តារាចម្រៀងរូបស្រស់ សួស វីសា ទើបត្រឡប់មកកាន់ក្បាលម៉ៃក្រូស្រែកច្រៀងវិញដូចពីមុន បន្ទាប់ពីជំងឺរលាកបំពង់កកម្រិតធ្ងន់របស់នាងបានធូរស្បើយ។ ក្រោយពីអាចឡើងរាំច្រៀងលើឆាកតន្រ្តីវិញបានបណ្តើរៗ តារាចម្រៀងរូបនេះ ក៏មិនភ្លេចមើលថែទាំសម្រស់របស់នាងនោះឡើយ ដោយថ្មីៗនេះ វីសា បានបង្ហោះរូបភាព២ សន្លឹករៀបរាប់ពីទម្ងន់ពីមុន និងឥឡូវ ដែលស្រកមិនទាន់សមបំណងសោះ រហូតនាងគិតចង់លេងផ្លូវកាត់ រកកន្លែងកែសម្ភស្សបូមខ្លាញ់ចេញពីរាងកាយ ដើម្បីទទួលបានលទ្ធផលឆាប់រហ័ស។
សួស វីសា បង្ហោះឡើងថា «ពី75kg ចុះសល់ត្រឹម58kg គីឡូដើមគឺ50kgមើលទៅបែបលែងស្រកទៀតហើយ គិតរកលេងផ្លូវកាត់សិនរកសន្សំលុយបូមខ្លាញ់ចេញអោយអស់ម៉ងទៅបែបស្អាតលឿនជាងនេះប្រឹងសម្រកពិតជាហត់ណាស់ ពិសេសដើមដៃនិងសំបុកពោះ វាមិនស្រកទៅណាសោះដូចកីឡាកាស»។
យោងតាមការបង្ហោះខាងលើ ម្ចាស់បទ «លះបង់» ប្រហែលចង់ជ្រើសរើសកន្លែងបូមខ្លាញ់ចេញឆាប់ៗ ដើម្បីទទួលបានរាងតូចពីមុនមកវិញ ព្រោះកន្លងមកនាងធ្លាប់ឆ្លងកាត់មុខកាំបិតច្រើនដងដែរហើយ ដូច្នេះលើកនេះគ្រាន់តែបូមខ្លាញ់ចេញពីរាងកាយមួយមុខទៀត អាចមិនមែនជាបញ្ហានោះទេ។ ជាក់ស្តែង ថ្មីៗនេះនាងទើបទទួលសេវាកម្មបូមបឿក ខ្លាញ់មុខ នៅមជ្ឈមណ្ឌលវះកាត់កែសម្ផស្សមួយកន្លែង ដើម្បីទទួលបានសម្រស់ស្រស់ស្អាតក្មេងជាងវ័យ។
គួររំលឹកផងដែរថា ការវះកាត់កែសម្ភស្សបំពេញបន្ថែមត្រង់ចំណុចខ្វះខាតពីកំណើត បានក្លាយជារឿងធម្មតាទៅហើយសម្រាប់សង្គមបច្ចុប្បន្ន ហើយវារឹតតែជារឿងសាមញ្ញសម្រាប់សិល្បករ-សិល្បការិនីមិនថាខ្មែរឬតារាបរទេសឡើយ។
ទោះមិនទាន់ដោះបង់រុំរបួសស្រួលបួលផងតែ សួស វីសា ឆ្លៀតរត់ទៅថតសំឡេងសម្រាប់បទចម្រៀងថ្មីបាត់ទៅហើយ ដោយហ្វេនៗជឿជាក់ថា នាងនឹងមានអ្វីថ្មីប្លែកក្នុងបទចម្រៀងថ្មីនោះជាក់ជាមិនខាន ព្រោះនាងខំរត់ទៅរកកន្លែងវះកាត់កែសម្ភស្សប៉ុណ្ណឹងហើយ៕





















































Account
Security
Favourite Content