ក្រោយចាប់ដៃជាមួយស្វាមីរៀបការបង្កើតគ្រួសារអស់រយៈជាង ២ ឆ្នាំ តារាសម្ដែងកូរ៉េ Son YeJin បានទម្លាយពីជីវិតគ្រួសាររបស់នាង និងបង្ហាញអារម្មណ៍រីករាយផងដែរ។



Son YeJin និងស្វាមី គឺតារាប្រុស HyunBin បានប្រកាសពីទំនាក់ទំនងស្នេហាក្នុងឆ្នាំ ២០២១ ក្រោយសហការគ្នាក្នុងរឿងភាគល្បី “Crash Landing On You”។ អ្នកទាំងពីរក៏បានរៀបការនៅខែ មីនា ឆ្នាំ ២០២២ ដោយពិធីមានការចូលរួមតែពីក្រុមគ្រួសារ និងមិត្ដជិតស្និទ្ធប៉ុណ្ណោះ។
ក្នុងឱកាសបង្ហាញខ្លួនក្នុងកម្មវិធីផ្សព្វផ្សាយប្រេនមួយនៅឯ តៃវ៉ាន់ ក្រៅពីរៀបរាប់អំពីការងារសិល្បៈ រូបនាងក៏បានរំឮកដល់ជីវិតគ្រួសាររបស់នាងជាមួយស្វាមី និងកូនតូច។ ក្រោយក្លាយជាអ្នកម្ដាយរបស់គេ តារាស្រី Son YeJin បានលើកឡើងថា៖ បច្ចុប្បន្ន នាងស្ទើរតែគ្មានពេលវេលាសម្រាប់ខ្លួនឯង។ ចាប់តាំងពីនាងរៀបការបង្កើតគ្រួសារ នាងតែងចំណាយពេលផ្ដោតលើគ្រួសាររបស់នាង។ ក្រៅពីមើលថែទាំងគ្រួសារ ពេលវេលាមួយផ្នែកទៀតរបស់នាងគឺការថែរក្សាសុខភាព និងសម្រស់។ ជាក់ស្ដែង នាងអាចទំនេរដៃបន្ដិច និងមើលរឿង ឬភាពយន្ដណាមួយ នៅពេលដែលកូនតូចរបស់នាងគេងលក់ប៉ុណ្ណោះ។



ជាមួយគ្នាដែរ បន្ទាប់ពីរៀបការបានជាង ១ ឆ្នាំ តារាស្រី Son YeJin បានវិលត្រឡប់ចូលសិល្បៈវិញ នៅពាក់កណ្ដាលឆ្នាំ ២០២៣ ដោយនាងចាប់ផ្ដើមបង្ហាញខ្លួនតាមរយៈការថតផ្សាយពាណិជ្ជកម្មប្រេនផ្សេងៗ។ បច្ចុប្បន្ន នាងមិនទាន់បង្ហាញខ្លួនក្នុងរឿងភាគថ្មីណាមួយនោះទេ។
ក្រៅពីរស់នៅរីករាយជួបជុំគ្រួសា គូស្វាមីភរិយា HyunBin និង Son YeJin ក៏តែងធ្វើអំពើល្អចូលរួមបរិច្ចាគជួយដល់សង្គមជាច្រើន។ ថ្មីៗ អ្នកទាំងពីរ បានរួមគ្នាបរិច្ចាគប្រាក់ប្រមាណ ១៥០ លានវ៉ុន ឬប្រហាក់ប្រហែល ១១៣ ៥៥០ ដុល្លារអាមេរិក ដល់មូលនិធិ Jusarang Community Foundationដើម្បីជួយមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Asan ក្នុងទីក្រុងសេអ៊ូល សម្រាប់ការពិសោធន៍ និងសង្គ្រោះនានា៕



























































Account
Security
Favourite Content