អ្នកស្នេហាវិស័យប្រកួតប្រជែងសម្រស់នៅកម្ពុជាប្រាកដជានៅចាំបវរកញ្ញារូបស្រស់ ប៉ុន សុរ៉ាវត្តី ដែលនាងជាអតីតម្ចាស់ជយលាភី Miss Planet Cambodia 2020 តែដោយសារការប្រកួតនៅអន្តរជាតិត្រូវពន្យាពេលជាច្រើនឆ្នាំ ធ្វើឱ្យនាងសម្រេចចិត្តបោះបង់ការប្រកួត Miss Planet International នៅ Uganda ក្រោមហេតុផលធំៗ ២ យ៉ាង គឺ មានការផ្ទុះមេរោគអេបូឡា ដោយមានការបារម្ភពីបងប្អូន និងបណ្ដាអ្នកគាំទ្រ បញ្ហាទី២ នោះគឺ នាង ពុំមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការរ៉ាប់រងក្នុងការចំណាយទាំងអស់ក្នុងការប្រកួតនេះទេ។
មិនយូរប៉ុន្មានក្រោយនាងប្រកាសបោះបង់ការប្រកួត កម្មវិធីប្រកួត Miss Planet International ក៏ត្រូវលើកមករៀបចំនៅកម្ពុជាវិញ ប៉ុន្តែ សុរ៉ាវត្តី មិនមែនជាអ្នកតំណាងចូលប្រកួតនោះទេ តែជា កញ្ញា ពក ស្រីល័ក្ខ។
ថ្វីបើ ប៉ុន សុរ៉ាវត្តី ខកខានបញ្ចេញសមត្ថភាពលើឆាក Miss Planet International ក៏ពិតមែន តែនាងបានប្រាប់ឱ្យដឹងថា នាងមិនបោះបង់ក្តីស្រមៃដែលចង់តំណាងកម្ពុជាលើឆាកអន្តរជាតិនោះទេ ផ្ទុយទៅវិញ នាងនៅតែចិញ្ចឹមចិត្តចង់ចូលប្រកួតកម្មវីធីសម្រស់ម្តងទៀត នៅពេលនាងត្រៀមខ្លួនរួចរាល់។ បវរកញ្ញាថ្ពាល់ខួចសងខាង ឱ្យដឹងថា នាងបានសំឡឹងមើលកម្មវិធីសម្រស់ខ្លះៗដែរហើយ តែមិនទាន់សម្រេចចិត្តជ្រើសរើសចូលប្រកួតកម្មវិធីណានៅឡើយទេ ដោយចង់ទុកពេលពង្រឹងសមត្ថភាពខ្លួនឯងឱ្យខ្លាំងបន្តិចសិន។
វត្តី ថានាងត្រូវការបទពិសោធន៍ច្រើន ដើម្បីឱ្យខ្លួនឯងមានភាពច្បាស់លាស់លើវិស័យនេះ និងមិនស្រពិចស្រពិលនៅពេលចេញទៅប្រកួតនៅអន្តរជាតិ។ សព្វថ្ងៃ នាងកំពុងពង្រឹងបន្ថែមលើផ្នែកភាសា ដោយនាងកំពុងរៀនបន្ថែម ៣ ភាសាទៀត គឺ អង់គ្លេស ថៃ និងបារាំង។ ទៀតសោត នាងក៏ត្រូវពង្រឹងលើផ្នែកអប់រំ ដូចជា ចំណេះដឹងទូទៅ និងចំណេះដឹងផ្ទាល់ខ្លួនជាដើម ព្រោះការប្រកួតគឺមិនមែនសម្រាប់នាងម្នាក់ឯងទេ តែសម្រាប់អ្នកគ្រប់គ្នា ដូច្នេះនាងត្រូវតែមានអ្វីដើម្បីបង្ហាញទៅអ្នកទាំងអស់គ្នា ធ្វើយ៉ាងណាឱ្យគ្រប់គ្នាមានទំនុកចិត្តមកលើខ្លួននាង។
ខណៈកំពុងប្រឹងពង្រឹងសមត្ថភាព ដើម្បីចូលរួមប្រកួតប្រជែងកម្មវិធីសម្រស់ ប៉ុន សុរ៉ាវត្តី ក៏មមាញឹកខ្លាំងជាមួយការងារសិល្បៈដូចគ្នាដែរ ដោយនាងទទួលថតភាពយន្តថ្មីៗជាហូរហែ ដែលភាគច្រើនជាប្រភេទរឿងភាគសម្រាប់ចាក់ទូរទស្សន៍ ហើយក៏នៅមានការងារសិល្បៈជាច្រើនទៀតដូចជា ការថតសម្អាង ថតប្រូម៉ូតផ្សព្វផ្សាយផលិតផល និងថតស៉្បតពាណិជ្ជកម្ម ជាដើម៕























Account
Security
Favourite Content