Wonwoo សមាជិកក្រុមចម្រៀងខេប៉ុប SEVENTEEN បានប្រកាសកាលបរិច្ឆេទចូលបំពេញកាតព្វកិច្ចយោធាហើយ។ យោងតាមសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងាររបស់លោកគឺ Pledis Entertainment នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥នេះ បង្ហាញថា តារាប្រុសវ័យ ២៨ឆ្នាំរូបនេះ នឹងត្រូវចាប់ផ្ដើមចូលបម្រើទ័ពនៅថ្ងៃទី៣ ខែមេសា ដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនសម្រាប់ប្រទេសជាតិ។


សេចក្ដីថ្លែងការណ៍បានសរសេរថា៖ “ជម្រាបសួរ… នេះគឺជា Pledis Entertainment ។ យើងសូមជម្រាបថា Wonwoo សមាជិកក្រុម SEVENTEEN នឹងចូលបម្រើទ័ពនៅថ្ងៃទី ៣ ខែមេសា។ ដូច្នេះហើយ លោកនឹងមិនអាចចូលរួមក្នុងសកម្មភាពសិល្បៈណាមួយនាពេលខាងមុខនោះទេ រួមទាំងព្រឹត្តិការណ៍មហោស្រពតន្ត្រី Tecate Pa’l Norte ខែមេសា ឆ្នាំ ២០២៥ ក៏ដូចជាការជួបជុំអ្នកគាំទ្រនៅប្រទេសជប៉ុន។
ដូចដែលយើងបានប្រកាសពីមុនមកហើយថា Wonwoo នឹងចូលរួមកម្មវិធីជួបជុំអ្នកគាំទ្រ CARATLAND ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែមីនា ហើយលោកនឹងអាចជួបជាមួយ CARATs (អ្នកគាំទ្រ SEVENTEEN) តាមរយៈមាតិកាផ្សេងៗដែលបានថតទុក។
ទន្ទឹមនឹងនោះ យើងសូមជម្រាបថានឹងមិនមានការរៀបចំព្រឹត្តិការណ៍ផ្លូវការអ្វីឡើយនៅថ្ងៃចុះចូលបម្រើទ័ពរបស់លោក ហើយសូមសំណូមពរអ្នកទាំងអស់គ្នាកុំទៅកន្លែងធ្វើការរបស់លោក។ សូមបង្ហាញក្តីស្រលាញ់របស់អ្នកចំពោះ Wonwoo តាមរយៈ Weverse បានហើយ។
យើងសុំឱ្យ CARATs បន្តស្រលាញ់ និងគាំទ្រ Wonwoo ដើម្បីរូបគេអាចបំពេញភារកិច្ចរបស់ខ្លួនដោយឧស្សាហ៍ព្យាយាម និងមានសុខភាពល្អ។ ក្រុមហ៊ុនក៏នឹងបន្តខិតខំគាំទ្រលោកដូចគ្នាដែរ។ សូមអរគុណ”។
គួរបញ្ជាក់ថា Wonwoo នឹងក្លាយជាសមាជិកទីពីរដែលបានចូលបម្រើយោធាបន្ទាប់ពី Jeonghan បានចាប់ផ្ដើមមុនគេនៅដើមខែកញ្ញា ឆ្នាំ ២០២៤។
ការចូលបំពេញកាតព្វកិច្ចយោធារបស់កូរ៉េខាងត្បូងជាធម្មតាមានរយៈពេល ២១ ខែសម្រាប់កងទ័ព ខណៈរយៈពេលពិតប្រាកដអាចប្រែប្រួលបន្តិចបន្តួចអាស្រ័យលើផ្នែកនីមួយៗ។ ឧទាហរណ៍ ការចូលបម្រើកងទ័ពជើងគោកអាចមានរយៈពេល ២១ ខែ កងទ័ពជើងទឹកមានរយៈពេល ២៣ ខែ និងកងទ័ពអាកាសមានរយៈពេល ២៤ ខែ ៕



























Account
Security
Favourite Content