យោងតាមសារព័ត៌មានកម្សាន្ដកូរ៉េបានរាយការណ៍ថា Tiffany សមាជិកក្រុម Girl’s Generation, Sunmi អតីតសមាជិកក្រុម Wonder Girls និង Sandara Park អតីតសមាជិកក្រុម 2NE1 គ្រោងនឹងចូលរួមក្នុងការកម្មវិធីទទួលពានរង្វាន់ Seoul Music Awards លើកទី ៣៣ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ នៅពហុកីឡាដ្ឋានជាតិ Rajamangala ក្នុងទីក្រុងបាងកក ប្រទេសថៃ។

កាលវិលត្រលប់មកវិញលើកនេះអ្នកទាំង ៣ រូបគ្រោងនឹងនាំយកនូវបទចម្រៀងល្បីៗ និងអនុស្សាវរីយ៍ដែលជាការចងចាំល្អៗកាលពីមុនមកបង្ហាញសាជាថ្មីចំពោះមុខទស្សនិកជនម្ដងទៀត។ នៅក្នុងព្រឹត្តិការណ៍ Seoul Music Awards លើកទី ៣៣ ក៏មានការចូលរួមពីតារាល្បីៗជាច្រើនដូចជា Lee Seung Gi, Lee Jun Ki, Park Shin Hye និងតារាផ្សេងៗជាច្រើនរូបទៀត។



គួរបញ្ជាក់ផងដែរថាចាប់ពីចុងទស្សវត្សរ៍ឆ្នាំ ២០០០ ដល់ឆ្នាំ ២០១០ អ្នកទាំងបីសុទ្ធតែជាកំពូលតារាដែលមានឈ្មោះបោះសំឡេងខ្លាំងមិនធម្មតាក្នុងចំណោមក្រុមតារាខេប៉ុបជំនាន់ទី ២ ដោយ Tiffany បានបង្ហាញខ្លួនដំបូងជាសមាជិកក្រុម Girl’s Generation ក្នុងឆ្នាំ ២០០៧ រួមជាមួយបទល្បីៗជាច្រើនដូចជា “Genie” “Oh” និង “Gee” ជាដើម។ ជាពិសេសនៅក្នុងព្រឹត្តិការណ៍ទទួលពានរង្វាន់មួយនេះ នាងក៏ត្រូវបានគេរាយការណ៍ថានឹងធ្វើជាពិធីការនីផងដែរ។

ស្របពេលនោះ Sunmi ក៏ចាប់ផ្ដើមមានប្រជាប្រិយភាពមិនធម្មតាក្រោយបង្ហាញខ្លួនជាសមាជិកក្រុមចម្រៀងនារី Wonder Girls ក្នុងឆ្នាំ ២០០៧ ព្រមទាំងបន្ដភាពល្បីល្បាញកាន់តែខ្លាំងឡើងៗ។ ជាមួយគ្នានេះ Sandara Park ក៏មានកេរ្ដិ៍ឈ្មោះមិនស្ទើរឡើយ បន្ទាប់ពីបង្ហាញខ្លួនក្នុងឆ្នាំ ២០០៩ ក្នុងនាមជាសមាជិកក្រុមតារាចម្រៀង 2NE1។

លើសពីនេះ កំពូលតារាខេប៉ុបទាំង ៣ ដួងនេះផងដែរត្រូវបានពិភពលោកទទួលស្គាល់សមត្ថភាពជាតារាជនជាតិអាស៊ី ក៏ដូចជារៀមច្បងដែលបានរួមចំណែកត្រួសត្រាយផ្លូវសម្រាប់ប្អូនៗជំនាន់ក្រោយផងដែរ។ ដូច្នេះពេលនេះអ្នកគាំទ្រទាំងក្នុងស្រុក និងអន្តរជាតិកំពុងរង់ចាំមើលការសម្ដែងដ៏អស្ចារ្យរបស់អ្នកទាំងបីយ៉ាងអន្ទះសា ៕


























Account
Security
Favourite Content