និយតករសារគមនាគមន៍កូរ៉េខាងត្បូងបានចេញលិខិតព្រមានចំពោះកម្មវិធីតន្ត្រីប្រចាំសប្តាហ៍ Inkigayo របស់ប៉ុស្តិ៍ SBS កាលពីថ្ងៃចន្ទសម្រាប់ការផ្សាយពាណិជ្ជកម្ម iPhone របស់ក្រុមហ៊ុន Apple ដោយប្រយោលក្នុងកំលុងពេលការសម្តែងរបស់ក្រុម NewJeans កាលពីឆ្នាំមុន។

គណៈកម្មការស្តង់ដារទំនាក់ទំនងកូរ៉េ (Kocsc) បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានផ្តល់ការព្រមានជាផ្លូវការដល់កម្មវិធី “Inkigayo” សម្រាប់ការបំពានច្បាប់នៃការផ្សាយ ឬច្បាប់ផ្សេងទៀតស្តីពីការផ្សាយពាណិជ្ជកម្ម បន្ទាប់ពីកម្មវិធីនេះបានចាក់ផ្សាយឈុតមួយនៃការសម្ដែង របស់ NewJeans ដែលសមាជិកពីរនាក់នៃក្រុម គឺ Hanni និង Minji បានកាន់ទូរស័ព្ទ iPhone14 Pro ដើម្បីថតខ្លួនឯង និងសមាជិកផ្សេងទៀតនៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣។
គួរបញ្ជាក់ថាក្រុម NewJeans គឺជាម៉ូដែលផ្សាយពាណិជ្ជកម្មសម្រាប់ទូរស័ព្ទ iPhone 14 Pro របស់ Apple ហើយវីដេអូចម្រៀងសម្រាប់បទ “ETA” គឺត្រូវបានថតដោយប្រើប្រាស់ទូស័ព្ទស្មាតហ្វូនម៉ូដែលមួយនេះតែម្ដង។
ច្បាប់ស្តីពីការផ្សាយនៅកូរ៉េខាងត្បូងដែលត្រូវបានគេស្គាល់ថាមានភាពតឹងរ៉ឹងជាងនៅសហរដ្ឋអាមេរិក និងជប៉ុន បានហាមប្រាមស្ថានីយទូរទស្សន៍មិនឱ្យចូលរួមដាក់បង្ហាញផលិតផលឬ product placement ក្នុងមាតិកាដែលមានការទស្សនាទូលំទូលាយនោះឡើយ។
ការព្រមានពី Kocsc អាចនាំឱ្យមានការពិន័យនៅពេលដែលស្ថាប័នផ្សាយត្រូវបន្តអាជ្ញាប័ណ្ណរបស់ពួកគេរៀងរាល់បីឆ្នាំម្តងជាមួយរដ្ឋាភិបាល។
ពាក់ព័ន្ធបញ្ហានេះ ទូរទស្សន៍ SBS ដែលជាស្ថាប័នផ្សាយដ៏ធំបំផុតមួយក្នុងចំណោមស្ថាប័នផ្សាយទាំងបីនៅក្នុងប្រទេសកូរ៉េទន្ទឹមគ្នានឹង KBS និង MBC បាននិយាយថា៖ “យើងគ្រាន់តែយកចិត្តទុកដាក់លើការបិទបាំងម៉ាកទូរស័ព្ទប៉ុណ្ណោះ ព្រោះវាជារឿងធម្មតាសម្រាប់កម្មវិធីតន្ត្រី ក្នុងការប្រើ Concept នៃវីដេអូចម្រៀងសម្រាប់ការសម្តែងផ្ទាល់។ យើងសូមអភ័យទោសចំពោះការយល់ច្រលំ ហើយនឹងឆ្លៀតឱកាសពិនិត្យមើលដំណើរការការងារផ្ទៃក្នុងរបស់យើង”។
ទន្ទឹមនោះ SBS ក៏បានបញ្ជាក់ថាខ្លួនបានដកផលិតករដែលទទួលបន្ទុកលើការសម្ដែងរបស់ NewJeans ពេលនោះចេញពីកម្មវិធី “Inkigayo” ហើយបន្ទាប់ពីមានបញ្ហាចម្រូងចម្រាសនេះកើតឡើង ៕























































Account
Security
Favourite Content