នៅថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២៤ តារាស្រី BIBI បានចូលរួមក្នុងកម្មវិធី MBC Radio Star និងបាននិយាយរំឭកដល់មិត្ដរួមការងារដ៏ល្អគឺតារាប្រុស Song JoongKi។

មុននិយាយរំឭកដល់តារាប្រុស Song JoongKi តារាស្រីរូបនេះក៏បាននិយាយរៀបរាប់ពីអាជីពសិល្បៈរបស់ខ្លួន។ នាងបានលើកឡើងថា បន្ទាប់ពីប្រឡូកក្នុងអាជីពសិល្បៈអស់ជាង ៤ ឆ្នាំរូបនាងបានប្រឹងប្រែងយ៉ាងខ្លាំងទាំងការច្រៀង និងការសម្ដែង។ ភាពជោគជ័យរបស់នាង អាចធ្វើឲ្យនាងមានឱកាសបានចូលរួមកម្មវីធីមហោស្រពភាពយន្ដដ៏ធំគឺ Cannes Film Festival។ ការចូលរួមកម្មវិធីនេះគឺនាងទៅជាមួយមិត្ដរួមការងារដូចជាតារាប្រុស Song Joongki និង Hong XaBin។

ក្នុងឱកាសនោះ តារាស្រី BIBI បាននិយាយរំឭកដល់តារាប្រុស Song Joongki និងអត្ដចរិតល្អរបស់លោក។ នាងបានលើកឡើងថា៖ Song Joongki គឺជាមិត្ដរួមការងារល្អម្នាក់ ជាមនុស្សងាយស្រួលចុះសម្រុង និងចិត្ដទូលាយ។ Song Joongki បានទិញទូរស័ព្ទទំនើបជូននាង និង Hong XaBin និងជាទូរស័ព្ទម៉ូឌែលចុងក្រោយបង្អស់ទៀតផង។


នាងបានបន្ដថា៖ កំឡុងពេលថតរឿង “Hopeless” ជុំគ្នា នាងបានឆែកអ៊ីនធើណេត និងបានឃើញពីម៉ូឌែលទូរស័ព្ទជិតចេញថ្មី។ នាងពិតជារីករាយ និងចាប់អារម្មណ៍ទូរស័ព្ទនោះខ្លាំង ព្រមទាំងនិយាយលេងថា វាជាម៉ូឌែលថ្មីជិតចេញលក់ហើយ។ ស្រាប់តែពេលនោះ Song Joongki បានឮ និងប្រាប់នាង៖ កុម៉្មង់ទិញវាទៅ។


នាងបន្ថែមថា៖ មិនបានប៉ុន្មាន Song Joongki បានផ្ញើប្រាក់មកកាន់នាង ដើម្បីឲ្យនាងទិញទូរស័ព្ទថ្មីនោះ។ Hong XaBin ក៏ទទួលកាដូទូរស័ព្ទនោះដូចគ្នា។
គួរបញ្ជាក់ថា Song Joongki ជាតារាប្រុសម្នាក់ដែលតែងត្រូវមិត្ដរួមការងារសរសើរពីអត្ដចរិតល្អ និងចេះជួយយកអាសាអ្នកដទៃ។ អ្នកដែលធ្លាប់រួមការងារជាមួយលោកតែងនិយាយល្អពីលោកជារឿយៗ៕























Account
Security
Favourite Content