យមនោសញ្ចេតនារវាងតួអង្គទាំងពីរចាក់ឫសយ៉ាងជ្រៅក្នុងចិត្តទស្សនិកជន។ បន្ទាប់ពីទទួលបានដំណឹងនៃការធ្វើដំណើរមកដល់ទីក្រុងភ្នំពេញ ក្រុមអ្នកគាំទ្រកម្ពុជាជាច្រើនបានទៅរង់ចាំទទួលស្វាគមន៍តារាទាំងពីររូបនេះយ៉ាងច្រើនកុះករនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។


ឆ្លើយតបទៅនឹងក្តីស្រឡាញ់ និងភាពរីករាយរបស់អ្នកគាំទ្រ ទាំង Owen និង Tiffany បានបង្ហាញស្នាមញញឹមយ៉ាងស្រស់ស្រាយដោយពួកគេបានបំពេញរាល់សំណើថតរូប និងចុះហត្ថលេខាជូនអ្នកគាំទ្រយ៉ាងស្និទ្ធស្នាលបំផុត រហូតទទួលបានការប្រៀបប្រដូចទៅនឹងភាពសប្បុរសរបស់ «Wong Tai Sin» ទៀតផង។
ទង្វើដ៏គួរឱ្យស្រឡាញ់នេះ ក៏បានធ្វើឱ្យក្លឹបអ្នកគាំទ្រផ្លូវការរបស់លោក Owen Cheung នៅហុងកុង សម្តែងក្តីរំភើប និងរីករាយយ៉ាងខ្លាំង ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រកម្ពុជា។ អ្វីដែលធ្វើឱ្យ Tiffany Lau ភ្ញាក់ផ្អើល និងរំជួលចិត្តបំផុតនោះគឺក្រុមអ្នកគាំទ្រកម្ពុជាបានដឹងពីថ្ងៃកំណើតរបស់នាង (ថ្ងៃទី ២៤ ខែឧសភា) និងបានរៀបចំនំខេកដ៏ស្រស់ស្អាតមួយដើម្បីអបអរសាទរខួបកំណើតរបស់នាងជាពិសេសនៅក្នុងសណ្ឋាគារ។



តារាសម្ដែងស្រីរូបនេះបាននិយាយទាំងក្តីរំភើបថា «ខ្ញុំពិតជាមិននឹកស្មានថានឹងអាចទទួលបានអារម្មណ៍ និងក្តីស្រឡាញ់ដ៏កក់ក្តៅបែបនេះនៅទឹកដីបរទេសឡើយ» ព្រមទាំងបានសរសើរអ្នកគាំទ្រកម្ពុជាថាពិតជាមានភាពរាក់ទាក់ និងគួរសមខ្លាំងណាស់។ ចំណែកឯតួឯកប្រុស លោក Owen Cheung ក៏បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅនេះផងដែរ។ លោកបានបញ្ជាក់ថា«ខ្ញុំចាំបានថានៅពេលដែលរឿង “Deadly Tip” ត្រូវបានចាក់ផ្សាយនៅកម្ពុជា ពួកគេបានគាំទ្រខ្ញុំ និង Tiffany Lau យ៉ាងខ្លាំងរួចទៅហើយ។ ដូច្នេះលើកនេះយើងមានឱកាសបានមកទីនេះជាមួយគ្នា យើងទន្ទឹងរង់ចាំឱកាសសម្តែងឱ្យបានល្អបំផុត ដើម្បីជាការតបស្នង និងថ្លែងអំណរគុណចំពោះការគាំទ្ររបស់ពួកគេ»។

ថ្វីបើដំណើរទស្សនកិច្ចនេះមានរយៈពេលខ្លី ប៉ុន្តែពោរពេញដោយអត្ថន័យ និងបានបន្សល់ទុកនូវការចងចាំដ៏ផ្អែមល្ហែមរវាងតារាហុងកុងទាំងពីរដួង និងអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាការបង្ហាញពីឥទ្ធិពលដ៏ខ្លាំងក្លានៃខ្សែភាពយន្តភាគ TVB នៅក្នុងទីផ្សារកម្ពុជាផងដែរ៕

































Account
Security
Favourite Content