ពិតណាស់ ដំណឹងតារាស្រីតៃវ៉ាន់ Ruby Lin (ចៀវៃ) និងស្វាមីលោក Wallace Huo រស់នៅមិនចុះសម្រុងគ្នា និងឈានដល់ការលែងលះតែងតែត្រូវផ្សព្វផ្សាយជារឿយៗ ក្នុងបណ្ដាញសង្គម។ លើសពីនេះ គេថែមទាំងលើកឡើងថា ស្វាមីរបស់នាងលួចមានស្រីថ្មីចោលភរិយា និងកូនតូចទៀតផង។ អ្វីដែលធ្វើឱ្យមហាជនកាន់តែសង្ស័យថាវាជារឿងពិត គឺដោយសារអ្នកទាំងពីរបែរជានៅសម្ងំស្ងៀម និងស្ទើរតែមិនចេញនិយាយអ្វីទាំងអស់រាល់ពេលមានរឿង។

បើយោងតាមប្រភពព័ត៌មានចិន 163 បានឱ្យដឹងថា អ្នកទាំងពីរត្រូវបានគេប្រទះឃើញដើរបណ្ដើរគ្នាទៅចូលរួមកម្មវិធីជប់លៀងជួបជុំមិត្តភក្ដិលក្ខណៈឯកជន។ ដោយអ្នកទាំងពីរថែមទាំងរាំច្រៀងសប្បាយជុំគ្នាជមួយមិត្តភក្ដិផងដែរ។ រូបភាពទាំងអស់នេះ ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គម និងធ្វើឱ្យមហាជនជឿថា ទំនងជាអ្នកទាំងពីរព្យាយាមប្រាប់គ្រប់គ្នាពីទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរមិនបានប្រេះឆាដូចពាក្យចចាមអារ៉ាមឡើយ។


មែនទែនទៅ ចៀវៃ ធ្លាប់បានលើកឡើងកាលពីឆ្នាំ ២០២២ ថា ស្វាមីរបស់នាងជាមនុស្សដែលតែងតែគាំទ្រនៅក្បែរនាងគ្រប់ពេលវេលា ហើយលោកក៏ជាបុរសម្នាក់ដែលនាងតែងតែនិយាយរឿងក្នុងចិត្ត។


គួរបញ្ជាក់ថា ចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរតែងជាប្រធានបទក្ដៅគគុករបស់មហាជន ដោយសារតែចាប់តាំងពីរៀបការក្នុងឆ្នាំ ២០១៦ មក អ្នកទាំងពីរមិនដែលនៅបានស្ងប់សុខឡើយ ខណៈពាក្យចចាមអារ៉ាមជាច្រើនលេចជាបន្ដបន្ទាប់ចាប់តាំងពីរឿងលោក Wallace Huo ត្រូវគេចោទប្រកាន់ថាលួចមានអ្នកថ្មី រឿងមានផ្ទៃពោះមុនរៀបការ និងរឿង ចៀវៃ យកកូនគម្រាមស្វាមីដើម្បីរៀបការ។ ស្របពេលជាមួយគ្នាដែរ អ្នកគាំទ្ររបស់លោក Wallace Huo ផ្ទាល់ក៏ហាក់មិនសប្បាយចិត្ត ព្រោះចាប់តាំងពីរៀបការមក លោកហាក់លែងខ្វាយខ្វល់ជាមួយជីវិតអ្នកសិល្បៈ មិនសូវចេញសម្ដែង និងចំណាយពេលនៅតែជាមួយគ្រួសារប៉ុណ្ណោះ៕



























































Account
Security
Favourite Content