Shu Qi ជាតារាសម្ដែងស្រីតៃវ៉ាន់ជើងចាស់ដ៏ល្បីម្នាក់ ប៉ុន្ដែក្រោយមកនាងស្រាប់តែបាត់មុខចេញពីរឿងភាគ និងភាពយន្ដកុននានាជាហេតុធ្វើឱ្យមហាជនជាច្រើននឹករលឹកចំពោះការសម្ដែងរបស់នាងយ៉ាងខ្លាំង។ បើតាមការបញ្ជាក់របស់នាងកាលពីមួយរយៈមុនបានឱ្យដឹងថា មូលហេតុដែលធ្វើឱ្យនាងមិនសូវលេចមុខក្នុងរឿងដោយសារតែមានជំងឺប្រចាំកាយ។ នាងមានជំងឺប្រតិកម្មកម្រិតធ្ងន់ដែលធ្វើឱ្យនាងងាយឡើងកន្ទួលក្រហមលើរាងកាយ ជាពិសេសថែមទាំងហើមមុខទៀតផង វាពិតជាលំបាកសម្រាប់នាងនៅពេលថតរឿងម្ដងៗ។
ថ្មីៗ នេះ តារាស្រី Shu Qi ក៏បានចូលរួមកម្មវិធីមួយរបស់ប្រទេសចិនគឺ Michael Kors។ វត្ដមានរបស់តារាស្រីវ័យ ៤៧ ឆ្នាំរូបនេះធ្វើឱ្យមហាជនសរសើរគ្រប់ៗ គ្នាតែម្ដង ដោយសារនាងមើលទៅនៅតែក្មេងជាងវ័យ និងស្រស់ស្អាតខ្លាំង។ ក្នុងឱកាសចូលរួមកម្មវិធីនោះដែរ នាងបានស្លៀកនូវរ៉ូបពណ៌សវែង បង្ហាញឱ្យឃើញចង្កេះដ៏តូចច្រឡឹងរបស់ខ្លួន មើលទៅដូចនារីទើបមានវ័យ ២០ ក្រាស់អ៊ីចឹង។
Shu Qi ក៏បានបង្ហើបពីរូបមន្ដធ្វើឱ្យនាងមើលទៅមានវ័យក្មេងផងដែរ ដោយនាងលើកឡើងថា៖ ចាប់ពីម៉ោង ៦ ល្ងាចទៅនាងឈប់ទទួលទានអាហារដើម្បីរក្សាគីឡូឱ្យនៅឋេរ និងមានសុខភាពល្អ។ អ្វីដែលសំខាន់កុំទទួលទានអាហារណាដែលមានជាតិកាឡូរីខ្ពស់ដូចជាអាហារបំពង ដំឡូងកញ្ចប់ជាដើម។
នាងបន្ថែមថា៖ ឧស្សាហ៍ផឹកទឹកឱ្យបានច្រើន និងបិតម៉ាសថែរក្សាសម្រស់រៀងរាល់យប់។ មួយវិញទៀត នាងតែងហាត់ប្រាណជាប្រចាំផងដែរទើបនាងមានរាងស្អាត និងសុខភាពល្អ។
គួរបញ្ចាក់ថា តារាស្រី Shu Qi បានចូលប្រឡូកក្នុងវិស័យសិល្បៈចាប់តាំងពីឆ្នាំ ១៩៩៥ នាងបានបង្ហាញខ្លួនក្នុងរឿងល្បីៗ ជាច្រើនដូចជា Fist Of Legend, Journey To The West 1, Seoul Raiders ជាដើម។ នាងត្រូវបានគេចាត់ទុកថាជាតារាស្រីតៃវ៉ាន់ដ៏មានឥទ្ធិពលម្នាក់។ បច្ចុប្បន្ននាងមានទ្រព្យសម្បត្ដិច្រើនជាង ២០ លានដុល្លារអាមេរិក៕
























Account
Security
Favourite Content