ថ្មីៗនេះកំពូលតារាសម្ដែងស្រីកូរ៉េ Suzy បានចូលរួមក្នុងកិច្ចសម្ភាសជាមួយ Wikitree មុនការចាក់ផ្សាយជាផ្លូវការនូវខ្សែភាពយន្ដថ្មីមានចំណងជើងថា Wonderland។ នៅក្នុងខ្សែភាពយន្ដមួយនេះនាងបានសម្ដែងជាតួអង្គ Jung In ដែលនាំ Tae Joo ជាមិត្តប្រុសរបស់នាងសម្ដែងដោយតារាសម្ដែង Park Bo Gum មកវិញដោយប្រើសេវាកម្ម Wonderland។

រំឭកទៅកាលពីឆ្នាំ ២០១០ Suzy បានបង្ហាញខ្លួនជាលើកដំបូងជាតារាខេប៉ុបនៅក្នុងក្រុម Miss A ក្រោមទ្រនំ JYP Entertainment។ នៅឆ្នាំបន្ទាប់នាងក៏បានចូលសម្ដែងជាលើកទីមួយនៅក្នុងរឿង Dream High Season 1។ លុះដល់ឆ្នាំ ២០១៧ ក្រុមទាំងមូលត្រូវបានរំសាយទើបនាងក្លាយជាតារាចម្រៀងទោល ប៉ុន្តែក្រោយមកក៏ផ្ដោតទៅលើការសម្ដែងរឿងវិញ។

ចាប់តាំងពីការបង្ហាញលើកដំបូងមកដល់ពេលបច្ចុប្បន្ននេះគឺមានរយៈពេល ១៥ ឆ្នាំទៅហើយដែលនាងបានចូលខ្លួនប្រឡូកក្នុងវិស័យសិល្បៈ។ Suzy បាននិយាយថាបើក្រឡេកទៅមើលកាលពីនាងនៅក្មេងជាងនេះកំលុងពេលជាតារាខេប៉ុប វាពិតជាគួរឱ្យស្រឡាញ់ខ្លាំងណាស់។ បន្ទាប់ពីមើលវីដេអូចាស់ៗរបស់ខ្លួន នាងក៏លាន់មាត់ថាហេតុអ្វីកាលនោះនាងនៅទីនោះ។
ក្រោយមកទៀត តួឯកស្រីរឿង Wonderland រូបនេះបានសារភាពថានាងពេញចិត្តនឹងជីវិតជាតារាសម្ដែងនាពេលបច្ចុប្បន្នជាងបើប្រៀបធៀបនឹងសម័យកាលនាងនៅជាតារាខេប៉ុប។ នាងបាននិយាយថាកាលនោះនាងមិនមានពេលក្នុងការលំហែទេ វាមានតែការប្រកួតប្រជែងប៉ុណ្ណោះ។ ដូច្នេះហើយនាងមិនមានឱកាសក្នុងការគិតគូរពីទស្សនៈថ្មីៗផ្សេងទៀតនោះឡើយ ហើយនាងក៏មានអារម្មណ៍ថាពិបាកណាស់ដែរ។ ការចងចាំរបស់នាងនៅកាលនោះគឺមានតែភាពតស៊ូប៉ុណ្ណោះ។ Suzy បានបន្ថែមថាឥឡូវនេះនាងមានពេលវេលាសម្រាកដើម្បីរីករាយជាមួយជីវិតរបស់ខ្លួនច្រើនជាងមុន ដូច្នេះហើយទើបនាងពេញចិត្តនឹងជីវិតជាតារាសម្ដែង។

គួរបញ្ជាក់ផងដែរថារឿង Wonderland គឺជាស្នាដៃថ្មីរបស់អ្នកដឹកនាំរឿង Kim Tae Yong ដោយខ្សែភាពយន្ដមួយនេះបានពណ៌នាពីការជួបជុំជាមួយមនុស្សជាទីស្រឡាញ់ដែលបានស្លាប់ទៅហើយតាមរយៈបច្ចេកវិទ្យា AI ដោយហៅវីដេអូខលប្រើប្រាស់សេវាកម្មរបស់ Wonderland៕


























Account
Security
Favourite Content