ខណៈពេលនេះបើនិយាយពីឈ្មោះកំពូលតារាចម្រៀងស្រីប្រចាំជំនាន់ អ្នកដំបូងគេដែលមនុស្សជាច្រើននឹកដល់គឺប្រាកដជាឈ្មោះ Taylor Swift ព្រោះអ្វីក៏ដោយដែលនាងធ្វើគឺសុទ្ធតែអាចក្លាយជា Trending ឬភាពពេញនិយម ទាំងស្នាដៃចម្រៀងដែលចេញមក ពានរង្វាន់ផ្សេងៗ ឬសូម្បីតែការស្វែងរកសំបុត្រចូលមើលប្រគំតន្ត្រីរបស់នាងគឺមិនងាយស្រួលនោះទេ។
ចំពោះការប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ Taylor Swift ឆ្នាំនេះអាចនិយាយបានថាទទួលបានជោគជ័យខ្លាំង ដោយមានសេចក្ដីរាយការណ៍ពី Bloomberg ថាបន្ទាប់ពីបញ្ចប់ការប្រគំតន្ត្រី The Eras Tour ទ្រព្យសម្បត្តិរបស់នាងនឹងកើនឡើងដល់ ១,១ ពាន់លានដុល្លារ។ ជាមួយទ្រព្យសម្បត្តិសុទ្ធទាំងអស់នេះ Taylor Swift បានក្លាយជាមហាសេដ្ឋីពាន់លានថ្មី ហើយក៏បានក្លាយជាតារាមួយរូបក្នុងចំណោមតារាហូលីវូដតិចតួចប៉ុណ្ណោះដែលមានទ្រព្យសម្បត្តិច្រើនដល់កម្រិតនេះ។
បន្ថែមពីលើតំណែងមហាសេដ្ឋីថ្មីនេះ អ្វីដែលគួរឲ្យសរសើរនោះ គឺកាលពីមុននាងបានថ្លែងអំណរគុណដល់ក្រុមការងារដែលបានចូលរួមក្នុងការប្រគំតន្ត្រីជាមួយនាង ដោយបានផ្តល់ប្រាក់រង្វាន់ជាង ៥៥លានដុល្លារដល់ក្រុមការងារ និងអ្នកបើកឡានដឹកជញ្ជូនសម្ភារផងដែរ។
មិនតែប៉ុណ្ណោះ ចាប់តាំងពីការចេញផ្សាយខ្សែភាពយន្តឯកសារអំពីការប្រគំតន្ត្រីរបស់នាង “Taylor Swift The Eras Tour” និងអាល់ប៊ុមថ្មី 1989 (Taylor’s Version) អាចនិយាយបានថាតារាវ័យ ៣៣ឆ្នាំរូបនេះបានបង្ហាញភាពជោគជ័យរបស់នាងម្តងទៀតក្នុងនាមជាកំពូលតារាស្រីប្រចាំជំនាន់ ដោយសារតែនៅពេលនេះ ចំណូលភាពយន្តរបស់នាងសរុបទូទាំងពិភពលោកបានឡើងដល់ ២០៣ លានដុល្លារអាមេរិក ខណៈអាល់ប៊ុមដែលទើបនឹងចេញថ្មីៗនេះក៏បានបំបែកកំណត់ត្រាជាសិល្បករដែលមានអ្នកស្តាប់ច្រើនជាងគេចាប់តាំងពីថ្ងៃដំបូងនៃការចេញផ្សាយ ពោលគឺចំនួន ២៦០ លានដងនៅថ្ងៃទី ២៧ ខែតុលា ហើយមកទល់នឹងពេលនេះ ចំនួនស្ដាប់សរុបនៃអាល់ប៊ុមនេះបានឈានដល់មួយពាន់លានដងហើយ ៕


























Account
Security
Favourite Content