គិតមកទល់ពេលនេះរយៈពេលជិត ១០ ឆ្នាំហើយដែលសោភារូបស្រស់និយមការសាក់រូបលើដងខ្លួន សួង ស៊ីធឿន បានប្រឡូកសិល្បៈខ្មែរ ក្រោយនាងបញ្ចប់ការប្រកួត Freshie Girl ជំនាន់ទី ១៥ ឆ្នាំ២០១៦។ ច្រើនឆ្នាំមកនេះ ស៊ីធឿន សាងស្នាដៃសិល្បៈជាច្រើន ពិសេសគឺការថតភាពយន្តតែម្តង ដោយនាងបានសម្តែងរឿងដុំ-ភាគច្រើនរាប់មិនអស់។ ពិសេសជាងគេគឺរឿងខ្មោចតែម្តង ដែលក្តោបបានតំណែងតួឯកស្ទើរគ្រប់រឿង។

ដោយសារធ្លាប់មានប្រវត្តិប្រកួតកម្មវិធី Freshie Girl កាលពីពេលកន្លងមក ជារឿយៗតារាស្រីរូបនេះតែងត្រូវគេជំរុញឱ្យចូលប្រកួតប្រជែងកម្មវិធីបវរកញ្ញា ក្រោយគេមើលឃើញថាវិស័យនេះមានភាពរីកចម្រើនខ្លាំងប៉ុន្មានឆ្នាំចុងក្រោយនេះ។
ប្រាប់ចំពោះមុខអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកក្នុងថ្ងៃសម្ភោធរឿង «ខ្សែចងក» ស៊ីធឿនថា នាងគ្មានបំណងដាក់ពាក្យប្រកួតបវរកញ្ញាឡើយ ដោយសារនាងគិតថា អាយុនាងពេលនេះរៀងជ្រេសម្រាប់វិស័យបវរកញ្ញាហើយ ដូច្នេះ នាងចង់ទុកឱកាសឱ្យប្អូនៗជំនាន់ក្រោយដែលមានសមត្ថភាព ព្រោះសូម្បីនាងក៏មើលឃើញថាប្អូនៗជំនាន់ក្រោយមានសមត្ថភាពខ្លាំងមែន។


តារាស្រីឆ្វាក់តំណែងតួខ្មោច តែងត្រូវគេសរសើរពីសម្រស់ រូបរាងដងខ្លួន ទោះបីពេលនេះអាយុជាច្រើនបន្តិចក៏ពិតមែន។ ទាក់ទងរឿងថែរក្សាសម្រស់នេះដែរ ស៊ីធឿន បានបង្ហើបថា ដោយសារនាងជាមនុស្សមិនសូវចូលចិត្តញ៉ាំច្រើន មួយវិញទៀតគឺនាងជ្រើសរើសប្រើប្រាស់ផលិតផលដែលស័ក្តិសមខ្លួនឯង ទើបទទួលបានប្រសិទ្ធភាពបែបនេះ។
បន្ទាប់ពីរឿង «ខ្សែចងក» ឆ្នាំនេះ ស៊ីធឿន នៅមានស្នាដៃរឿងខ្មោចជាច្រើនត្រៀមបញ្ចេញបន្តបន្ទាប់ ព្រោះនាងបានសំងំថតរឿងខ្មោចរយៈពេលច្រើនខែមកហើយ។ នាងជឿជាក់ថា ហ្វេនៗនឹងនៅតែគាំទ្រស្នាដៃសម្តែងរបស់នាង ទាំងរឿងមនោសញ្ចេតនា និងរឿងខ្មោច៕























Account
Security
Favourite Content