ប៉ូគឹមថេង សុតធីតា Miss Grand Cambodia 2021 ថ្មីៗនេះបានបង្ហើបឱ្យដឹងថា នាងនឹងត្រឡប់មកអង្រួនឆាកប្រកួតប្រជែងសម្រស់ម្តងទៀតនាពេលឆាប់ៗ ដោយពេលនេះនាងបានសម្លឹងឃើញកម្មវិធីដែលពេញចិត្តហើយ តែសុំមិនទាន់ទម្លាយឱ្យដឹងឡើយ រង់ចាំដល់ពេលដាក់ពាក្យប្រកួតទើបនាងបើកបង្ហាញតែម្តង។



ធីតា លើកឡើងថា នាងមិនដែលគិតបោះបង់ការប្រកួតប្រជែងសម្រស់ឡើយ ព្រោះអាយុមិនទាន់ផុតកំណត់ ដូច្នេះនាងនៅតែចិញ្ចឹមចិត្ត និងមានមហិច្ឆតាចង់តំណាងឱ្យកម្ពុជាលើឆាកអន្តរជាតិម្តងទៀត តែមិនទាន់ដឹងឆ្នាំឡើយ ព្រោះនាងត្រូវការពេលវេលាបង្វឹកខ្លួនឯងឱ្យកាន់តែខ្លាំង។ បវរកញ្ញារាងខ្ពស់ស្រឡះនេះសង្កត់ធ្ងន់ថា ដោយសារលើកមុននាងបានជាប់ចំណាត់ថា្នក់ Top 10 ចុងក្រោយហើយ ប្រសិនបើត្រឡប់មកប្រកួតលើកនេះ គឺនាងត្រូវតែច្បាស់ថាខ្លួនឯង មានសមត្ថភាពខ្លាំងជាងមុន មានអ្វីថ្មីប្លែកមកជាងលើកមុន ហើយចំណេះដឹងក៏ត្រូវតែខ្លាំងជាងមុនដែលទើបនាងត្រឡប់មកវិញ។


យ៉ាងណាមិញ ប៉ូគឹមថេង សុតធីតា សន្យាថា នាងនឹងវិលត្រឡប់មកអង្រួនឆាកប្រកួតប្រជែងសម្រស់ម្តងទៀតនៅពេលនាងត្រៀមខ្លួនរួចរាល់ ហើយក៏សង្ឃឹមថា ពុកម៉ែបងប្អូននឹងនៅតែបន្តគាំទ្រនាងនៅពេលនាងសម្រេចចិត្តចូលប្រកួតម្តងទៀត។
ក្រឡេកមកការងារសិល្បៈវិញ សុតធីតា មានការងារច្រើនហូរហែ ទាំងការថតប្រូម៉ូតផលិតផល ការងារពិធីការិនី និងការងារជាច្រើនទៀត ថែមទាំងទទួលថតរឿងភាគប្រវត្តិសាស្ត្រខ្មែរដំបូងបង្អស់ ចំណងជើងថា «អប្សរាមហាអង្គរ» ដែលជាស្នាដៃតែងនិពន្ធ និងដឹកនាំរឿងរបស់លោក ហ្វៃ សំអាង ផងដែរ។ បច្ចុប្បន្ន ស្នាដៃរឿងខ្នាតធំថ្មីដែលនាងចូលរួមសម្តែង ថ្នាក់ »១២ង» ក៏កំពុងចាក់បញ្ចាំងតាមរោងភាពយន្តទូទាំងប្រទេស ដោយនាងត្រូវគេសរសើរថា សម្តែងបានល្អក្នុងរឿងរន្ធត់ព្រឺព្រួចនេះ៕
























































Account
Security
Favourite Content